អាវុធហត្ថ​៖ ចាប់ខ្លួន​ឈ្មោះ​សន សំនៀង មិនមែន​ជា​ការ​បំបិទមាត់​ទេ​

18-07-2018 6:26 pm
  ស្តាប់
ស្តាប់ជាសំឡេង

​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៨ កក្កដា​នេះ បាន​សន្និសីទ​សារព័ត៌មាន ដើម្បី​បញ្ជាក់ឲ្យ​លម្អិត​ជុំវិញ​ការចាប់ខ្លួន​ម្ចាស់​គណនី Facebook ឈ្មោះ «​យមរាជ លោកីយ៍​» ឈ្មោះ​ពិត សន សំនៀង ជា​អតីតមន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ធំ ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត លើ​ហ្វេ​សប៊ុក ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយ​សកងរាជ​អាវុធហត្ថ​ទូទាំង​ប្រទេ​ស​។ 

​លោក​អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​ប្រាប់​មុខអ្នក​សារព័ត៌មាន​ថា ជុំវិញ​សំណុំរឿង​របស់​លោក​សន សំនៀង នា​ពេលកន្លងមក គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កងរាជអាវុធហត្ថ​ទេ​។ គ្រប់​យ៉ាង​គឺ​ជា​ចំណាត់ការ​របស់​តុលាការ​សុទ្ធសាធ ហើយ​បើ​គិតថា អាវុធហត្ថ មាន​ភាពមិនប្រក្រតី អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​បាន​។​

​អ្នកនាំពាក្យ​រូប​នេះ ក៏​បាន​បង្ហាញ​កំហុស​៦​ករណី​របស់​លោក​សន សំនៀង ក្នុងអំឡុងពេល​បំពេញ​តួនាទី​ជា​មន្ត្រី​អាវុធហត្ថ​។ ករណី​ធំ​ផុត ក្នុងចំណោម​៦​ករណី គឺ​ការចុះ​បង្ក្រាប​គ្រឿងញៀន ជា​ប្រភេទ​កញ្ឆា​ក្រៀម​ចំនួន​១៦៦​កញ្ចប់ ទម្ងន់​១៦៦​គីឡូក្រាម នៅ​ឆ្នាំ​២០១៣​។ អ្នកនាំពាក្យ​រូប​នេះ បាន​អះអាង​ថា​...៖

សំឡេង​

​យ៉ាងណាមិញ បើ​តាម​ការអះអាង​ពី លោក​សន សំនៀង អតីតមន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ នៅលើ​ហ្វេ​សប៊ុក នា​ពេល​កន្លងមក​ថា ខ្លួន​ត្រូវបាន​បាត់បង់​ដំណែង ក្នុង​កងរាជអាវុធហត្ថ​ទាំង​អយុត្តិធម៌ ដោយសារ​ការបង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន ១៧២ គីឡូក្រាម កាលពី​ឆ្នាំ ២០១៣ ដែល​លោក​ថា ជា​របស់​បុគ្គល​មាន​ឥទ្ធិពល​។ លោក​បន្ថែមថា ក្នុង​រយៈពេល​៣​ឆ្នាំ លោក​ត្រូវ​អស់​ទ្រព្យសម្បត្តិ ផ្ទះសម្បែង សរុប​ជា​ប្រាក់​រាប់​សិន​ម៉ឺន​ដុល្លារ សម្រាប់​តវ៉ា​រឿង​ក្តី​នៅ​តុលាការ ដើម្បី​បញ្ចប់​សំណុំរឿង​។ 

សំឡេង

​អតីតមន្ត្រី​អាវុធហត្ថ ឈ្មោះ សន សំនៀង ត្រូវបាន​ឃាត់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​។ ពាក់ព័ន្ធ​ការចាប់ខ្លួន​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នោះ និយាយថា ជា​ការចាប់​បំបិទមាត់​ជនរងគ្រោះ​ច្រើនជាង​ការអនុវត្ត​ច្បាប់ ព្រោះ​លោក សន សំនៀង បកអាក្រាត​ទង្វើ​ខុស​ច្បាប់​របស់​ស្ថាប័ន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ រហូត​ដល់​ពលរដ្ឋ​បានដឹង​ឮ​ជាទូទៅ​។​

​ជុំវិញ​បញ្ហា​នេះដែរ ត្រូវបាន​លោក​អេង ហ៊ី អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អះអាង​ថា ការឃាត់ខ្លួន មិនមែន​ជា​ការ​បំបិទមាត់​ទេ តែ​ជា​ការប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។​

សំឡេង​

​លោក​អេង ហ៊ី បាន​បន្ថែមថា អាវុធហត្ថ​បានរៀបចំ​មេធាវី​ដើម្បី​ប្តឹង​លើ​ឈ្មោះ​សន សំនៀង និង​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ផ្សេងៗ បើសិន​មាន​ការជាប់​ពាក់ព័ន្ធ​។ ជាមួយគ្នា ក្នុង​ករណី​ចាំបាច់ នោះ​នឹង​មាន​ការផ្ទេរ​សមត្ថកិច្ច​ស៊ើបអង្កេត​ឲ្យទៅ​អាជ្ញាធរ​ខេត្ត​ផ្សេង​។​

​សំឡេង

​លោក​សន សំនៀង ធ្លាប់បាន​អះអាង​ថា ស្ថានភាព​លំបាក​តោកយ៉ាក​របស់ខ្លួន នាពេលនេះ ក៏​ព្រោះ​ដោយសារតែ​លោក​ហុង ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​។ យ៉ាងណាមិញ គេ​នៅ​មិនទាន់​ដឹង​ថា ការចោទប្រកាន់​នេះ ជា​ការពិត ឬក៏​យ៉ាងណា​នោះដែរ ខណៈ​ដែល​មាន​សាធារណៈ​មតិ​ជាច្រើន ស្នើឲ្យ​បង្កើត​គណៈកម្មការ​ថ្នាក់​ជាតិ​មួយ ស៊ើបអង្កេត​ជុំវិញ​ករណី​នេះ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត