ដល់​ពេល​ដែល​លោក​ត្រាំ​​និង​លោកពូ​ទីន​​ត្រូវ​ដោះស្រាយ​​ជម្លោះ​​ជាមួយគ្នា​​ហើយ​?

17-07-2018 4:36 pm 1093
លោកដូណាល់ ត្រាំ(ឆ្វេង)​​និ​ងលោកវ្លាឌីមៀ ពូទីនពេលជួបគ្នា

​លោក​វ្លា​ឌី​មៀ ពូ​ទីន​និង​លោក​ដូណាល់ ត្រាំ ធ្លាប់បាន​ប្រកាស​ជា​យូរ​មកហើយ​ថា នឹង​ជួបគ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​។ លោកពូ​ទីន​ធ្លាប់​និយាយថា លោក​រីករាយ​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​អាមេរិក ហើយ​លោក​ត្រាំ​ក៏​រីករាយ​នឹង​ជួប​លោកពូ​ទីន​ដែរ​។ តាំងពី​ចូល​កាន់តំណែង​ជិត​១៨​មកនេះ លោក​ត្រាំ​បាន​ជួប​លោកពូ​ទីន​៣​លើក​ហើយ​។ កិច្ច​ជំនួប​កាលពី​ថ្ងៃទី​១៦​កក្កដា​នៅ​ប្រទេស​ហ្វាំង​ឡ​ង់ ដែលជា​ជំនួប​លើក​ទី​បី សម្រេចបាន​លទ្ធផល​វិជ្ជមាន​មួយចំនួន និង​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​មួយចំនួន​។ ប៉ុន្ដែ​ថ្នាក់ដឹកនាំ​ទាំងពីរ​បញ្ជាក់ថា នឹង​ជួប​ពិភាក្សាគ្នា​នៅពេល​ក្រោយ​ទៀត​។ តើ​ពិតជា​ដល់ពេល​ហើយ​ឬ ដែល​អាមេរិក​និង​រុស្ស៊ី ត្រូវ​ចាប់ដៃ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន និង​បញ្ហា​ពិភពលោក​ជាមួយគ្នា​?

​ជា​បន្ដ​សូម​ស្ដាប់ សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖ 

​សំឡេង​៖

​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​រុស្ស៊ី​បាន​តានតឹង​កាន់តែខ្លាំង បន្ទាប់ពី​រុស្ស៊ី​បញ្ចូល​តំបន់​គ្រីមេ​របស់​អ៊ុ​យក្រែន ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៤ និង​បន្ទាប់ពី​រុស្ស៊ី​បាន​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទៃក្នុង​អ៊ុ​យក្រែន តាមរយៈ​ការគាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ផ្ដាច់ខ្លួន​នៅ​តំបន់​ភាគ​អ៊ុយ​ក្រែន​ជាដើម​។ ក្រោយមកទៀត​មាន​ការពាក់ព័ន្ធ​នឹង​វិបត្ដិ​នៅ​ស៊ី​រី ដោយ​អាមេរិក​គាំទ្រ​ភាគី​ក្រុម​ប្រដាប់អាវុធ​នៅ​ស៊ី​រី ចំណែក​រុស្ស៊ី​គាំទ្រ​ដល់​រដ្ឋាភិបាល​ស៊ី​រី​លោក​បា​សា អាល់​អាសាដ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នា​ពេលកន្លងមក​។​

​ជម្លោះ​ពីមុន​មិនទាន់​ដោះស្រាយបាន​ផង អាមេរិក​និង​រុស្ស៊ី​បាន​ផ្ទុះ​រឿង​ថ្មី​មួយទៀត គឺ​រុស្ស៊ី​រង​ការចោទប្រកាន់ថា​បាន​ចូលទៅ​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦​។ កាលនោះ​មាន​ការចោទប្រកាន់ថា​រុស្ស៊ី​បាន​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត បំផ្លាញ​ទិន្នន័យ និង​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ ក្នុងន័យ​ជួយ​ឲ្យ​លោក​ដូណាល់ ត្រាំ​បានឈ្នះ​ការបោះឆ្នោត ហើយ​បំផ្លាញ​ប្រជាប្រិយភាព​របស់​អ្នកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។ ប៉ុន្ដែ​រុស្ស៊ី​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​។ យ៉ាងណាមិញ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក នៅ​បន្ដការងារ​ស៊ើបអង្កេត​ករណីនេះ ហើយ​ដាក់​ការសង្ស័យ​លើ​មន្ដ្រី​រុស្ស៊ី​ចំនួន​១២​រូប​ផងដែរ​។ 

