បញ្ហា​ប្រឈម​​ដែល​កំពុង​​ទាក់ទាញ​​ការចាប់អារម្មណ៍​​លើ​ឆាក​អន្ដរជាតិ​

31-07-2018 5:15 pm 843
រូបភាព​​តំណាងឲ្យ​​បញ្ហា​ប្រឈម​​កំពុង​​កើតឡើង​​ក្នុងពិភពលោក

​ការបន្ដ​អភិវឌ្ឍន៍​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បានប្រែក្លាយ​ស្ថានភាព​ចលាចល​ក្នុង​ពិភពលោក ទៅជា​ស្ថានភាព​សុខដុមរមនា សម្រាប់​ប្រជាជន​គ្រប់​ប្រទេស​អាច​រស់នៅ​ប្រកបដោយ​ភាពសុខសាន្ដ​។ ប្រទេស​មហាអំណាច​និង​ស្ថាប័ន​អន្ដរជាតិ កំពុងតែ​ដុតដៃដុតជើង​ស្វែងរក​សន្ដិភាព​ជូន​ពិភពលោក ចៀសវាង​កុំឲ្យ​កើត​សង្គ្រាមទៀត​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​នៅតែមាន​វត្ដ​មាន​មិនអាច​លុបបំបាត់បាន រហូតដល់​ពេលនេះ​ក៏​កំពុង​បង្ក​ភាពស្មុគស្មាញ​ខ្លាំង​ដែរ​។ បញ្ហា​ប្រឈម​ទាំងនោះ​មាន​អ្វីខ្លះ​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​(០១​កញ្ញា​១៩៣៩-០២​កញ្ញា​១៩៤៥) ពិភពលោក​ពុំមាន​វិបត្ដិ​ធ្ងន់ធ្ងរ និង​បង្ក​ការភ័យខ្លាច​ខ្លាំងក្លា​នោះទេ​។ ដ្បិតថា​ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ មាន​សង្គ្រាមត្រជាក់​កើត​ឡើង​រវាង​ប្លុក​ខាងកើត​(​សហភាពសូវៀត​និង​រដ្ឋ​ជា​សម្ព័ន្ធមិត្ដ​) និង​ប្លុក​ខាងលិច​(​អាមេរិក ប្រទេស​សម្ព័ន្ធមិត្ដ​ណាតូ​)​កើតឡើង ប៉ុន្ដែ​ស្ថានភាព​មិន​គ្រោះថ្នាក់​ដូច​កាល​ផ្ទុះ​សង្គ្រាមលោក​ឡើយ​។ នៅពេល​សង្គ្រាមត្រជាក់​បាន​បញ្ចប់​(១៩៤៧-១៩៩១) សន្ដិសុខ​សណ្ដាប់ធ្នាប់​ពិភពលោក​ក៏បាន​ល្អប្រសើរ​ជា​បន្ដបន្ទាប់​។​

​យ៉ាងណាមិញ​រហូតដល់​បច្ចុប្បន្ន ទោះបីជា​ពិភពលោក​បាន​អភិវឌ្ឍ​ច្រើន​ខុសពី​សម័យ​សង្គ្រាម ក៏​បញ្ហា​ប្រឈម​ធំៗ​នៅតែ​បន្ដ​កើតឡើង​ដដែល​។ ជាក់ស្ដែង​យើង​អាច​មើលឃើញ​បាន​ពី​វិបត្ដិ​ក្នុង​តំបន់​និង​វិបត្ដិ​សកលលោក​ដែល​កំពុង​កើតឡើង ដូចជា​ការ​បង្ហូរឈាម​នៅ​មជ្ឈិម​បូព៌ា ការធ្លាក់ចុះ​របស់​សហ​ភាព​អឺរ៉ុប ការកើនឡើង​នៅ​តំបន់​អាស៊ី ពិសេស​តំបន់​អាស៊ាន​ជាដើម​។ ក្រៅពីនេះ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ទើប​ផ្ទុះឡើង​ខ្លាំង បង្ក​ជា​ការព្រួយបារម្ភ​ជុំវិញ​ពិភពលោក​។​

