អ្នក​សង្កេត​ការណ៍​​ចំនួន​៥​​ប្រទេស​​គាំទ្រ​ដំណើរ​ការ​​បោះឆ្នោត​​នៅ​កម្ពុជា​​

30-07-2018 3:54 pm
  ស្តាប់
អ្នកសង្កេតការណ៍​ ចំនួន​៥​ប្រទេស ​ក្នុងការ​សង្ខេប​ព្រឹត្តិការណ៍ ពី​ដំណើរការ​បោះឆ្នោត​អាណត្តិ​ទី​៦​នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

​ក្រុម​អ្នកសង្កេតការណ៍​ចំនួន​៥​ប្រទេស នៅក្នុង​តំបន់​អាស៊ី ប្រកាស​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​សរសើរ​ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ថា មាន​តម្លាភាព និង សុ​វត្តិភាព ស្របតាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​។ ការវាយតម្លៃ​នេះ ធ្វើឡើង​ក្នុងការ​សង្ខេប​ព្រឹត្តិការណ៍ ពី​ដំណើរការ​បោះឆ្នោត​អាណត្តិ​ទី​៦​នៅថ្ងៃនេះ​។ ការវាយតម្លៃ​ធ្វើឡើង ស្របពេល​នៃ​ថ្កោលទោស​ពី​ការបោះឆ្នោត​ក៏​កើតមាន​ផងដែរ​។

​អ្នកសង្កេតការណ៍​ចំនួន​៥​ប្រទេស​ក្នុងនោះ​រួមមាន​៖ ប្រទេស​ថៃ វៀតណាម រុស្ស៊ី ម៉ាលេស៊ី និង ឥណ្ឌា ដែល​បាន​ចូលរួម​សង្កេតការណ៍​បាន​វាយតម្លៃថា ការបោះឆ្នោត​អាណត្តីទី​៦ នៅ​កម្ពុជា​ប្រព្រឹត្តទៅ​ដោយ​រលូន ស្ងប់ស្ងាត់ និង មាន​តម្លាភាព គ្មាន​អំពើហិង្សា​។​ចំពោះ​ប្រជាពលរដ្ឋ​វិញ ពួកគេ​ពិនិត្យឃើញថា បាន​ចេញទៅ​បោះឆ្នោត​ដោយ​គ្មាន​ភាពភ័យខ្លាច និង គ្មាន​ការ​គំរាម​គំហែង ពី​សំណាក់​អាជ្ញាធរ ឬ​រដ្ឋាភិបាល​នោះឡើយ​។

​ទាក់ទង​នឹង​ការរាប់​សន្លឹកឆ្នោត​វិញ ក្រុម​អ្នកសង្កេតការណ៍​ចំនួន​៥​ប្រទេស​នោះ បានកត់សម្គាល់ ដូចគ្នា​ថា ធ្វើឡើង​ដោយ​តម្លាភាព និង សុ​វត្តិភាព ពោលគឺ​ធ្វើឡើង​ស្របតាម​វិជ្ជាជីវៈ​ត្រឹមត្រូវ  និង ជឿទុកចិត្ត​តាមបែប​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​អាណត្តីទី​៦ បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បានប្រកាសថា អ្នក​ទៅ​បោះឆ្នោត​នៅ​ទូទាំងប្រទេស​នា​ថ្ងៃអាទិត្យ​នេះ មាន​ចំនួន​សរុប ៦.៧៤៤ ៨៩៣​នាក់ ស្មើនឹង ៨០.៤៩​ភាគរយ គិត​ត្រឹម​ម៉ោង​៣​រសៀល ហើយ​បើ​យោងតាម​តួលេខ​ចុងក្រោយ ចំនួន​អ្នក​ទៅ​បោះឆ្នោត បាន​កើនឡើង​ដល់ ៨២.១៧​ភាគរយ​។

​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ជាង​៨០​ភាគរយ អ្នកសង្កេតការណ៍​អន្តរជាតិ បាន​អះអាងថា គួរឱ្យ​ចាប់អារម្មណ៍ ហើយ​ថា ជា​ការបង្ហាញ​ពី​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស ស្របតាម​បែប​លទ្ធិ​ប្រជាធិតេយ្យ​។ ក្រុម​អ្នកសង្កេតការណ៍​ទាំងនោះ​ថា ពួកគេ​នឹង​ចេញរ​បា​ការណ៍ វាយ​តម្លៃបន្ថែម នៅពេល​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ​។​

