អ្នកស្រីរ៉ូណា ស្មីត៖ ការអំពាវនាវធ្វើពហិការមិនចូលរួមបោះឆ្នោតគួរអនុញ្ញាត

21-07-2018 4:45 pm
  ស្តាប់
ស្តាប់ជាសំឡេង

អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លើកឡើងហាក់ចង់សំដៅឱ្យរដ្ឋាភិបាលកម្ពុជា ពិចារណាអនុញ្ញាតឱ្យមានការអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះវាមិនមែនជាទោសកំហុសទេ ។ យ៉ាងណាក៏ដោយមន្រ្តីរដ្ឋាភិបាលបានចាត់ទុកការលើកឡើងនេះ ផ្ទុយទៅនឹងច្បាប់នៅកម្ពុជា និងមិនអាចទៅរួចដាច់ខាតចំពោះកម្ពុជា ។ អ្នកនាំពាក្យគណបក្សកាន់អំណាចបានហៅអ្នកស្រីរ៉ូណា ស្មីត ថាជាក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានវាយតម្លៃសិទ្ធិមនុស្សនៅកម្ពុជា មិនត្រឹមត្រូវតាមការពិតជាក់ស្តែង ...

អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបញ្ជាក់អះអាងថា ការអំពាវនាវឱ្យធ្វើពហិការមិនចូលរួមបោះឆ្នោត ដែលមិនមែនជាកាតព្វកិច្ចនោះ គួរតែអនុញ្ញាតឱ្យធ្វើបាន ។ នេះបើតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ។

យ៉ាងណាក៏ដោយ អ្នកស្រីក៏បានលើកឡើងបន្តថា អ្នកស្រីស្វាគមន៍ចំពោះការអំពាវនាវរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះដល់អាជ្ញាធរមូលដ្ឋាន ឱ្យចៀសវាងការរើសអើងក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត និងសូមលើកទឹកចិត្តរដ្ឋាភិបាលឱ្យថ្កោលទោសឱ្យបានច្បាស់លាស់ ចំពោះការបំភិតបំភ័យដល់អ្នកបោះឆ្នោត ។ 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថា ការលើកឡើងរបស់អ្នកស្រី រ៉ូណា ស្មីត គឺមិនអាចកើតឡើងរួចទេ ព្រោះក្នុងនាមជាអង្គការសិទ្ធិមនុស្ស អ្នកស្រីបានឈរលើគោលការណ៍លម្អៀងផ្នែកនយោបាយ…
សំឡេង លោក សុខ ឥសាន ៖

លោក សុខ ឥសាន អះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការបោះឆ្នោត និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ស្របតាមសិទ្ធិរបស់ពួកគេ ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ នៅតែបញ្ជាក់ថា ការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោត គឺជារឿងខុសឆ្គង ។ លោកថា ក្រុមដែលប្រើឧបាយកលមិនឱ្យប្រជាជនទៅបោះឆ្នោត គឺជាការរំលោភសិទ្ធិពលរដ្ឋ ។

ស្រដៀងគ្នានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ថា ការលើកឡើងរបស់អ្នកស្រីរ៉ូណា ស្មីត គឺជារឿងមិនអាចកើតឡើងទេ និងខុសច្បាប់នៅកម្ពុជា…
សំឡេងលោក ហង្ស ពុទ្ធា ៖

ជារឿយៗ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រធានគណបក្សកាន់អំណាចបច្ចុប្បន្ន បានចាត់ទុកការអំពាវនាវមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាការរំលោភសិទ្ធិ និងច្បាប់នៅកម្ពុជា ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានព្រមានចាត់វិធានការចំពោះការអំពាវនាវនានា ក្នុងខ្លឹមសារធ្វើពហិការមិនទៅបោះឆ្នោត ។

កាលពីយប់ថ្ងៃទី៨ ខែកក្កដា សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដំបូងគេ នៅខេត្តកំពង់ឆ្នាំង ក្រោមបទចោទ បានញុះញង់ពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោត ។ យ៉ាងណាក៏ដោយ ជនជាប់ចោទ ឈ្មោះ អ៊ុ សាវ៉ាន់ មុខរបរគ្រូបង្រៀននៅអនុវិទ្យាល័យត្រពាំងចាន់ ក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ រូបនេះ ត្រូវបានអនុញ្ញាតឱ្យទៅផ្ទះវិញ នៅថ្ងៃទី៩ កក្កដា ក្រោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។

បើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ថា សមត្ថកិច្ចពុំបានឃាត់ខ្លួនអ្នកធ្វើពហិការមិនទៅបោះឆ្នោតណាម្នាក់ទេ តែសមត្ថកិច្ចបានប្រមូលភស្តុតាងនានា ដើម្បីរៀបចំទៅតុលាការរួចរាល់ ។ លោកបញ្ជាក់ថា តាមច្បាប់អ្នកត្រូវចោទ នឹងត្រូវពិន័យជាប្រាក់ ពី៥លានរៀល ទៅ២០លានរៀល…
សំឡេងលោក ខៀវ សុភ័គ ៖

យ៉ាងនេះក្តី លោក ខៀវ សុភ័គ ប្រាប់ថា ក្រសួងនៅពុំទាន់មានតួលេខជាក់លាក់នៃចំនួនអ្នកត្រូវជាប់ចោទពីបទនេះនៅឡើយ តែលោកបញ្ជាក់ថា ភាគច្រើនអ្នកជាប់ចោទពីបទនេះ ច្រើនមាននៅក្នុងខេត្តបាត់ដំបង ។ 

លោកមេធាវី ជួង ជូងី កាលពីថ្ងៃទី១៨ កក្កដា បានបង្ហោះសារជាវីដេអូអះអាងថា ការទៅចូលរួមបោះឆ្នោត ឬមិនទៅបោះឆ្នោត គឺជាការប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោត ហើយក៏ពុំមានបទល្មើស « ញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតដែរ…
សំឡេងលោក ជួង ជូងី ៖

យ៉ាងណាក៏ដោយ បើទោះបីជាមានការអះអាងថា យុទ្ធនាការដេកផ្ទះឈ្នះឯង ឬម្រាមដៃស្អាត ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ថាខុសច្បាប់យ៉ាងណាក្តី លោក សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិ នៅតែបន្តធ្វើយុទ្ធនាការនេះពីក្រៅប្រទេស អំពាវនាវឱ្យពលរដ្ឋកុំទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដោយបានហៅការបោះឆ្នោតនេះថា ក្លែងក្លាយ ។

លោក សម រង្ស៊ី បានចាប់ផ្តើមចែកខិត្តប័ណ្ណ អេឡិចត្រូនិចរបស់ខ្លួន នៅថ្ងៃទី៧ ខែកក្កដា ចំថ្ងៃនៃការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជា ។ លោកបានចោទធ្ងន់ៗ ចំៗទៅលើគណបក្សកាន់អំណាច ថាជាគណបក្សលក់ជាតិ បំផ្លាញជាតិ និងក្បត់ជាតិ ។ ចំណែកឯគណបក្ស១៩ផ្សេងទៀត គឺជាគណបក្សអំពិលអំពែក កើតឡើងព្រោងព្រាតនៅពេលរដូវកាលបោះឆ្នោតម្តងៗ ហើយរលត់បាត់អស់ ក្រោយថ្ងៃបោះឆ្នោត ។ 

ប្រធានចលនាសង្រ្គោះជាតិរូបនេះលើកឡើងថា ក្នុងចំណោមគណបក្សទាំង១៩ ដប់ឆ្នាំទៀត អាចនឹងក្លាយជាគណបក្សខ្លាំងគួរសម ដែលអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា តែពេលនោះ លោកហ៊ុន សែន ច្បាស់ជានឹងរំលាយគណបក្សនោះ ដូចដែលគាត់បានរំលាយអតីតគណបក្សសង្រ្គោះជាតិ ។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានគ្រប់គ្រងអំណាចអស់រយៈពេល៣៣ឆ្នាំ ត្រូវបានគេជឿថា នឹងឈ្នះការបោះឆ្នោតអាណត្តិនេះ ក្រោយអតីតគណបក្សសង្រ្គោះជាតិត្រូវបានរំលាយបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧ត្រូវបានបញ្ចប់ រួមជាមួយនឹងការឃុំខ្លួនលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង និងផ្អាកធ្វើសកម្មភាពនយោបាយរបស់អតីតមន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ ក្នុងរយៈពេល៥ឆ្នាំ ។

គិតត្រឹមថ្ងៃទី២១ កក្កដា នៅសល់តែរយៈពេល៨ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតថ្នាក់ជាតិនឹងមិនដល់ ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សចំនួន១៩ផ្សេងទៀត កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ។ ប្រទេសលោកខាងលិច និងសហភាពអឺរ៉ុប បានព្រមានកាត់ផ្តាច់ជំនួយ និងការផ្តល់ការអនុគ្រោះពន្ធ (EBA) បើសិនជាការបោះឆ្នោត មិនប្រព្រឹត្តិទៅដោយសេរី និងយុត្តិធម៌ ៕ 

ព័ត៌មានផ្សេងទៀត