កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​កំពុង​អស់​​ប្រសិទ្ធភាព​​បណ្ដើរៗ​ហើយ​?

24-07-2018 5:59 pm
រូបភាព​​នុយក្លេអ៊ែរ​អ៊ីរ៉ង់

​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ធ្វើឲ្យ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​រង្គោះរង្គើ​។ រង្គោះរង្គើ​ដ្បិត​បណ្ដា​ប្រទេស​ហត្ថលេខី ហាក់​គ្មាន​លំនឹង​គ្រប់គ្រាន់​អាច​រក្សា​កិច្ចព្រមព្រៀង​បាន​។ ទោះបីជា​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ប្រកាស​នឹង​បន្ដ​អនុវត្ដ​តាម ប៉ុន្ដែ​ភាពជឿជាក់​ហាក់​មាន​តិចតួច​ជាង​មុន​។ បណ្ដា​ក្រុមហ៊ុន​មួយចំនួន​ក៏​ចាប់ផ្ដើម​ចាកចេញ​ពី​អ៊ីរ៉ង់ ដោយសារតែ​លែង​ទុកចិត្ដ​កិច្ចព្រមព្រៀង​ព្រោះ​អាចធ្វើឲ្យ​ពួកគេ​ខាតបង់​។ តើ​កិច្ចព្រមព្រៀង​ពិតជា​បាត់បង់​ប្រសិទ្ធភាព​មែនឬ​យ៉ាងណា​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​ឈានដល់​ការឯកភាព​គ្នា​ក្នុង​ឆ្នាំ​២០១៥ រវាង​ប្រទេស​មហាអំណាច​៥+១ ជាមួយ​អ៊ីរ៉ង់​។ ប្រទេស​មហាអំណាច​៥+១ គឺ​អាមេរិក  អង់គ្លេស បារាំង រុស្ស៊ី ចិន បូក​នឹង​អាល្លឺម៉ង់ បាន​ឯកភាព​ជាមួយ​អ៊ីរ៉ង់ ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​កាលពី​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ទីក្រុង​Lausanne​ប្រទេស​ស្វីស​។ កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​កាលនោះ​ទទួល​បានការ​សាទរ​យ៉ាងខ្លាំង​ពី​អន្ដរជាតិ ដ្បិត​ភាគី​ពាក់ព័ន្ធ​បាន​ប្រើពេល​ពិភាក្សា​ជាច្រើន​ឆ្នាំ ទម្រាំ​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​។​

​អនុលោម​តាម​កិច្ចព្រមព្រៀង អ៊ីរ៉ង់​ត្រូវ​បានកំណត់​ចំពោះ​សកម្មភាព​នុយក្លេអ៊ែរ​របស់គេ ហើយ​អ៊ីរ៉ង់​ត្រូវ​អនុញ្ញាតឲ្យ​ក្រុម​ស៊ើបអង្កេត​អន្ដរជាតិ​ចុះ​តាមដាន ដើម្បី​ជា​ការដោះដូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​។ អ៊ីរ៉ង់​ធ្លាប់​ពន្យល់ថា កម្មវិធី​នុយក្លេអ៊ែរ​របស់គេ​បម្រើឲ្យ​ផលប្រយោជន៍​ស៊ីវិល​ប៉ុណ្ណោះ ប៉ុន្ដែ​សហគមន៍​អន្ដរជាតិ​មិន​ជឿជាក់ និង​ថា​អ៊ីរ៉ង់​កំពុង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែល​អន្ដរជា​តិបានហាមឃាត់​។ ក្រោយពី​មាន​កិច្ចព្រមព្រៀង ស្ថានការណ៍​បាន​ស្ងប់ស្ងាត់​មួយរយៈ ហើយ​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប និង​អាមេរិក ក៏បាន​ប្រកាស​ដក​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ពី​អ៊ីរ៉ង់ ប៉ុន្ដែ​អាស្រ័យ​លើ​សកម្មភាព​អ៊ីរ៉ង់​ផ្ទាល់​ដែរ ព្រម​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​ឬ​យ៉ាងណា​។ 