​ការវាយតម្លៃ​របស់​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ ធ្វើឡើង​ស្របពេល​នៃ​ថ្កោលទោស​ពី​ការបោះឆ្នោត​ក៏​កើតមាន​ផងដែរ​។​អាមេរិក​ដែលជា​បិ​តាប្រ​ធិបតេយ្យ​មើលឃើញ​ផ្ទុយ​ពី​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន​៥​ប្រទេស​។ សម្រាប់​អាមេរិក​បែប​ជា​ចេញ​សេចក្តី​ការណ៍ ថ្កោលទោស​ការបោះឆ្នោត​កម្ពុជា និង ព្រមាន​ចាត់វិធានការ​ទណ្ឌកម្ម​បន្ថែមទៀត​។

​ជាមួយនឹង​ការព្រមាន អាមេរិក ក៏បាន​សម្តែង​ការសោកស្តាយ ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កម្ពុជា ហើយ​ថា​ជា​ការបោះឆ្នោត​មិនមាន សេរីភាព ឬ យុត្តិធម៌ ហើយ​រារាំង​ពលរដ្ឋ​មិនឱ្យ រើស​តំណាង​តាម​ឆន្ទៈ​របស់ខ្លួន​។ ចំពោះ​អាមេរិក ការរារាំង​នេះ កំពុង​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​សមិទ្ធិផល​របស់​កម្ពុជា ក្នុង​ការលើកតម្កើង​ការសម្រុះសម្រួល​ខាង​នយោបាយ និង កំណើនសេដ្ឋកិច្ច ដែលមាន​ចាប់តាំងពី​សន្ធិសញ្ញា​ទីក្រុង​បារី​ស​ឆ្នាំ​១៩៩១​មក​។​

​តែ​យ៉ាងណាក្តី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អះអាងថា ការវាយតម្លៃ​របស់​អា​មេរិក វា​មិនមែនជា​រឿង​ចម្លែក​ទេ​។ មិន​ចម្លែក​ព្រោះថា អាមេរិក​បាន​វាយតម្លៃ​តាំងពី​មុន​បោះឆ្នោត​មក​ម្លេះ ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​។ គ​.​ជ​.​ប ចាត់ទុក​ការវាយតម្លៃ​របស់​អាមេរិក ប្រៀបបាន​ដូចជា​ពាក់​វ៉ែន​តាខ្មៅ ហើយ​មើល​សំដៅ​កម្ពុជា​ក្នុង​ផ្លូវ​អាក្រក់ ដូច្នេះ​កម្ពុជា​នឹង​ធ្វើដំណើរ​ដោយ​ខ្លួនឯង មិន​រងចាំ​ការវាយតម្លៃ​ពី​មហាអំណាច​នោះទេ​។​

​សូម​រម្លឹក​ជូន​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៨២.១៧​ភាគរយ បាន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ ឆ្នាំ​២០១៨​នេះ ។ ចំពោះ​នេះ​បង្ក​ជា​ការភ្ញាក់ផ្អើល​ដល់​ក្រុម​ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ចេញទៅ​បោះឆ្នោត​។​ដោយឡែក បើ​ធ្វើ​ការប្រៀបធៀប​ទៅ​និង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដូចគ្នា កាលពី​ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ដែល​បាន​ចេញទៅ​បោះឆ្នោត​មាន​ចំនួន​តែ ៦៩,៦១​ភាគរយ​ប៉ុណ្ណោះ​។​

​បើតាម​អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​គូសបញ្ជាក់ថា បាន​ពន្យល់ថា មូលហេតុ​ដែល​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ច្រើន គឺ​ប្រទេស​មាន​សន្តិភាព ការផ្សព្វផ្សាយ​ទូលំទូលាយ ធ្វើឱ្យ​ការបោះឆ្នោត ប្រព្រឹត្តទៅ​ដោយ​រលូន គ្មាន​អំពើហិង្សា សន្តិសុខ​ត្រូវបាន​ការពារ​យ៉ាង​ហ្មត់ចត់ មិនបាន​បង្ក​ការភ័យខ្លាច​អ្វី​ដល់​ប្រជាពលរដ្ឋ​ដូច​កាល​បោះឆ្នោត កាលពី​ឆ្នាំ​២០១៣​នោះទេ​។ ចំពោះ​លទ្ធផល​ផ្លូវការ​វិញ គ​.​ជ​.​ប​នឹង​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ប្រសិនបើ​គ្មាន​បណ្តឹងតវ៉ា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​៕

ព័ត៌មានផ្សេងទៀត