អ្នក​​អាច​​នឹង​​រងគ្រោះ​ក៏​ព្រោះ​​ជឿ​លើ​​ព័ត៌មាន​​ក្លែង​ក្លាយ​​(Fake News)​

26-07-2018 3:22 pm 760
  ស្តាប់
ការប្រើប្រាស់បណ្តាយសង្គម។
ស្តាប់ជាសំឡេង

​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ព័ត៌មាន​ក្លែងក្លាយ (Fake News) ហាក់​កំពុងតែ​វាយលុក​មែនទែន  ពិសេស​នៅលើ​បណ្ដាញ​សង្គម​។​ការ​សាយភាយ នូវ​ព័ត៌មាន​ក្លែងក្លាយ កន្លងទៅ​បាន​បង្កឱ្យមាន​ការភាន់ច្រឡំ និង ជ្រួលច្របល់ ដោយសារតែ​ការសម្រេចចិត្ត​ខុស​របស់ អ្នកលេង​ហ្វេ​សប៊ុក​មួយចំនួន​។ មុន​ការមកដល់​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​នេះ បរិយាកាស​នយោបាយ​នៅ​កម្ពុជា ហាក់​កំពុង​ត្រូវបាន​បំពុល​ដោយ​ព័ត៌មាន​ក្លែងក្លាយ ផងដែរ​។​ដូច្នេះ មុន​ការទទួលយក​ព័ត៌មាន​ណាមួយ ពលរដ្ឋ​ប្រុងប្រយ័ត្ន ជៀសវាង ធ្វើឱ្យ​ខ្លួនឯង​រង​គ្រោះ​ដោយ​មិន​ដឹងខ្លួន​។​

​ព័ត៌មាន​ក្លែងក្លាយ គឺជា​ពាក្យ​ច​ចាម​អារាម​មួយ​ប្រភេទ ឬ​ព័ត៌មាន​ប្រឌិត ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ជនណាម្នាក់ ឬ​ក្រុម​ណាមួយ ក្នុង​គោលដៅ​បង្កាច់​បង្ខូច បង្កើតជា​ការភាន់ច្រឡំ និង​ភាព​ជ្រួលច្របល់​។ ព័ត៌មាន​ក្លែងក្លាយ​ពេលខ្លះ​ក៏​ត្រូវបាន​ប្រឌិត​ឡើង​ផងដែរ ដើម្បី​ទទួលបាន​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ឬ​កេញចំណេញ​ផ្នែក​នយោបាយ​។​
 
​សម្រាប់​នៅ​កម្ពុជា សព្វថ្ងៃ​ព័ត៌មាន​ក្លែងក្លាយ ហាក់​កំពុងតែ​វាយលុក​មែនទែន​។ ការវាយលុក​នេះ ដោយសារតែ​ភាព​រីកចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ពិភពលោក​ផង និង ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រជាជន​កម្ពុជា​ផង ជាហេតុ​កង្ក​ឱ្យ​លទ្ធភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ កាន់តែ​មាន​ភាពទូលំទូលាយ ខុសពី​សម័យមុនៗ លទ្ធភាព​នៃ​ការផ្សព្វផ្សាយ​នៅមានកម្រិត​។​

​ជា​ការកត់សម្គាល់ កន្លងទៅ ព័ត៌មាន​ក្លែងក្លាយ និង ដំណឹង​ច​ចាម​អារាម មួយចំនួនធំ ត្រូវបាន​បុគ្គល ឬ​ក្រុម យកមក​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​បាន​បង្កឱ្យមាន​ការភាន់ច្រឡំ និង ជ្រួលច្របល់​ដល់​សង្គម​។​ប្រជាពលរដ្ឋ​ខ្លះទៀត ដោយ​ខ្វះ​ការពិចារណា និង មិនបាន​ស្វែងរក​ការបញ្ជាក់​ឱ្យ​ជាក់លាក់ ក៏បាន​ចូលរួម​ចែករំលែក​បន្ត​នៅ​ព័ត៌មាន​ក្លែងក្លាយ​បន្ថែម រហូត​មាន​ជាប់​ទោសទណ្ឌ​ថែមទៀត​។​

​គិត​មកទល់នឹង​ពេលនេះ មាន​មនុស្ស​មិនតិច​ឡើយ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា ចាប់​ដាក់ពន្ធនាគារ ដោយសារតែ​ការ​វាយ​ដុំ ជេរប្រមាថ ឬ ចែកចាយ​ព័ត័មា​នរូប​ភាព​ផ្សេងៗ ដែល​ក្លែងក្លាយ និង មាន​ខ្លឹមសារ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម កេត្តិយស​របស់​អ្នកដ៏ទៃ រួមទាំង​ព្រះមហាក្សត្រ​ផង​។ ក្នុងចំណោម​អ្នក​ជាប់ទោស​នោះ ក៏មាន​មន្ត្រីជាន់ខ្ពស់​អតីត​បក្សប្រឆាំង​ដែរ​។​

​បរិបទ​ដូច្នេះហើយ រដ្ឋាភិបាល​កម្ពុជា ដាក់ចេញ​នូវ​សេចក្តីប្រកាស​គ្រប់គ្រង​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មាន​គោលដៅ ប្រឆាំង ទប់ស្កាត់ រាល់​ការផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង វីដេអូ និង​ទម្រង់​ផ្សេងៗ​ទៀត ដែលមាន​ចេតនា​បង្ក​ជា​ចលាចល ដល់​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់​សារ​ធា​រណៈ ការរើសអើង និង វប្បធម៌ ប្រពៃណីជាតិ​ជាដើម​។​

​ដូច្នេះ ចាប់ពី​អំណេះត​ទៅ អ្នកមាន​ទម្លាប់​អាក្រក់​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ ឬ​ចែកចាយ ព័ត៌មាន​បន្ត លើ​បណ្ដាញ​សង្គម អាច​ទំនង​នឹង​ខ្លាចរអារ​ជាង​មុន ឬក៏​ចែកចាយ​ដែរ​តែ​ចេះ​ត្រួតពិនិត្យ​ជាមុនសិន​។​

​ជា​ការពិត ការពិនិត្យ​មើល​ពី​ប្រភពព័ត៌មាន​ឱ្យ​បានច្បាស់លាស់ មុននឹង​ដាក់ចិត្ត​ជឿ គឺជា​រឿង​ដ៏​សំខាន់ សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ ដែល​និយម​លេង​ហ្វេ​សប៊ុក​។ ការពិនិត្យ​ពី​ប្រភពព័ត៌មាន គួរ​ធ្វើឡើង តាមរយៈ​ការផ្ទៀងផ្ទាត់ លើ​គេហទំព័រ​ព័ត៌មាន កាសែត ឬ​ស្ថាប័ន​ព័ត៌មាន ឱ្យបាន​ច្រើន​ តាម​ដែល​អាច​ធ្វើទៅបាន​។ ក្នុងករណី​សង្កេតឃើញថា ព័ត៌មាន​មាន​លក្ខណៈ​ទាក់ទាញ​ខ្លាំងពេក ចម្លែក​ពេក ឬ​ពិបាក​ជឿ​ខ្លាំងពេក អ្នកអាន​រឹតតែ​ត្រូវ​ពិនិត្យមើល​ឱ្យ​បានច្បាស់លាស់​មុននឹង​ដាក់ចិត្ត​ជឿ ជៀសវាង​ពេល​ចែករំលែក​ទៅ ប៉ះចំ​ព័ត៌មាន​ក្លែងក្លាយ (Fake News) ឬ​ព័ត៌មាន​ចាស់ៗ កើតឡើង​តាំងពី​យូរ​មក​។​

​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ចែករំលែក​បន្ត​ព័ត៌មាន អមដោយ​ការបញ្ចេញមតិ​។ នេះ​គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ មុនពេល​ប្រតិកម្ម​លើ​ព័ត៌មាន អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ត្រូវ​ច្បាស់​ខ្លួនឯង​ជាមុនសិន​ថា ព័ត៌មាន​នោះ ​គឺជា​រឿង​ពិតដែលឬទេ? ព្រោះ​ក្នុងករណី​ដែល​វា​ជា​ព័ត៌មាន​មិន​ពិត អ្នក​ដែល​ចែករំលែក​ព័ត៌មាន​នោះ អាច​រង​ការប្ដឹង​ផ្ដល់​តាមផ្លូវ​តុលាការ​។​

​សរុប​មកវិញ ដើម្បី​ការការពារ​ខ្លួន កុំ​រងគ្រោះ​ដោយ​សារព័ត៌មាន​ក្លែងក្លាយ អ្នកប្រើប្រាស់​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឱ្យមាន​ទែន មុនពេល​ដាក់ចិត្ត​ជឿ ឬ ចែករំលែក​បន្ត ដោយ​មិនត្រូវ​ឆាប់​ប្រតិកម្ម ជឿ ឬ​ចែករំលែក​ភ្លាមៗ​ទេ ពោលគឺ ត្រូវ​ពិនិត្យពិច័យ​ស្វែងរក​ប្រភព​ឱ្យបាន​ច្បាស់លាស់​សិន​។ ការធ្វើ​យ៉ាង​ដូច្នេះ មិន​ត្រឹមតែ​ដោះ​ខ្លួន កុំឱ្យ​ជាប់​ទោសទណ្ឌ​តាមផ្លូវ​តុលាការ​ទេ តែ​ថែមទាំង​បាន​ចូលរួម​ទប់ស្កាត់ កុំឱ្យ​ព័ត៌មាន​ក្លែងក្លាយ​រីក​រាលដាល បង្ក​ជា​អសន្តិសុខ និង​ខាតបង់​ប្រយោជន៍​ជាតិ​៕


ព័ត៌មានផ្សេងទៀត