​ស្ថានភាព​ល្អប្រសើរ​ដំណើរការ​មិនបាន​ឆ្នាំ​ប៉ុន្មាន​ផង ភាព​តានតឹង​ក៏​ចាប់ផ្ដើម​ផ្ទុះឡើង​ជាថ្មី​។ ផ្ទុះ​ភាព​តានតឹង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​០៨​ខែឧសភា​ឆ្នាំ​២០១៨​។ លោក​ត្រាំ​ប្រកាស​បែបនេះ​ដោយ​លើក​ហេតុផល​ថា អ៊ីរ៉ង់​មិន​គោរព​តាម​កិច្ចព្រមព្រៀង គឺ​អ៊ីរ៉ង់​បន្ដសកម្មភាព​នុយក្លេអ៊ែរ លួច​ផលិត​អាវុធ និង​គាំទ្រ​ដល់​ក្រុម​ភេរវកម្ម​នៅ​មជ្ឈិម​បូព៌ា​។ ដូច្នេះ​អាមេរិក​មិនអាច​បន្ដ​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បានទេ​។ រដ្ឋបាល​របស់លោក​ត្រាំ​ក៏​បានបញ្ជាក់​ពី​ការដាក់ទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់​ដែរ​។ 

​អ៊ីរ៉ង់​បានប្រកាសថា​មិន​បានធ្វើ​ដូច​ការចោទប្រកាន់​ឡើយ ហើយក៏​បាន​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​ជានិច្ច​។ ផ្ទុយទៅវិញ​អ៊ីរ៉ង់​មិនឃើញ​លទ្ធផល​ជា​ដុំកំភួន ដូច​អាមេរិក​បាន​សន្យា​ទេ​។ អាមេរិក​ធ្លាប់​ប្រកាស​នឹង​ដក​ទណ្ឌកម្ម នៅពេល​អ៊ីរ៉ង់​ព្រម​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែ​រ ប៉ុន្ដែ​រហូត​មកដល់ពេលនេះ លទ្ធផល​ទទួលបាន​តិចតួច​បំផុត​។ 

​ថ្មីៗ​នេះ​ប្រធានាធិបតី​អាមេរិក​និង​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​វាយប្រហារ​ដោយ​ពាក្យសម្ដី​ខ្លាំងៗ​ដាក់គ្នា​។ លោក​ហាសាន រ៉ូ​ហានី​បាន​ផ្ញើ​សារ​ទៅ​លោក​ដូណាល់ ត្រាំ​ថា កុំ​ចង់​មកលេង​កន្ទុយ​សត្វ​តោ ចង់​បង្កហេតុ​ជាមួយ​អ៊ីរ៉ង់​អាច​នឹង​ផ្ទុះ​សង្គ្រាម​បាន​។ ទទួលបាន​សារ​នេះ​ភ្លាម​លោក​ត្រាំ​បាន​ឆ្លើយតប​ថា អ៊ីរ៉ង់​មិនត្រូវ​ប្រើពាក្យ​គំរាមកំហែង ចង់​បង្ក​ហិង្សា​ជាមួយ​អាមេរិក​ម្ដងទៀត​ដាច់ខាត បើ​មិន​អ៊ីចឹង​ទេ​អ៊ីរ៉ង់​នឹង​ទទួល​ការ​សងសឹក​ដ៏​ឈឺចាប់​បំផុត ដូច​ប្រទេស​អារ៉ាប់​មួយចំនួន​បានទទួល​កន្លងមក​។ លោក​ត្រាំ​សង្កត់ធ្ងន់ថា អាមេរិក​មិនមែនជា​ប្រទេស​ដែល​អាច​គំរាមកំហែង​បាន​តាមចិត្ដ​ឡើយ ដូច្នេះ​គួរ​មាន​ការប្រុងប្រយ័ត្ន​មុន​និយាយស្ដី​។ សង្គ្រាមពាក្យសម្ដី​នេះ​ធ្វើឲ្យមាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង ហើយក៏​ភ័យខ្លាច​ពី​ការបាត់បង់​កិច្ចព្រមព្រៀង​ទាំងស្រុង ខណៈ​បច្ចុប្បន្នកំពុង​ថមថយ​ឥទ្ធិពល​បន្ដិច​ម្ដងៗ​។ 

