WWF៖ ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​និង​ឡាវ​បាត់បង់​ដោយសារ​ការធ្វើសម្បទាន​ដី​

22-07-2018 3:18 pm
  ស្តាប់
សកម្មភាពកាប់ព្រៃឈើ រូបថតពីអ្នកប្រើ Facebook។
ស្តាប់ជាសំឡេង

​ព្រៃឈើ​មហា​តំបន់​ទន្លេមេគង្គ​មាន​ផ្ទៃដី​សរុប ៥៤០,០០០​គីឡូ​ម៉ែត​ក្រឡា លាតសន្ធឹង​លើ​ប្រទេស​កម្ពុជា ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​។ នា​រយៈពេល​ចុងក្រោយ ព្រៃឈើ​នៅ​ក្នុង​តំបន់​នេះ ត្រូវបាន​គេ​អះអាងថា នៅ​សេសសល់​តិចជាង​៣០​ភាគរយ​ប៉ុណ្ណោះ​។ របាយការណ៍​ថ្មី​មួយ​របស់​មូលនិធិ​អភិរក្ស​សត្វព្រៃ​ពិភពលោក (WWF) បង្ហាញ​ថា​ត​ក្កតា​ចម្បង​ដែល​នាំឲ្យ​មាន​ការបាត់បង់​ព្រៃឈើ នៅក្នុង​ប្រទេស​កម្ពុជា និង​ឡាវ គឺ​ការធ្វើ​សប្បទាន​ដីធ្លី សម្រាប់​ធ្វើ​កសិកម្ម និង​អភិវឌ្ឍ​ផ្សេងៗ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន​នោះទេ វា​ក៏​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​អនុផល​ទាំងនោះ​ផងដែរ​។​

​ព្រៃឈើ​នៅ​ក្នុង​មហា​តំបន់​ទន្លេមេគង្គ បាន​បាត់បង់​គម្រធម្មជាតិ​១​ភាគ​៣ រួចមក​ហើយ​នា​រយៈពេល​ចុងក្រោយ​នេះ ហើយ​ព្រៃឈើ​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​ផ្ទៃដីប្រទេស​បារាំង​មួយ​នេះ នឹង​បន្ត​បាត់បង់​ពី​១៥ ទៅ​៣០​លាន​ហិកតា​បន្ថែមទៀត ដោយសារ​តែ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ និង​កត្តា​មួយចំនួន​ទៀត​។ នេះ​គឺជា​អ្វី​ដែល​មូលនិធិ​អភិរក្ស​សត្វព្រៃ​ពិភពលោក បានលើកឡើង នៅក្នុង​របាយការណ៍​ថ្មី​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​របាយកាណ៍​បន្តទៀតថា ត​ក្កតា​ចម្បង​នាំឲ្យ​មាន​ការបាត់បង់​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា និង​ឡាវ គឺ​ការធ្វើ​សប្បទាន​ដីធ្លី​សម្រាប់​ធ្វើ​កសិកម្ម និង​អភិវឌ្ឍ​ផ្សេងៗ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន​នោះទេ វា​ក៏​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​អនុផល​ទាំងនោះ​ផងដែរ​។​

​របាយការណ៍​បន្ថែមថា ធនធានធម្មជាតិ​នៅក្នុង​មហា​តំបន់​ទន្លេមេគង្គ បាន​ក្លាយជា​ការទាក់ទាញ​ខ្លាំង សម្រាប់​ការវិនិយោគ ពី​ប្រទេស​ឧស្សាហកម្ម ជាពិសេស​គឺ​ប្រទេស​ចិន​។ ភាគច្រើន​នៃ​ការអភិវឌ្ឍន៍​ទាំងនោះ គឺ​ផ្ដល់​ភាព​វិជ្ជមាន ដែល​ឆ្លុះបញ្ចាំង ពី​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច របស់​ប្រទេស​នៅក្នុង​តំបន់​នេះ ក៏​ប៉ុន្តែ​វា​ក៏​កំពុងតែ​គំរាមកំហែង ដល់​ធនធានធម្មជាតិ​សំខាន់ៗ​ជាពិសេស​គឺ​ព្រៃឈើ​តែម្ដង​។​

Thibault Ledecq អ្នកសម្របសម្រួល​ព្រៃឈើ​ប្រចាំ​តំបន់​មេគង្គ ត្រូវបានស្រង់សម្ដីយ៉ាងដូច​ច្នេះ​ថា​៖ «​ព្រៃ​មេគង្គ​ជា​ក្បាលម៉ាស៊ីន ដែល​ជំរុញ​សេដ្ឋកិច្ច និង​ប្រព័ន្ធ​អេកូ​នៅ​អាស៊ី ប៉ុន្តែ​ព្រៃ​ទាំង​នោះ​កំពុង​បាត់បង់​ក្នុង​អត្រា​មួយ​គួរឱ្យ​ព្រួយបារម្ភ ហើយ​យើង​ត្រូវ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង​វា​»​។ លោក​បន្ត​ទៀត​ថា​៖ «​ប្រជាជន និង​គម្រោង ដែល​បាន​រៀបរាប់​លម្អិត នៅក្នុង​របាយការណ៍​នេះ បានបង្ហាញ​ថា​មាន​ក្តីសង្ឃឹម ហើយ​អាច​ធ្វើបាន ដើម្បី​រក​ប្រាក់ចំណូល​បានល្អ ខណៈ ដែល​ការការពារ​ព្រៃឈើ សត្វព្រៃ និង​អត្ថប្រយោជន៍ នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ឲ្យ មាន​សុខភាព​ល្អ​»​។​

