ការ​រើសអើង​​នយោបាយ​អាច​​ជា​មធ្យោបាយ​​ហួស​​សម័យ​​សម្រាប់​​សង្គម​ខ្មែរ​​

19-07-2018 5:11 pm
  ស្តាប់
ការជួបជុំរបស់សកម្មជនបក្សនយោបាយមួយ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។
ស្តាប់ជាសំឡេង

​នៅ​កម្ពុជា​ឱ្យតែ​ជិត​ដល់​ការបោះឆ្នោត​ម្តងៗ ជម្លោះ​រវាង​គណបក្សនយោបាយ ជាមួយ​អាជ្ញាធរ​ដែនដី បាន​ផ្ទុះឡើង ដែល​ភាគច្រើន​បណ្តាលមកពី ការរើសអើង​ខាង​នយោបាយ​។ ប៉ុន្តែ​សម្រាប់​ការឃោសនា​បោះឆ្នោត​​ នីតិកាល​ទី​៦​ សកម្មភាព រារាំង​នយោបាយ​ពី​សំណាក់​អាជ្ញាធរ លែង​ក្លាយជា​ប្រធានបទ ​ក្តៅ​ដូច​អាណត្តិ​មុនៗ​។ លែងក្តៅ​ដោយសារតែ ភាព​តឹងរ៉ឹង​ខុស​ទំនង​របស់​អាជ្ញាធរ ដូច​ត្រូវបាន​កាត់បន្ថយ​ជាង​មុន គួបផ្សុំ និង ការបញ្ជា​របស់​រដ្ឋាភិបាល ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្សនយោបាយ​នានា ដោយ​មិនត្រូវ​រើសអើង​បក្សពួក ឬ​និន្នាការ​នយោបាយ​។

​នៅ​សង្គម​នយោបាយ​កម្ពុជា ការរើសអើង​នយោបាយ ក្នុងចំណោម​សកម្មជន​នយោបាយ​ដែលមាន​និន្នាការ​ផ្សេងគ្នា សុទ្ធសឹង​ក្លាយជា​ទម្លាប់​ដុះ​ស្លែ​ដែល​ពិបាក​នឹង​កែប្រែបាន​។ ជាទូទៅ សកម្មភាព​នយោបាយ​ក្រៅពី​គណបក្សកាន់អំណាច ហាក់​ត្រូវបាន​ប្រព្រឹត្តទៅ​ក្រោម​ក្រសែភ្នែក​ឃ្លា​ម​មើល​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​អាជ្ញាធរ ជាពិសេស អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​។​

​ភាព​តឹងរ៉ឹង​នេះ ត្រូវបាន​គេ​មើលឃើញថា អាច​កើតឡើង​ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ នៅតែ​ព្រួយបារម្ភ​ខ្លាចក្រែង​ខ្លួន​បាត់បង់​ប្រជាប្រិយភាព​នយោបាយ​ដែល​នាំឱ្យមាន​ការស្តីបន្ទោស​ថ្នាក់លើ​។ ការព្រួយបារម្ភ​ហួស​ហេតុនេះ បណ្តាលឱ្យ​អាជ្ញាធរ​ខ្លះ បែរ​ទៅធ្វើ​សកម្មភាព​មិនគួរ​គប្បី ដូចជា ការរារាំង មិនឱ្យ​គណបក្សនយោបាយ ធ្វើ​ពិធី​ជួបជុំ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ឬក៏​ឱ្យធ្វើ​ដែរ តែ​ការសម្រេច​នៅមាន​ភាព​ភាព​តឹងរ៉ឹង​។​

​ប៉ុន្តែ​មុន​ការបោះឆ្នោត នីតិកាល​ទី​៦​នេះ ភាព​តឹងរ៉ឹង​ខុស​ទំនង​របស់​អាជ្ញាធរ ​ត្រូវបាន​កាត់បន្ថយ​ជាង​មុន​ច្រើន​។ គ្រប់​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួត ​មានឱកាស​ធ្វើ​សកម្មភាព​នយោបាយ​របស់ខ្លួន​បាន​ពេញលិញដោយ​គ្មាន​ការរារាំង ឬ​ការ​គំរាម​គំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​។

​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​អះអាងថា រយៈពេល​១៣​ថ្ងៃ នៃ​ដំណើរការ​ឃោសនា​បោះ អាណត្តិ​ទី​៦ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន សន្តិសុខ សណ្តាប់ធ្នាប់​ល្អ និង គ្មាន​អំពើហិង្សា​ឡើយ​។ គ​.​ជ​.​ប បាន​បញ្ជាក់ទៀតថា ដំណើរការ​ឃោសនាបោះឆ្នោត អាណត្តិ​នេះ អ្នកនយោបាយ​ហាក់​មាន​ភាពចាស់ទុំ​ជាង​មុន​។​

