អ្នកនាំពាក្យ៖ មិនប៉ះពាល់ដល់សុចរិតភាពនៃការបោះឆ្នោតទេទោះគ្មានអាមេរិកនិងជប៉ុនចូលរួមឃ្លាំមើល

26-07-2018 5:23 pm 1473
  ស្តាប់
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ រូបថតពី អ៊ីនធឺណេត ។
ស្តាប់ជាសំឡេង

សហរដ្ឋអាមេរិកបានប្រកាស ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី២៥ កក្កដាថា នឹងពុំមានភ្ញៀវ ឬអ្នកសង្កេតការណ៍ផ្លូវការណាម្នាក់ មកពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ចូលរួមសង្កេតការណ៍បោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃខាងមុខទេ ។ ការសម្រេចចិត្តនេះ គឺស្របតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្តែងកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការវិវដ្តផ្នែកនយោបាយនៅប្រទេសកម្ពុជា ។

យ៉ាងណាម៉ិញ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បានបញ្ជាក់ក្នុងសន្និសីទកាសែតមួយ នៅថ្ងៃជាមួយគ្នានេះថា ជប៉ុននឹងមិនបញ្ជូនអ្នកសង្កេតការណ៍ មកឃ្លាំមើលការបោះឆ្នោតជាតិនៅកម្ពុជា នាចុងសប្តាហ៍នេះទេ បើទោះបីជាជប៉ុន ជាម្ចាស់ជំនួយដ៏សំខាន់ក្នុងការបោះឆ្នោតនេះក៏ដោយ ។ 

លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ការចូលរួម ឬមិនចូលរួមសង្កេតការណ៍ វាគឺការសម្រេចចិត្ត និងជម្រើសរបស់ប្រទេសនីមួយៗប៉ុណ្ណោះ…
សំឡេងលោក ឌឹម សុវណ្ណារុំ ៖

អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតរូបនេះអះអាងថា ការប្រកាសមិនចូលរួមរបស់ប្រទេសទាំងពីរនេះ វានឹងមិនប៉ះពាល់ដល់សុចរិតភាពនៃការបោះឆ្នោតនៅកម្ពុជាទេ ។ មិនប៉ះពាល់ព្រោះថា មានអ្នកចូលរួមសង្កេតការណ៍ពីជាតិ អន្តរជាតិ និងតំណាងភាគីគណបក្សនយោបាយដែលបង្ហាញពីភាពត្រឹមត្រូវ សេរី និងយុត្តិធម៌...
សំឡេងលោក ឌឹម សុវណ្ណារុំ ៖

យ៉ាងណាម៉ិញ លោក យឿង សុធារ៉ា អ្នកជំនាញផ្នែកកិច្ចការបោះឆ្នោតឯករាជ្យមើលឃើញថា ការសម្រេចមិនដាក់អ្នកសង្កេតការណ៍ អាចបណ្តាលមកពីជប៉ុនអាក់អន់ចិត្ត ក្រោយមើលឃើញថា បរិយាកាសនយោបាយ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ។ មួយផ្សេងទៀត ដោយសារបរិយាកាសនយោបាយនៅកម្ពុជាមិនអំណោយផល បើមិនប្រយ័ត្នលើជំហរទេ ជប៉ុនអាចនឹងប៉ះពាល់ដល់មុខមាត់ និងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ។

ប្រធានចលនាសង្រ្គោះជាតិ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកខ្លួននៅថ្ងៃទី២៥ កក្កដាថា ហេតុដែលប្រទេសទាំង២ មិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា អាណត្តិនេះ ក៏ព្រោះ ពុំមានអ្វីគួរឱ្យឃ្លាំមើល ដោយសារតែការបោះឆ្នោតនេះ គ្រាន់តែជាឆាកល្ខោន ដែលលទ្ធផលត្រូវបានកំណត់ជាមុនរួចទៅហើយថា ជ័យជម្នះភ្លូកទឹក ភ្លូកដីនឹងបានទៅលើគណបក្សប្រជាជនកម្ពុជា ។

លោកលើកឡើងបន្តថា ការដកខ្លួនថយរបស់ប្រទេសជប៉ុននេះ ជាព្រឹត្តិការណ៍មួយទៀត ដែលត្រូវបានដាស់តឿន អ្នកមានបំណងចង់ចូលរួមការបោះឆ្នោត ឱ្យគិតឡើងវិញ ហើយសម្រេចធ្វើពហិការ មិនទៅបោះឆ្នោតដូចប្រជារាស្រ្តខ្មែរ ច្រើនលើសលប់ ដែលបានសម្រចថា មិនទៅបោះឆ្នោតដាច់ខាត ។

យ៉ាងណាក៏ដោយ លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេងថា រដ្ឋាភិបាលកម្ពុជា អាចនឹងមានអារម្មណ៍ថា ស្រងាកចិត្តបន្តិច ចំពោះការប្រកាសមិនចូលរួមសង្កេតការណ៍ ពីសំណាក់ប្រទេសជប៉ុន ។ តែ ជាមួយគ្នានេះ វាក៏នឹងមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតនៅកម្ពុជាទេ អ្វីដែលប៉ះពាល់ គឺទៅលើឥទ្ធិពល និងកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ។

ក៏ប៉ុន្តែ ប្រធានក្រុមអ្នកវិភាគវ័យក្មេងរូបនេះយល់ថា ការប្រកាសនេះ ហាក់បីដូចជា ប្រទេសទាំងពីរចង់បង្ហាញថា អាចមិនទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតនៅពេលខាងមុខទេ…
សំឡេងលោក ហង្ស វិទូ ៖

ជប៉ុនគឺជាប្រទេសម្ចាស់ជំនួយដ៏ចម្បងមួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា។ ថ្មីៗនេះ ប្រទេសជប៉ុនបានផ្ដល់ជំនួយជាហិបឆ្នោតចំនួន ១១.០០០ ហិប រថយន្តប្រភេទ Pick Up ចំនួន៤០គ្រឿង សម្រាប់បម្រើឱ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលសរុបទាំងលើកនេះទៀត ជំនួយរបស់ជប៉ុន មានទំហំទឹកប្រាក់ជាង៧លានដុល្លារអាមេរិក ។

បើតាមរបាយការណ៍ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បញ្ជាក់ថា ចំនួនអ្នកសង្កេតការណ៍អន្តរជាតិ ដែលត្រៀមឃ្លាំមើលដំណើរការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា មានចំនួន២២០នាក់ មកពីតំណាងអង្គការ ស្ថាប័ន និងប្រទេសចំនួន៥២ ជុំវិញពិភពលោក ។ ចំនួននេះ ត្រូវបានចាត់ទុកថា បានកើនឡើង ខណៈការបោះឆ្នោតជាតិ ឆ្នាំ២០១៣ មានអ្នកសង្កេតការណ៍ចំនួន២០០នាក់ចូលរួម ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ក៏បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួន ៨ម៉ឺននាក់ មកពីគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាដើម ។ ដូចគ្នាដែរ តួលេខអ្នកសង្កេតការណ៍នេះ បានកើនឡើងទ្វេដង បើធៀបនឹងការបោះឆ្នោត ក្នុងអាណត្តិមុន មានអ្នកសង្កេតការណ៍ជាតិ ត្រឹមតែជាង៤ម៉ឺននាក់ប៉ុណ្ណោះ ៕ 

ព័ត៌មានផ្សេងទៀត