​ចន្លោះពេល​ទំនាក់ទំនង​កំពុង​ល្អក់កករ មេដឹកនាំ​ប្រទេស​ទាំងពីរ​គឺ​លោក​ដូណាល់ ត្រាំ​និង​លោកពូ​ទីន បាន​ណាត់​ជួបគ្នា​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ធំៗ​។ តាមពិត​ប្រធានាធិបតី​ទាំងពីរ បាន​ជួបគ្នា​បី​ដង​ទាំង​លើក​នេះហើយ​ចាប់តាំងពី​លោក​ដូណាល់ ត្រាំ​ចូល​កាន់តំណែង​ជិត​១៨​ខែ​។ លើកទីមួយ​ជួបគ្នា​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​កាលពី​ខែកក្កដា​ឆ្នាំ​២០១៧ នៅពេល​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​លោក​។ លើក​ទី​ពីរ​ជួបគ្នា​ក្នុងប្រទេស​វៀតណាម កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ពេល​ចូលរួម​កិច្ចប្រជុំ​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក និង​លើក​ទី​បី​នៅក្នុង​ទីក្រុង​Helsinki​ប្រទេស​ហ្វាំង​ឡ​ង់ កាលពី​ថ្ងៃទី​១៦​កក្កដា​ឆ្នាំ​២០១៨​។​

​នៅក្នុង​កិច្ចប្រជុំ​នៅ​ហ្វាំង​ឡ​ង់ ថ្នាក់ដឹកនាំ​ទាំង​ពីរបាន​ពិភាក្សា​ពី​បញ្ហាសំខាន់ៗ​ជាច្រើន​ដូចជា វិបត្ដិ​ស៊ី​រី វិបត្ដិ​អ៊ុ​យក្រែន  ការដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ការគ្រប់គ្រង​អាវុធ នុយក្លេអ៊ែរ​កូរ៉េខាងជើង ករណី​ចោទប្រកាន់ថា​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​អាមេរិក និង​ការ​រឹតចំណង​មិត្ដ​ភាពឡើ​ង​វិញ​ជាដើម​។ ក្នុងចំណោម​បញ្ហាសំខាន់ៗ មាន​ពីរ​ចំណុច​ដែល​លោក​បាន​ផ្ដល់ព័ត៌មាន​លម្អិត​ក្នុងពេលធ្វើ​សន្និសីទកាសែ​ត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ គឺ​ការ​រឹត​ចំណងមិត្ដភាព និង​ការចោទប្រកាន់ថា​រុស្ស៊ី​ចូល​ជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​អាមេរិក​។ លោកពូ​ទីន​និង​លោក​ត្រាំ​បង្ហាញ​ពី​ឆន្ទៈ​រឹត​ចំណងមិត្ដភាព ដោយ​ប្ដេជ្ញា​នឹង​ធ្វើការ​រួមគ្នា​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​។

ចំណែក​ការចោទប្រកាន់ថា​រុស្ស៊ី​ចូល​ជ្រៀតជ្រែក​ការបោះឆ្នោត​នៅ​អាមេរិក​កាលពី​ឆ្នាំ​២០១៦ លោកពូ​ទីន​នៅតែ​បដិសេធ​ដាច់អហង្ការ​។ លោក​ថា​រុស្ស៊ី​មិនបាន​ពាក់ព័ន្ធ ហើយក៏​គ្មាន​បំណង​នឹង​ពាក់ព័ន្ធ​ដែរ​។ ចំណែក​លោក​ដូណាល់ ត្រាំ បាន​គាំទ្រ​លោកពូ​ទីន និង​និយាយថា​លោក​មើលមិនឃើញ​ហេតុផល ដែល​រុស្ស៊ី​ចូលទៅ​រំខាន​ការបោះឆ្នោត​អាមេរិក​ឡើយ​។​

​ដោយឡែក​សម្រាប់​បញ្ហា​ផ្សេងទៀត​ដូចជា វិបត្ដិ​នៅ​ស៊ី​រី បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជាដើម លោក​ត្រាំ​និង​លោកពូ​ទីន​មិនបាន​ឈានដល់​កិច្ចព្រមព្រៀង​ណាមួយ​ទេ ហើយក៏​គ្មាន​ការបកស្រាយ​លម្អិត​ពី​បញ្ហា​ទាំង​នោះដែរ ប៉ុន្ដែ​លោក​នឹង​ពិភាក្សាគ្នា​ម្ដងទៀត​នៅពេល​ក្រោយ​។​