​និយាយ​ពី​ការ​បង្ហូរឈាម​នៅ​មជ្ឈិម​បូព៌ា ស្ដែងចេញ​តាមរយៈ​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​ស៊ី​រី នៅ​យេមែន នៅ​អ៊ីរ៉ាក់ ដែល​បណ្ដាលឲ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិ​តរា​ប់​លាន​នាក់​។ នៅ​ស៊ី​រី​មាន​ការប្រឆាំង​គ្នា​ជាមួយ​រដ្ឋាភិបាល​អស់​រយៈពេ​លជាង​៧​ឆ្នាំ​មកហើយ ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​មេដឹកនាំ​។ រហូត​មកដល់ពេលនេះ​មិនទាន់​រក​ដំណោះស្រាយ​ឃើញ​ឡើយ ដ្បិត​មហាអំណាច​រុស្ស៊ី​និង​អាមេរិក​បាន​ចូលខ្លួន​មក​អន្ដរាគមន៍​ក៏ដោយ​។ 

​នៅ​អ៊ីរ៉ាក់​ឯណោះ​វិញ​មាន​ការប្រយុទ្ធ​រវាង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ជាមួយ​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ហើយ​ដ្បិត​ពេលនេះ​ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រូវបាន​បណ្ដេញចេញ ប៉ុន្ដែ​បណ្ដាញ​របស់​ពួកគេ​មួយចំនួន​នៅតែ​បង្កបញ្ហា​ដដែល​។ និយាយ​ពី​យេមែន​វិញ​ម្ដង ក៏​ផ្ទុះ​សង្គ្រាម​ជាថ្មី​ក្នុង​ឆ្នាំ​២០១៥​រហូតដល់​បច្ចុប្បន្ន មិនទាន់​រក​សន្ដិភាព​ពេញលេញ​ឃើញ​ទេ​។ ក្រុម​ឧទ្ទាម​ហូ​ធី​បាន​បើក​ការវាយប្រហារ​ទម្លាក់​រដ្ឋាភិបាល​យេមែន ក្រោម​ការ​ជ្រោមជ្រែង​ពី​បណ្ដា​សម្ព័ន្ធមិត្ដ​ជាច្រើន បង្ក​ជា​ភាពវឹកវរ​និង​សម្លាប់​មនុស្ស​រាប់ពាន់នាក់​។​

​ដោយឡែក​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន ក៏​កំពុង​បង្កក្ដី​ព្រួយបារម្ភ​ដល់​អន្ដរជាតិ ដោយសារតែ​ទើប​ផ្ទុះ​ហិង្សា​ជាថ្មី​នៅ​តំបន់​ព្រំដែន បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់​។ ការប្រកាស​ដណ្ដើម​ទឹកដី​កាន់កាប់​នៅ​ទីនោះ បាន​ក្លាយជា​វិបត្ដិ​រាំ​រ៉ៃ​ដោះស្រាយ​មិន​ចេញ​។ ការវាយប្រហារ​ដាក់គ្នា​បាន​កើតឡើង​ជា​បន្ដបន្ទាប់​។ ប៉ុន្មាន​ថ្ងៃមុន​ក្រោយ​ការប៉ះទង្គិច​នៅ​ព្រំដែន អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​បាន​យល់ព្រម​លើ​បទ​ឈប់​បាញ់​មួយ ប៉ុន្ដែ​មិនទាន់​ធានា​អះអាងថា បទ​ឈប់​បាញ់​អាច​បន្ដ​ដល់​ពេលណា​ឡើយ​។​

​ចាប់អារម្មណ៍​ពី​តំបន់​អឺរ៉ុប​ក៏មាន​វិបត្ដិ​កើតឡើង​ដូចគ្នា ដូចជា​បញ្ហា​អសន្ដិសុខ វិបត្ដិ​ជនភៀសខ្លួន ការ​រង្គោះរង្គើ​សម្ព័ន្ធភាព​ប្រទេស​សមាជិក​អឺរ៉ុប​ជាដើម​។ បញ្ហា​អសន្ដិសុខ​បាន​កើតមាន​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់​។ ការវាយប្រហារ​ធ្លាប់​កើតឡើង​នៅ​បារាំង នៅ​អង់គ្លេស នៅ​បែលហ្ស៊ិក នៅ​អាល្លឺម៉ង់ នៅ​កាណាដា​-​ល​- សុទ្ធតែ​បង្ក​គំរាមកំហែង​ខ្លាំង​។ អាជ្ញាធរ​ក៏​ប្រកាស​រឹតបន្ដឹង​សន្ដិសុខ ការពារ​ក្រែង​មាន​ស្ថានភាព​អសន្ដិសុខ​ផ្ទុះឡើង​បន្ដទៀត​។ 

​វិបត្ដិ​ជនភៀសខ្លួន ក៏​កំពុង​ធ្វើឲ្យ​អឺរ៉ុប​ច្របូកច្របល់ ព្រោះ​ចំនួន​ជនភៀសខ្លួន​ច្រើន ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​នៅ​ក្នុងប្រទេស ប៉ះពាល់​ដល់​សេដ្ឋកិច្ច រួម​នឹង​បង្កបញ្ហា​អសន្ដិសុខ​។ ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប​ពុំទាន់​ឯកភាព​លើ​គោលនយោបាយ​រួម​ស្ដីពី​បញ្ហា​ជនភៀសខ្លួន​នេះ​ទេ​។ គួរ​ជម្រាប​ផងដែ​រថា ជនភៀសខ្លួន​ដែល​ជម្លៀស​ទៅ​អឺរ៉ុប មាន​ភាគច្រើន​មកពី​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក ហើយ​មូលហេតុ​នៃ​ការ​ភៀសខ្លួន​ដោយសារតែ​ភាពក្រីក្រ​និង​សង្គ្រាម​។​

​ភាព​រង្គោះរង្គើ​សម្ព័ន្ធភាព​ប្រទេស​សមាជិក​អឺរ៉ុប កើតឡើង​ដោយសារ​អង់គ្លេស​ប្រកាស​ដកខ្លួន​ចេញពី​អឺរ៉ុប​។ ការសម្រេចចិត្ដ​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ប្រ​ជា​មតិ​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៦​។ ប្រជាជន​អង់គ្លេស​ផ្ដល់​សំឡេងគាំទ្រ​ឲ្យ​ចាកចេញ​ពី​អឺរ៉ុប ច្រើនជាងឲ្យ​បន្ដ​ស្ថិតនៅជា​សមាជិក​អឺរ៉ុ​ប​។ ការចាកចេញ​ផ្លូវការ​គឺ​នៅ​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩​។ ចន្លោះពេល​ដែល​មិនទាន់​ចាកចេញ​ជា​ផ្លូវការ អង់គ្លេស​និង​អឺរ៉ុប​បាន​ពិភាក្សា​ការងារ​ជាមួយគ្នា ដើម្បី​ការពារ​បញ្ហា​ប្រឈម​នៅ​ថ្ងៃមុខ​។ 

​អង់គ្លេស​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការរស់នៅ​ដោយ​ខ្លួនឯង គឺ​ត្រូវ​ពង្រឹង​ទាំង​ផ្នែក​សន្ដិសុខ នយោបាយ សេដ្ឋកិច្ច ព្រោះ​មិនមែន​ស្ថិតក្នុង​ចង្កោម​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង​២៨​ទៀតឡើយ​។ ក៏​មិនទាន់​ដឹងថា​នឹងមាន​ប្រទេស​ណា​ទៀត​អាច​ដើរ​តាម​គន្លង​របស់​អង់គ្លេស​ដែរ​ឬ​យ៉ាងណា​នោះទេ​។ ដូច្នេះ​ទាំង​បញ្ហា​អសន្ដិសុខ វិបត្ដិ​ជនភៀសខ្លួន និង​ភាព​រង្គោះរង្គើ​សម្ព័ន្ធភាព​សមាជិក​អឺរ៉ុប សុទ្ធ​ជា​វិបត្ដិ​ដែល​អឺរ៉ុប​កំពុង​ជួបប្រទះ ហើយ​ទាញ​ឲ្យ​អឺរ៉ុប​ធ្លាក់ចុះ​ប្រជាប្រិយភាព​ក្នុង​ឆាក​អន្ដរជាតិ​។​

