Organic Sky Bar មួយកន្លែងសម្ងំលាក់ខ្លួនមួយឆ្នាំនៅទល់មុខព្រះបរមរាជវាំង

21-07-2018 9:35 am 827
  ស្តាប់
ផ្នែកមួយនៃ Organic Sky Bar ដែលមានការរៀបចំដាំដុះជី និងចិញ្ចឹមត្រី នៅលើដំបូល​នៃសណ្ឋាគារ Palace Gate Hotel & Resort ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

Organic Sky Bar ឬហៅថា Sky Bar ធម្មជាតិ កំពុងសម្ងំលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅកណ្តាលរាជធានីភ្នំពេញ អស់រយៈពេល១ឆ្នាំមកហើយ ។ មនុស្សភាគច្រើនអាចនឹងមិនចាប់ភ្លឹក ព្រោះទីតាំង Sky Bar ឬទីតាំងសណ្ឋាគារទាំងមូល ហុំព័ទ្ធទៅដោយរុក្ខជាតិបៃតងស្ទើរគ្រប់ទីកន្លែង ។ អ្វីដែលជាចំណុចចាប់អារម្មណ៍ ក្នុងបរិវេណ Organic Sky Bar គឺមានដាំដុះបន្លែបង្កា និងចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ទៅចង្រ្កាន្តបាយរបស់សណ្ឋាគារផ្ទាល់តែម្តង ហើយការជ្រើសរើសទីប្រជុំមនុស្សសម្រាប់ដាំដុះបន្លែ និងចិញ្ចឹមត្រីបែបធម្មជាតិនេះ ក៏មិនមែនជារឿងចៃដន្យដែរ ។ ដោយសារតែបែបនេះហើយ អ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារនេះបានបង្ហើបប្រាប់ថា ផាលេស ហ្គេត ហូថេល (Palace Gate Hotel) ក៏ទទួលបានឈ្មោះជា សណ្ឋាគារបៃតងប្រចាំឆ្នាំដែរ ...

សំឡេងលោក ធី សុធា ៖

ទាំងនេះ គឺជាការរៀបរាប់របស់អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារមួយ ដែលកំពុងវិវដ្តខ្លួនទៅជាសណ្ឋាគារបៃតងបានលាក់ខ្លួនកណ្តាលទីក្រុងភ្នំពេញ ។ លោក ធី សុធា អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារផាលេស ហ្គេត ហូថេល (Palace Gate Hotel)ដែលមានទីតាំងស្ថិតនៅចំពីមុខ ឆៀងខាងជើងនៃព្រះបរមរាជវាំងចតុមុខបច្ចុប្បន្ន បានបង្ហើបប្រាប់ខ្ញុំថា សណ្ឋាគារដែលលោកកំពុងបម្រើការនេះ ក៏បានជាប់ជាសណ្ឋាគារបៃតង (Green hotel)ពីក្រសួងបរិស្ថានដែរ ។

ងាកចេញពីនេះបន្តិច ខ្ញុំសូមរំឭកពីសកម្មភាពដែលខ្ញុំបានធ្វើដំណើរព័ទ្ធជុំវិញសណ្ឋាគារនេះ មុននឹងឈានទៅដល់ការសម្ភាសន៍ ។ សណ្ឋាគារដែលមានទីធ្លាទំហំប្រមាណ២ពាន់ម៉ែត្រនេះ បានដាំលម្អដើមឈើពណ៌ខៀវស្រងាត់ និងភ្ជាប់ឈ្មោះដើមឈើស្ទើរគ្រប់ទីតាំង រាប់ចាប់ពីផ្លូវចូល រហូតដល់កំពូល ។ ងាកទៅណា ក៏បៃតងដែរ គឺពោរពេញទៅដោយបរិស្ថានព័ទ្ធជុំវិញ អ្វីដែលពិសេសនោះគឺ កុំថាឡើយការដាំដើមឈើ សូម្បីតែកង់សម្រាប់ភ្ញៀវជួលជិះ ក៏ផលិតពីធម្មជាតិដែរ គេហៅថា កង់ឫស្សី ព្រោះវាផលិតចេញពីដើមឫស្សី និងតួគ្រឿងដែកមួយចំនួន ។ ជាងនេះទៅទៀត អ្នកគ្រប់គ្រងទូទៅនៅទីនេះបានបង្ហើបប្រាប់ខ្ញុំថា សណ្ឋាគារនេះក៏មានទីតាំងដាំដុះបន្លែបង្កា និងចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់ផ្ទះបាយផ្ទាល់ខ្លួនដែរ ។ ដោយការចង់ដឹង ចង់ឃើញ លោក ធី សុធា បាននាំផ្លូវខ្ញុំទៅមើលទីតាំងនោះ ។ ទីនោះ ត្រូវបានឱ្យឈ្មោះថា Organic Sky Bar ស្ថិតនៅលើកំពូលនៃសណ្ឋាគារផ្នែកខាងមុខ ដែលអាចផ្ទុកមនុស្សបានប្រមាណត្រឹមតែជាង៣០នាក់ប៉ុណ្ណោះ ។

លោក ធី សុធា បានប្រាប់ខ្ញុំថា កាលដើមឡើយ Sky Bar នេះ បានផ្គត់ផ្គង់បន្លែច្រើនប្រភេទដោយខ្លួនឯង ក៏ប៉ុន្តែ ក្រោយជួបបញ្ហាការដាំដុះ បច្ចុប្បន្នសណ្ឋាគារក៏ជ្រើសរើសដាំដុះត្រឹមតែជីប៉ុណ្ណោះចំណែកឯបន្លែផ្សេងទៀត គឺត្រូវបានបញ្ជាទិញពីកសិករដែលដាំដុះបន្លែបែបធម្មជាតិ…
សំឡេងលោក ធី សុធា ៖