​លោក កែវ អូ​ម៉ាលី​ស អ្នកនាំពាក្យ​រដ្ឋបាល​ព្រៃឈើ​ពុំ​ធ្វើ​អធ្បាធិប្បាយ​ជុំវិញ​របាយការណ៍​នេះទេ នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​លោក​មានប្រសាសន៍ថា ពុំមែន​ជា​ថ្ងៃ​ធ្វើការ​។ យ៉ាងណា​លោក​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ត៍ កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ព្រៃឈើ​ជាង​៧​លាន​ហិកតា​ជា​តំបន់​អភិរក្ស ព្រមទាំង​បាន​បញ្ឈប់​ការផ្ដល់​ដី​សប្បទាន​ដល់​វិនិយោគទុន​ផងដែរ​។ អ្នក​នាំពា្យ​រូបនេះ មិន​យល់ស្រប​ជាមួយ​របាយការណ៍ របស់​អង្គការ​អភិរក្ស​សត្វព្រៃ​ពិភពលោក​នោះ​ទេ ដែល​ថា​ព្រៃឈើ​មហា​តំបន់​មេគង្គ នឹងត្រូវ​បាត់បង់​រហូតដល់​៣០​លាន​ហិកតា​ត្រឹម​ឆ្នាំ​២០៣០​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ធ្លាប់បាន​លើកឡើង​ថា បទ​ល្មើ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​ត្រូវ បាន​បង្ក្រាប​លែង​មាន​បន្ត​ទៀត​ហើយ ប៉ុន្តែ​លោក​ទទួលស្គាល់ថា​ការកាប់​ព្រៃឈើ​នៅ​បន្ត​កើតមាន បើ​ទោះបី​មិន​មាន​លក្ខណៈ​ធំ​ដំ​ដូច​ពីមុន​ក្ដី​។​

​ជាមួយគ្នា​នេះ​ប្រធាន​បណ្ដាញ​សហគមន៍ ព្រៃ​ព្រះ​រការ ក្នុង​ខេត្ត​ព្រះវិហារ លោក​ពេជ្រ ពាន់ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ត៍ កាលពី​ថ្ងៃ​១៩ ខែកក្កដា​កន្លងទៅ​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ សកម្មភាព​កាប់​ព្រៃឈើ ពី​សំណាក់​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន ហាក់​មាន​ភាពស្ងប់ស្ងាត់ ក៏​ប៉ុន្តែ​លោក​អះអាងថា បទល្មើស​ព្រៃឈើ​នៅ​តែ​កើតមាន​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មាន​ការបង្ក្រាប​បាន​ទាន់​ពេលវេលា​នោះ​ទេ​។ លោក ពេជ្រ ពាន់ បន្ត​ថា​បទល្មើស​ទាំងនោះ​ភាគច្រើន គឺ​ប្រព្រឹត្តិ​ឡើង​ដោយ ពលរដ្ឋ​ចំណាកស្រុក​ពី​ខេត្ត​ផ្សេងៗ ចូល​ទៅ​កាប់​ព្រៃ​ក្នុង​ខេត្ត​កំពង់ធំ និង​ព្រះវិហារ​។​

​ការសិក្សា​ស្រាវជ្រាវ​របស់​មូលនិធិ​អភិរក្ស​សត្វព្រៃ​ពិភពលោក បាន​រកឃើញ​ថា​ព្រៃឈើ​មហា​តំបន់​មេគង្គ មាន​រុក្ខជាតិ និង​ជីវៈចម្រុះ​ប្រមាណ​២៥០០​ប្រភេទ ក៏​ប៉ុន្តែ​វា​កំពុងតែ​រង​ផល​ប៉ពា​ល់​ពី​ការកាប់​ទន្ទ្រាន​ព្រៃឈើ​។ ការបាត់បង់​ព្រៃឈើ​បែបនេះ បាន​នាំមក​នូវ​ការបាត់បង់​ចំណូល​ពលរដ្ឋ ការប្រែប្រួល​អាកាសធាតុ និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ផងដែរ​។​

​ទន្ទឹម​នឹង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច នៃ​ប្រទេស​ក្នុង​តំបន់​មេគង្គ​នេះ មូលនិធិ​អភិរក្ស​សត្វព្រៃ​ពិភពលោក បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថ្លឹងថ្លែង​គ្នា​រវាងរ​ការ​អភិ​វឌ្ឈន៍ និង​ការរក្សា​កំណប់ទ្រព្យ​ធម្មជាតិ​។ លោក​លោក Thibault Ledecq មានប្រសាសន៍ថា​៖ «​យើង​ពុំ​គួរ​រងចាំ​អ្នក​ដទៃ​ធ្វើ​សកម្មភាព​នោះ​ទេ​។ អនាគត​នៃ​ព្រៃឈើ នៅ​មហា​តំបន់​ទន្លេមេគង្គ គឺ​ស្ថិតនៅក្នុង​ដៃ​យើងទាំងអស់គ្នា»​៕

 

ព័ត៌មានផ្សេងទៀត