​ការឡើង​កម្ដៅ​នៅ​តំបន់​អាស៊ី ពិសេស​តំបន់​អាស៊ាន ក៏​កំពុង​ក្លាយជា​ប្រធានបទ​ចាប់អារម្មណ៍​មួយទៀត​សម្រាប់​អន្ដរជាតិ​។ ក្នុងនោះ​យើង​ឃើញ​មាន​ការប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រទេស​ធំៗ​នៅ​អាស៊ី មាន​ចិន​-​ឥណ្ឌា ចិន​-​ជប៉ុន ឥណ្ឌា​-​ប៉ា​គី​ស្ថាន អំពើហិង្សា​និង​ការវាយប្រហារ​នៅ​អា​ហ្វា​ហ្គានី​ស្ថាន ប៉ា​គី​ស្ថាន សុទ្ធតែ​បង្ក​ផលប៉ះពាល់​ដល់​សន្ដិសុខ​សណ្ដាប់ធ្នាប់ គោលនយោបាយ​ការបរទេស និង​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​ទាំងមូល​។ រីឯ​នៅក្នុង​តំបន់​អាស៊ាន​ក៏មាន​ពាក់ព័ន្ធ​ចិន​ដែរ គឺ​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នៅ​សមុទ្រ​ចិន​ខាងត្បូង​ចិន​បាន​ប្រឈមមុខ​នឹង​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ ដោយ​ត្រូវ​បួន​ប្រទេស​នេះ​ចោទថា​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់គេ​។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ធ្លាប់​ធ្វើឲ្យ​កក្រើក​ដល់​អន្ដរជាតិ ហើយ​ពេលនេះ​មិនទាន់​ដោះស្រាយបាន​នៅឡើយ​។​

​ចំពោះ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ក៏​កំពុង​ជួប​វិបត្ដិ​ផងដែរ ដោយ​មើលឃើញថា​មាន​ប្រទេស​ថៃ កំពុង​ត្រូវបាន​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ជំរុញ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ឲ្យបាន​ឆាប់ ក្រោយ​យោធា​ចូល​ក្ដោប​ក្ដាប់​អំណាច​តាំងពី​ឆ្នាំ​២០១៤ និង​ការពន្យារពេល​បោះឆ្នោត​ម្ដង​ជា​ពីរដង​។ រីឯ​ប្រទេស​ម៉ាឡេស៊ី​នាយករដ្ឋមន្ដ្រី​ថ្មី​កំពុង​ប្រឹងប្រែង​ស្ដារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ពង្រឹង​ការដឹកនាំ​តាម​នីតិរដ្ឋ និង​គិតគូរ​ពី​បំណុល​ដែល​ជំពាក់​អន្ដរជាតិ​កើនឡើង​ច្រើន ក្នុងអំឡុង​លោក​ណា​ជីប រ៉ា​ហ្សាក់​កាន់តំណែង​។ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ឯណោះ​វិញ វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​កំពុង​ជាប់គាំង​ដោះស្រាយ​មិន​រួច ក្រោយ​យុទ្ធនាការ​បង្ក្រាប​ក្រុម​សកម្មប្រយុទ្ធ​របស់​យោធា​កាលពី​ឆ្នាំ​២០១៧ ធ្វើឲ្យ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែស​ជិត​៧៥​ម៉ឺន​នាក់​។ មី​យ៉ាន់​ម៉ា​ប្រកាស​ទទួលយក​ពួកគេ​វិញ តែ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​មិនទាន់​សម្រេចចិត្ដ ដោយ​ខ្លាច​មាន​ការរំលោភបំពាន​កើតឡើង​បន្ដទៀត​។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក៏​រង​សម្ពាធ​ពី​អន្ដរជាតិ​មិនតិច​ដែរ ជុំវិញ​ករណីនេះ​។​

​នៅ​ហ្វីលីពីន ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ ត្រូវ​សហគមន៍​អន្ដរជាតិ​និង​ក្រុម​អង្គការសិទ្ធិមនុស្ស​ថ្កោលទោស​ជា​ទម្ងន់ ទាក់ទង​នឹង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដែល​ស្គាល់​ថា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​។ នៅក្នុង​ការបង្ក្រាប​គ្រឿង​ញៀន​របស់លោក​ឌុយ​ទែ​តេ មាន​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់បាត់​ជីវិត​។ ការសម្លាប់​មនុស្ស​យ៉ាង​រង្គាល​ដូច្នេះ ត្រូវ​អន្ដរជាតិ​ចាត់ទុកជា​ការប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្សជាតិ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ដែលមាន​លោក​ឌុយ​ទែ​តេជា​ប្រមុខ ត្រូវ​ឈប់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ជាបន្ទាន់​។ ប៉ុន្ដែ​អ្វីដែល​លោក​ឌុយ​ទែ​តេ​ឆ្លើយតប​ទៅវិញ​គឺ​ខ្លី​បំផុត លោក​និយាយថា បញ្ហា​គ្រឿងញៀន​កើតឡើង​នៅ​ហ្វីលីពីន ទុកឲ្យ​ហ្វីលីពីន​ជា​អ្នកដោះស្រាយ​ខ្លួនឯង អ្នកដទៃ​មិនបាច់​លូកដៃ​ទេ​។ ហ្វីលីពីន​អនុវត្ដ​តាមច្បាប់​របស់ខ្លួន មិនបាន​រំលោភបំពាន​លើ​អ្នកណា​ឡើយ​។​