បុរសរូបនេះបានរៀបរាប់ប្រាប់ខ្ញុំថា ហេតុចម្បងដែលក្រុមការងារសម្រេចជ្រើសរើសទីតាំង Sky Bar សម្រាប់ដាំដុះបន្លែ និងចិញ្ចឹមត្រី ក៏ព្រោះវាជាទីតាំងដែលមានបរិយាកាស និងទេសភាពល្អ ។ ភ្ញៀវអាចទស្សនាទិដ្ឋភាពនៃសំណង់អគារបុរាណដូចជាព្រះបរមរាជវាំង ដែលមានសំណង់អគាររចនាបទបែបខ្មែរនិងអាចមើលថ្ងៃលិច ជាដើម អ្វីដែលពិសេស ភ្ញៀវនឹងមានអារម្មណ៍បែបផ្សេង នៅពេលដែលពួកគេបានចូលមកកាន់ Sky Bar បែបធម្មជាតិ ។ ធម្មជាតិព្រោះថា ការតុបតែងផ្សេងៗទាំងអស់ គឺត្រូវបានរៀបចំបែបធម្មជាតិ មិនត្រឹមតែមានការដាំដុះបន្លែ ចិញ្ចឹមត្រីប៉ុណ្ណោះទេ តែក៏រៀបចំក្រាលស្មៅសិប្បនិម្មិត ដាំវល្លិ៍ផ្សេងៗ ដាក់ដើមឫស្សី ដែលសុទ្ធសឹងតែរំលេចចេញនូវបរិស្ថានជុំវិញខ្លួន ។

ចំណុចសំខាន់មួយផ្សេងទៀត ដែលក្រុមការងារជ្រើសរើសការដាំដុះបន្លែ និងចិញ្ចឹមត្រី នៅលើទីតាំងប្រជុំមនុស្ស គឺក៏ព្រោះក្នុងហេតុផលបង្កប់សារ និងបង្ហាញដល់ភ្ញៀវអំពីសុវត្ថិភាពចំណីអាហារ…
សំឡេងលោក ធី សុធា ៖

ទោះយ៉ាងនេះក្តី លោក ធី សុធា បានអះអាងប្រាប់ខ្ញុំថា ការរៀបចំ ច្នៃប្រឌិត បង្ហាញគំនិតបែបបរិស្ថានទាំងនេះ ជាចក្ខុវិស័យ និងបេសកកម្មរបស់សណ្ឋាគារ គឺមិនត្រឹមតែផ្តោតទៅលើប្រាក់ចំណូលប៉ុណ្ណោះទេ តែក៏គិតទៅលើអនាគតរបស់យុវជនជំនាន់ក្រោយដែរ ដែលជាគុណប្រយោជន៍ដល់សង្គមទាំងមូល…
សំឡេងលោក ធី សុធា ៖

យ៉ាងណាក៏ដោយ ការព្យាយាមប្រែខ្លួនពីសណ្ឋាគារបែបទាន់សម័យ មកជាសណ្ឋាគារបៃតង ក៏មានការលំបាកខ្លះៗដែរ ទាក់ទងទៅនឹងផ្លូវច្បាប់ ដែលក្រសួងបរិស្ថានកំណត់ ។ វាទាមទារឱ្យសណ្ឋាគារត្រូវអនុវត្តកំណត់ផែនការសកម្មភាពបៃតងតាំងពីពេលចាប់ផ្តើម រហូតដល់បច្ចុប្បន្ន ។ សណ្ឋាគារនេះ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នេះបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងសណ្ឋាគារ ។

ទោះបីជាសណ្ឋាគារដែលមានអគារវ័យជាង១០០ឆ្នាំនេះ បានជោគជ័យជាប់ឈ្មោះជាសណ្ឋាគារបៃតងក្តី ក៏នៅតែមិនទាន់បញ្ចប់ក្តីបំណងរបស់ខ្លួនទៅថ្ងៃខាងមុខដែរ ។ លោក ធី សុធា បានប្រាប់ខ្ញុំថា សណ្ឋាគារនឹងមានគម្រោង យុទ្ធនាការផ្សេងៗដើម្បីបរិស្ថាន ដូចជាការយុទ្ធនាការសម្អាតទីក្រុង យុទ្ធនាការដាំដើមឈើ ជាដើម ។ 

អ្នកគ្រប់គ្រងទូទៅរូបនេះបញ្ជាក់ប្រាប់ខ្ញុំបន្តថា ជាទស្សនវិស័យទៅមុខ សណ្ឋាគារនឹងបង្កើតការបណ្តុះបណ្តាលផ្នែកបរិស្ថានសម្រាប់បុគ្គលិកទាំងមូល ដើម្បីឱ្យពួកគាត់មានចំណេះដឹងទាក់ទងនឹងបរិស្ថានក្នុងជីវភាពរស់នៅក្នុងសង្គមគ្រួសារ និងប្រទេសទាំងមូល…
សំឡេងលោក ធី សុធា ៖

លោកធី សុធា ប្រាប់ថា ពលរដ្ឋគ្រប់រូបគួរតែចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកចូលរួមដាំដើមឈើឡើងវិញ ឬចូលរួមសម្អាតបរិស្ថានតាមតែអាចធ្វើទៅបាន…
សំឡេងលោក ធី សុធា ៖

ព័ត៌មានផ្សេងទៀត