​ក្រុមហ៊ុន​អន្ដរជាតិ​ក៏​ចាប់ផ្ដើម​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់ ខណៈ​កាលបរិច្ឆេទ​នៃ​ការដាក់ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​នឹង​ចាប់ផ្ដើម​នៅ​ខែសីហា​ខាងមុខ​។ កាលពី​ថ្ងៃទី​០៧​កក្កដា ក្រុមហ៊ុន​ដឹកជញ្ជូន​បារាំង​CMA CGM បានប្រកាស​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់ ដោយសារតែ​ការសម្រេចចិត្ដ​របស់​លោក​ដូណាល់ ត្រាំ​។ ការប្រកាស​របស់​ក្រុមហ៊ុន ធ្វើឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​កិច្ចពិភាក្សា​ក្នុង​ទីក្រុង​វី​យែនប្រទេស​អូទ្រីស រវាង​រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់ ជាមួយ​មន្ដ្រី​ពាក់ព័ន្ធ​មកពី​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និង​រុស្ស៊ី ដែល​គ្មាន​ទទួលបាន​លទ្ធផល​អ្វី​ទាំងអស់​។​

​នេះ​ជា​កិច្ចពិភាក្សា​លើកដំបូង​ចាប់តាំងពី​លោក​ត្រាំ​ប្រកាស​ដក​អាមេរិក ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក្នុង​គោលបំណង​ផ្ដល់ឲ្យ​សាធារណរដ្ឋ​អ៊ីរ៉ង់ នូវ​កញ្ចប់​សេដ្ឋកិច្ច​ដើម្បី​ស្ដារ​ការខាតបង់​ដោយសារ​ទណ្ឌកម្ម​អាមេរិក​។ តាមពិតទៅ​ប្រទេស​ហត្ថលេខី​បានប្រកាសថា ទោះបី​អាមេរិក​ដកខ្លួន​ក៏ដោយ ក៏​ពួកគេ​នៅ​បន្ដ​អនុវត្ដ​តាម​អ្វីដែល​បាន​ព្រមព្រៀង​ដដែល​។ មូលហេតុ​ដោយសារ​ទម្រាំ​ទទួលបាន​កិច្ចព្រមព្រៀង​នេះ ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ឆ្នាំ ដូច្នេះ​មិន​ចង់ឲ្យ​វា​បាត់បង់​ទៅវិញ​ឡើយ​។ ស្ថានភាព​ក៏​នឹង​អាច​ប្រែប្រួល នៅពេល​កិច្ចព្រមព្រៀង​ត្រូវបាន​រំលាយចោល ថា​មិនត្រូវ​អាច​ជួប​ឧបសគ្គ​ធ្ងន់ធ្ងរ​ជាង​មិនទាន់មាន​កិច្ចព្រមព្រៀង​ក៏​ថា​បាន​។ 

​ប៉ុន្ដែ​លទ្ធភាព​នៃ​ការ​បន្ដដំណើរ​ទៅមុខទៀត ហាក់ដូចជា​ស្ថិតក្នុង​ភាពស្រពេចស្រពិល គ្មាន​ភាព​មាំទាំ​គួរឲ្យ​ទុកចិត្ដបាន​។ យោងតាម​រដ្ឋមន្ដ្រីការបរទេស​បារាំង​បាន​និយាយថា អឺរ៉ុប​ទំនង​មិនអាច​ទប់​ទល់នឹង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​បានទេ​។ ថ្មីៗ​នេះ​ប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប បានដាក់​ការសង្ស័យ​លើ​សមត្ថភាព​របស់​អឺរ៉ុប ក្នុង​ការសម្រេច​កិច្ចសន្យា​របស់​ខ្លន ដើម្បី​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​ព្រមាន​ថា​ប្រតិ​បត្ដិកា​ររបស់​ធនាគារនឹង​ត្រូវ​បំផ្លាញ បើសិន​វិនិយោគ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។ បណ្ដា​ក្រុមហ៊ុន​ដៃគូ​មួយចំនួនទៀត ក៏​ប្រកាស​ឲ្យ​ផ្អាក​កិច្ចការ​មួយចំនួន​ជាមួយ​អ៊ីរ៉ង់ ដែល​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ឲ្យបាន​ឆាប់​បំផុត​។ 

​ទាំងអស់នេះ ជា​សញ្ញា​បង្ហាញថា​ប្រសិទ្ធភាព​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង កំពុងតែ​បាត់បង់​បន្ដិច​ម្ដងៗ​។ បច្ចុប្បន្ន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​អាចមាន​ជោគវាសនា​បី​គឺ អាច​នៅ​រស់រានមានជីវិត អាច​រលាយបាត់​ភ្លាមៗ និង​អាច​បាត់បង់​ឥទ្ធិពល​ម្ដង​បន្ដិចៗ​៕

ព័ត៌មានផ្សេងទៀត