​នៅក្នុង​ប្រទេស​កម្ពុជា ក៏​កំពុង​ត្រូវបាន​បណ្ដា​ប្រទេស​និង​ស្ថាប័ន​អន្ដរជាតិ​មួយចំនួន ដាក់​សម្ពាធ​ជុំវិញ​ការបោះឆ្នោត​និង​លទ្ធផល​បោះឆ្នោត​បឋម ដោយ​ចោទប្រកាន់ថា​ដំណើរការ​មិន​ប្រក្រតី គ្មាន​តម្លាភាព គ្មាន​ភាពត្រឹមត្រូវ​។ ប្រទេស​មួយចំនួន​ចាត់ទុក​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ នីតិកាល​ទី​៦​កាលពី​ថ្ងៃទី​២៩​កក្កដា ធ្វើឡើង​ដោយ​មិន​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ មានការ​រឹតត្បិត​សិទ្ធិសេរីភាព ហើយ​អ្វីដែល​សំខាន់​គ្មាន​វត្ដ​មាន​គណបក្សប្រឆាំង​ធំ​ចូលរួម​ដូច​ការបោះឆ្នោត​អាណត្ដិ​មុន​ក្នុង​ឆ្នាំ​២០១៣​។ គណបក្ស​សង្គ្រោះ​ជាតិ​ជា​បក្សប្រឆាំង​ធំ​បំផុត​នៅ​កម្ពុជា ត្រូវបាន​រំលាយចោល​មុន​ការបោះឆ្នោត អន្ដរជាតិ​ចោទថា​ជា​ចេតនា​មិន​ចង់ឲ្យ​បក្ស​នេះ​ចូលរួម​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​។​

​ប៉ុន្ដែ​យ៉ាងណាក៏ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយតប​នឹង​ការរិះគន់​ដោយ​អះអាងថា ការបោះឆ្នោត​ប្រព្រឹត្ដទៅដោយ​យុត្ដិធ​ម៌និង​ត្រឹមត្រូវ​បំផុត​។ ការបោះឆ្នោត​អនុវត្ដ​តាម​ច្បាប់រដ្ឋធម្មនុញ្ញរ​បស់​ប្រទេស គោរព​តាម​លទ្ធិប្រជាធិបតេយ្យ គ្មាន​ការរំលោភបំពាន ហើយ​កម្ពុជា​ក៏​មិន​ខ្លាច​នឹង​ការគំរាមកំហែង​របស់​អន្ដរជាតិ​ដែរ ព្រោះ​កម្ពុជា​ធ្វើ​ត្រូវ​។ ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បញ្ជាក់ថា ជាការ​អនុវត្ដ​តាមច្បាប់​របស់​តុលាការ ដោយសារ​គណបក្ស​នេះ​ប្រព្រឹត្ដ​ខុស គឺ​បាន​គប់គិត​ជាសម្ងាត់​ជាមួយ​បរទេស ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ក្រោម​ទម្រង់​បដិវត្ដន៍​ពណ៌ មិនមែនជា​ចេតនា​របស់​គណបក្ស​ណាមួយ ឬ​ចេតនា​របស់​រាជរដ្ឋាភិបាល​ឡើយ​។​

​ទាំងអស់នេះ​សុទ្ធ​ជា​បញ្ហា​ដែល​ធ្វើឲ្យ​តំបន់​អាស៊ី ក៏ដូចជា​តំបន់​អាស៊ាន​ត្រូវបាន​អន្ដរជាតិ​ផ្ដោត​យកចិត្ដទុកដាក់​។​

​រឿង​ក្ដៅ​ដែល​កំពុង​ផ្ទុះឡើង​និង​បង្ក​ការព្រួយបារម្ភ​មួយទៀត គឺ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ជាមួយ​ចិន អាមេរិក​និង​សហភាព​អឺរ៉ុប​។ អាមេរិក​និង​ចិន​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​រៀងៗ​ខ្លួន​ចំនួន​២៥​ភាគរយ ស្មើនឹង​៣៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទាំង​អាមេរិក​និង​ចិន​កំពុង​ពិចារណា​ពី​វិធានការ​ដំឡើង​ពន្ធ​បន្ថែម ដែល​អន្ដរជាតិ​កំពុង​បារម្ភ​ថា អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​ពាណិជ្ជកម្ម​អន្ដរជាតិ​។ បើសិន​ជម្លោះ​ពាណិជ្ជកម្ម​នេះ​ឈានដល់​សង្គ្រាម​ពាណិជ្ជកម្ម ច្បាស់​ណាស់​ទីផ្សារ​ក្នុង​ពិភពលោក​នឹង​ប្រែប្រួល បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​មិនមែន​តែ​ចិន​និង​អាមេរិក​ឡើយ​។ ដូច្នេះ​ទើប​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ ទទូច​ឲ្យ​អាមេរិកនិង​ចិនចរ​ចា​ដោះស្រាយ​ដោយ​សន្ដិវិធី​។ 

​ទាក់ទង​នឹង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​អឺរ៉ុប​វិញ បាន​កើតឡើង​ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម​។ តែ​ថ្មីៗ​នេះ​ប្រធានាធិបតី​អាមេរិក​និង​តំណាង​សហភាព​អឺរ៉ុប បាន​ចរចា​គ្នា​ឡើងវិញ ហើយ​ប្រកាសថា​នឹង​ដោះស្រាយ​លើ​ការដំឡើង​ពន្ធ កាត់បន្ថយ​ភាពចម្រូងចម្រាស​។ ទោះជា​អ៊ីចឹង​ក៏ពិតមែន មិនទាន់​ច្បាស់លាស់​ថា​នឹង​ដោះស្រាយបាន​ទាំងស្រុង​ទេ​។​

​ជារួម​ទៅ ចំណុច​ដែល​បាន​រៀបរាប់​ទាំងអស់នេះ សុទ្ធតែជា​បញ្ហា​ប្រឈម​ដែល​អន្ដរជាតិ​កំពុង​ចាប់អារម្មណ៍​ខ្លាំង និង​បារម្ភ​ថា​អាច​ក្លាយជា​វិបត្ដិ​ធ្ងន់ធ្ងរ​ដោះស្រាយ​មិន​ចេញ​។ នៅពេល​ក្លាយជា​វិបត្ដិ​រ៉ាំរ៉ៃ​ហើយ វា​នឹង​បន្ដ​ប៉ះពាល់​ដល់​ស្ថិរភាព សន្ដិភាព សន្ដិសុខ ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គម​នៅលើ​ឆាក​អន្ដរជាតិ​ទាំងមូល​។ 

​តែ​ផ្ទុយ​ពី​ចំណុច​អវិជ្ជមាន​ទាំងអស់នេះ ពិភពលោក​ក៏​ជួប​រឿង​ល្អ​គួរឲ្យ​កត់សម្គាល់ផង​ដែរ គឺ​ស្ថានភាព​ប្រែប្រួល​រវាង​លោក​គីម ជុង​អ៊ុន​និង​លោក​ដូណាល់ ត្រាំ រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​វ្លា​ឌី​មៀ ពូ​ទីន និង​ការធ្លាក់ចុះ​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ ដែល​គេ​ចាត់ទុកជា​ជោគជ័យ​ធំ​បំផុត​ក្នុង​ឆ្នាំ​២០១៨​។​

​ស្ថានភាព​លើ​ឧបទ្វីប​កូរ៉េ​ចាប់តាំងពី​ដើមឆ្នាំ​២០១៨ មាន​ការប្រែប្រួល​ស្ទើរ​ទាំងស្រុង គឺ​ផ្លាស់ប្ដូរ​ពី​ការវាយប្រហារ គំរាមកំហែង បង្ក​អសន្ដិសុខ ទៅជា​ការ​បន្ទន់ឥរិយាបថ​រកគ្នា ចាប់ផ្ដើម​ចរចា​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្ដិ​។ រឿង​ដែល​អន្ដរជាតិ​សប្បាយចិត្ដ​បំផុត គឺ​ការចរចា​ទាក់ទង​នឹង​ការរំលាយចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការបញ្ចប់​ភាព​តានតឹង​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ បញ្ចប់​ភាព​តានតឹង​រវាង​អាមេរិក​និង​កូរ៉េខាងជើង​។ 

​កាលពី​ថ្ងៃទី​២៧​មេសា​កន្លងទៅ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន បាន​ជួបពិភាក្សា​បន្ធូរបន្ថយ​កម្ដៅ​លើ​ឧបទ្វីប​កូរ៉េ ព្រមព្រៀង​លើ​កិច្ចការ​សំខាន់ៗ មាន​ការព្រម​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ការស្វែងរក​សន្ដិភាព​លើ​ឧបទ្វីប​កូរ៉េ និង​កិច្ចការ​សំខាន់ៗ​ជាច្រើន​ទៀត​។ កិច្ចប្រជុំ​កាលនោះ​បិទ​បញ្ចប់​ជាមួយ​ភាពជោគជ័យ​បំផុត​។ 
​នៅ​ថ្ងៃទី​១២​មិថុនា ក៏មាន​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្ដិសាស្ដ្រ​មួយទៀត គឺ​កិច្ចប្រជុំ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ ទាំង​លោក​ត្រាំ​និង​

លោក​គីម​ក៏​ព្រមព្រៀង​លើ​ការស្វែងរក​សន្ដិភាព​លើ​ឧបទ្វីប​កូរ៉េ ព្រមព្រៀង​រំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ ព្រមព្រៀង​ជួសជុល​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​-​កូរ៉េខាងជើង និង​កិច្ចការ​សំខាន់ៗ​ផ្សេងៗ​ទៀត​។ ទោះ​ពេលនេះ​មិនទាន់​ឃើញ​លទ្ធផល​ផ្លែផ្កា​ជា​ដុំកំភួន តែ​លោក​ដូណាល់ ត្រាំ​អះអាងថា កូរ៉េខាងជើង​បាននិងកំពុង​អនុវត្ដ​តាម​សេចក្ដីប្រកាស​រួម​ហើយ​។​

​ស្របពេល​ជាមួយគ្នា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន ក៏​ចាប់ផ្ដើម​ស្វែងរក​ភាព​ត្រូវរ៉ូវ​នឹង​គ្នា​វិញ​ដែរ​។ លោក​ត្រាំ​និង​លោកពូ​ទីន​ទើបបាន​ជួបគ្នា​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ហែល​ស៊ីន​គី​ប្រទេស​ហ្វាំង​ឡ​ង់​កាលពី​ថ្ងៃទី​១៦​កក្កដា ដែល​លោក​ត្រាំ​ចាត់ទុក​កិច្ចប្រជុំ​ទទួលបាន​ជោគជ័យ​បំផុត​។ មេដឹកនាំ​ទាំងពីរ​គាំទ្រ​គោលជំហរ​ទៅវិញទៅមក ប្ដេជ្ញា​រឹតចំណង​មិត្ដ​ភាពជា​មួយគ្នា និង​ប្រកាស​គ្រោង​ជួបគ្នា​ម្ដងទៀត​។​

​សរុបមក ទន្ទឹមគ្នា​នឹង​ភាព​រីកចម្រើន ពិភពលោក​ក៏​កំពុង​ជួបប្រទះ​ស្ថានការណ៍​អសន្ដិសុខ ដែល​ទាមទារ​ឲ្យ​ប្រទេស​មហាអំណាច និង​អង្គការសហប្រជាជាតិ​ដែលជា​ស្ថាប័ន​កំពូល​ដឹកនាំ​ពិភពលោក បន្ដ​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​និង​ស្វែងរក​ភាពសុខសាន្ដ​បន្ថែម សម្រាប់​គ្រប់​ប្រទេស​ទាំងអស់ ចៀសវាង​ជួប​គ្រោះមហន្ដរាយ​ដូច​កើតឡើង​កន្លងមក​៕

ព័ត៌មានផ្សេងទៀត