​ជាការ​ពិតណាស់ ការបើកឱកាស​ឱ្យ​គ្រប់​បក្សនយោបាយ អាចធ្វើ​សកម្មភាព​ដោយ​គ្មាន​ការរារាំង និង រើសអើង គឺជា​រឿង​ចាំបាច់ សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ហើយ​វា​ក៏​ជា​ឱកាសល្អ​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​សាង​កេរ្តិ៍ឈ្មោះ​ល្អ​នៅលើ​ឆាក​អន្តរជាតិ ខណៈ​រដ្ឋាភិបាល​ហាក់​កំពុង​ស្វែងរក​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ លើ​ដំណើរការ​បោះឆ្នោត នៅ​អាណត្តិ​ទី​៦​នេះ​។ ចូល​កុំភ្លេចថា ភាព​តឹងរ៉ឹង ឬ​ការរើសអើង​នយោបាយ  វា​មិនបាន​នាំឱ្យ​អាជ្ញាធរ ចំណេញ​ប្រជាប្រិយភាព​ទេ​។ ផ្ទុយ​ទៅវិញ ​មានតែ​បាត់បង់ ហើយ​ជះឥទ្ធិពល​មិនល្អ​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​។​

​ទំនងជា​មកពី​បញ្ហា​នេះហើយ បានជា​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ត្រូវ​ជួយ​សម្រួល​ដល់​សកម្មភាព​នយោបាយ​របស់​គណបក្ស​នានា ដោយ​មិនត្រូវ​រារាំង​ពួកគេ​ឡើយ​។ គោលដៅ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី គឺ​ចង់​រក្សា​បរិយាកាស​ល្អ​នៅក្នុង​អំឡុងពេល​បោះឆ្នោត​។ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​រម្លឹក​ដល់​មន្ត្រី​ថ្នាក់មូលដ្ឋាន​បន្ថែមទៀត ត្រូវតែ​បំពេញ​តួនាទី​របស់ខ្លួន​ឱ្យស្រប​ទៅ​តាមច្បាប់ ពោលគឺ​មិនត្រូវ រើសអើង​បក្សពួក ឬ​និន្នាការ​នយោបាយ​ឡើយ​។​

ក្នុង​ក្រសែភ្នែក​របស់​ក្រុមអ្នកវិភាគ និង តាមដាន​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា បាន​មើលឃើញថា ការបង្ក​ជា​ឧបសគ្គ សម្រាប់​ការសម្រេច​គោលដៅ​របស់​រដ្ឋាភិបាល គឺ​កើតឡើង​ដោយសារ តែ​អាជ្ញាធរ​មូលដ្ឋាន​។ អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន ហាក់ដូចជា​ដើរ​មិន​ទាន់សភាពការណ៍​នៅឡើយ ហើយ​ពួកគេ​នៅតែ​រំពឹងទុក​ថា អាច​ទទួលផល​ពី​ការ​រឹតត្បិត​សេរីភាព​នយោបាយ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ប៉ុន្តែ ពួកគេ​ភ្លេច​គិតថា សកម្មភាព​ខុសឆ្គង​ទាំងនោះ កំពុង​បង្កបញ្ហា​អ្វីខ្លះ​ដល់​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​​។

​សរុប​មកវិញ នៅក្នុង​បរិបទ​នៃ​ដំណើរការ​វិវឌ្ឍន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ដូច​បច្ចុប្បន្ននេះ ប្រជាប្រិយភាព​របស់​បក្សនយោបាយ​មួយ វា​អាស្រ័យទៅលើ​ការ បើកចំហ​ច្រើនជាង​ ការ​រាំងខ្ទប់ ឬ​និយាយ​តាមបែប​ផ្សេង​ការប្រឡងប្រណាំង​គ្នា ដើម្បី​ការពារ​ប្រយោជន៍​ពលរដ្ឋ​។ ផ្ទុយទៅវិញ ការ​រាំងខ្ទប់ ឬ​ការរើសអើង​នយោបាយ ជា​មធ្យោបាយ​ដែល​ហួស​សម័យ​។ ហួស​សម័យ ព្រោះថា ប​ច្ច​ប្បន្ន​ប្រជាពលរដ្ឋ កាន់តែ​មាន​ភាពចាស់ទុំ​ខាង​ប្រជាធិបតេយ្យ និង កាន់តែ​ចេះ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ច្រើនជាង​មុន​។​

​ដូច្នេះ អាជ្ញាធរ​ដែល​មិនទាន់​ជម្រះ​ចោល​ទស្សនៈ​បែប​ចាស់គំរឹល​ និង​ ហួស​សម័យ​មួយចំនួន គួរតែ​ចោល​ទម្លាប់​ដែល​ធ្លាប់​តាំង​ខ្លួនឯង ជា​ការហ្វាយ​ប្រជាពលរដ្ឋ ហើយ​ប្រែក្លាយជា​អ្នកបម្រើ​ដ៏​ល្អ​របស់​ពលរដ្ឋ ឱ្យស្រប​ទៅ​តាមច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​នានា​។ ការធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន មាន​អព្យាក្រឹតភាព គឺជា​បេសកកម្ម​ដ៏​សំខាន់​មួយ ដើម្បី​ឈានទៅ​លុបបំបាត់ ​ការរើសអើង​ផ្នែក​នយោបាយ​នៅ​សង្គមខ្មែរទាំងមូល៕

 

 

 


ព័ត៌មានផ្សេងទៀត