​កិច្ច​ជំនួប​របស់​មេដឹកនាំ​ទាំងពីរ ក៏​មានការ​ចោទ​សួរថា តើ​ដល់ពេល​ហើយ​ឬ​ដែល​រុស្ស៊ី​និង​អាមេរិក ចាប់ផ្ដើម​ពិភាក្សា​ដោះស្រាយ​វិបត្ដិ​ជាមួយគ្នា​? តាមពិតទៅ​សម្រាប់​ភាគី​រុស្ស៊ី លោកពូ​ទីន​បានប្រកាស​តាំងពី​លោក​ដូណាល់ ត្រាំ​មិនទាន់​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​។ កាលនោះ​លោកពូ​ទីន​និយាយថា លោក​ស្វាគមន៍​ជានិច្ច​ការស្ដារ​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​រុស្ស៊ី​។ លោក​សង្ឃឹមថា​ក្រោយពេល​លោក​ដូណាល់ ត្រាំ​ឈ្នះឆ្នោត រដ្ឋាភិបាល​រុស្ស៊ី​និង​រដ្ឋាភិបាល​ថ្មី​អាមេរិក អាច​មើលមុខ​គ្នា​ចំ អាច​បញ្ចប់​រាល់​វិវាទ​ដែលមាន​។​

​រីឯ​លោក​ដូណាល់ ត្រាំ​ធ្លាប់​ប្រកាសថា លោក​នឹង​ជួប​លោកពូ​ទីន​ដោះស្រាយ​ជម្លោះ​ជាមួយគ្នា​។ ដូច្នេះ​ចំពោះ​កិច្ច​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ​នៅពេលនេះ មិនមែនជា​រឿង​ចម្លែក​ទេ ផ្ទុយទៅវិញ​ជាការ​ធ្វើតាម​អ្វីដែល​ធ្លាប់​និយាយ​ពីមុន​។ ការមិន​ជួបគ្នា​ក្រោយពេល​លោក​ត្រាំ​ជាប់ឆ្នោត​ភ្លាមៗ ដោយសារតែ​រុស្ស៊ី​ត្រូវ​ក្រុម​ស៊ើបការណ៍​អាមេរិក​ចោទប្រកាន់ ថា​បាន​រំខាន​ដល់​ការបោះឆ្នោត និង​បាន​ជួយ​លោក​ដូណាល់ ត្រាំ​ឲ្យ​ឈ្នះ​ជា​ប្រធានាធិបតី​។ តែ​ពេលនេះ​ដល់​ពេលដែល​លោកពូ​ទីន​និង​លោក​ត្រាំ ត្រូវ​បង្ហាញ​ឲ្យ​ពិភពលោក​បានឃើញ ពីអ្វី​ដែល​បាន​សន្យា​ហើយ​។ 

យ៉ាងណាមិញ នេះ​ជា​ដំណាក់កាល​ចាប់ផ្ដើម​របស់​មេដឹកនាំ​ទាំងពីរ ដើម្បី​ដោះស្រាយ​វិវាទ​រ៉ាំរ៉ៃ​។ នៅ​មានរឿង​ច្រើន​ទៀត​ត្រូវ​ចាប់ដៃ​សហការ ដ្បិត​ពេល​ភាពចម្រូងចម្រាស​មិនអាច​បញ្ចប់​បាន ដោយ​គ្រាន់តែ​ជួបគ្នា​ត្រឹម​បី​ដង​នេះ​ទេ​។ បើសិន​លោកពូ​ទីន​និង​លោក​ត្រាំ​អាច​ស្វែងរក​ទំនាក់ទំនង​ល្អូកល្អិន​នឹង​គ្នា​បាន វា​ក៏​ជា​ការពេញចិត្ដ​របស់​ប្រជាជន​ប្រទេស​ទាំងពីរ ហើយ​អន្ដរជាតិ​ក៏មាន​អារម្មណ៍​កក់ក្ដៅ លែង​បារម្ភ​ខ្លាច​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ បង្ក​អសន្ដិសុខ​តទៅទៀត​៕

ព័ត៌មានផ្សេងទៀត