ថៃ​នឹង​ចាប់ផ្ដើម​​ផលិត​រថយន្ដ​អគ្គិសនី​​ក្នុងពេល​ឆាប់​​ៗ​ក្រោម​កិច្ចសហការ​​ពី​Nissan​និង​Honda

26-07-2018 1:22 pm 557
រូបភាពរថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន​Nissan

​អាជ្ញាធរ​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា បានអនុម័ត​ផែនការ​វិនិយោគ​ដែល​មានតម្លៃ​២៩,៦៣​ពាន់​លាន​បាត​(៨៨៨,២​លាន​ដុល្លារ​) ដែល​ក្នុងនោះ​មាន​កញ្ចប់​ថវិកា​របស់​ក្រុមហ៊ុន​ផលិត​រថយន្ដ​ជប៉ុន​ចំនួន​ពីរ​ក្រុមហ៊ុន​ផងដែរ គឺ​Nissan​និង​Honda​។ ក្រុមហ៊ុន​ទាំងពីរ​នេះ​បានដាក់​កញ្ចប់​ថវិកា​វិនិយោគ​លើ​ការផលិត​រថយន្ដ​អគ្គិសនី​និង​ការផលិត​អាគុយ​រថយន្ដ​នៅក្នុង​ប្រទេស​ថៃ​។ 

​ក្រុមហ៊ុន​Nissan (Thailand) ជា​អង្គភាព​មួយ​របស់​ក្រុមហ៊ុន​Nissan​ជប៉ុន នឹង​បណ្ដាក់ទុន​១០,៩៦​ពាន់​លាន​បាត ខណៈ​ក្រុមហ៊ុន​Honda Automobile (Thailand) ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​Honda​ជប៉ុន នឹង​ចំណាយ​ប្រាក់​៥,៨២​ពាន់​លាន​បាត​លើ​គម្រោង​នេះដែរ​។ ដូច្នេះ​ក្រោយពី​មាន​ការអនុម័ត​លើ​គម្រោង​របស់​ក្រុមហ៊ុន​ទាំងពីរ ក្រុមហ៊ុន​ជា​ដៃគូ​នៅ​ក្នុងប្រទេស​ថៃ​នឹង​ចាប់ផ្ដើម​ផលិត​រថយន្ដ​អគ្គិសនី និង​អាគុយ​នៅក្នុង​ពេលដែល​សមស្រប​មួយ​។ ប៉ុន្ដែ​កាលបរិច្ឆេទ​ច្បាស់លាស់​នៅ​មិនទាន់​កំណត់​ទេ ដោយ​ត្រូវ​សិក្សា​ពី​កត្ដា​សំខាន់ៗ​មួយចំនួនទៀត​។​

​សូមបញ្ជាក់ថា រថយន្ដ​អគ្គិសនី​កំពុង​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ដ​ធំៗ​នៅក្នុង​ពិភពលោក ដើម្បី​ដាក់​ចរាចរ​លក់​លើ​ទីផ្សារ ជំនួស​រថយន្ដ​ដែល​ប្រើប្រាស់​សាំង​។ នេះ​ក៏​ជា​វិធានការ​មួយ​ដើម្បី​ជា​ការរួមចំណែក កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ បណ្ដាលមកពី​ឧស្ម័ន​ដែល​ភាយ​ចេញពី​ចំហេះ​ឥន្ធនៈ​ក្នុង​រថយន្ដ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត