ការពិសោធន៍​៖​​មន្ទិល​សង្ស័យ​​លើ​គុណ​​ភាព​«​ទឹកខ្មៅ​»​​អាច​នឹង​​បញ្ចប់​

17-07-2018 2:42 pm
  ស្តាប់
ការពិសោធន៍គុណភាពទឹកខ្មៅនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។ រូបភាពពី CEN
ស្តាប់ជាសំឡេង

​ក្រោយពី​មាន​ភាពមន្ទិលសង្ស័យ ទាក់ទង​នឹង​គុណភាព​នៃ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​អ្នក​បោះឆ្នោ នៅ​ថ្ងៃទី ១៧ ខែកក្កដា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  បានធ្វើការ​ពិសោធន៍​សា​ក​ល្បង​គុណភាព​ជាមួយ​ភាគី​ពាក់ព័ន្ធ​។ ជា​លទ្ធផល​ក្រោយ​ពិសោធន៍ គ​.​ជ​.​ប និង ភាគី​ពាក់ព័ន្ធ សុទ្ធតែ​អះអាង ស្រដៀង​គ្នា​ថា ទឹកខ្មៅ​ជ្រលក់​ម្រាម​ដៃដែល​គ​.​ជ​.​ប បញ្ជា​ទិញ​ពី​ប្រទេស​ឥណ្ឌា ពិតជា​មាន​គុណភាព​ខ្ពស់ មិនអាច​លាង​ជ្រះ​បានទេ​។

​ដូច​ការគ្រោងទុក​នៅ​ថ្ងៃទី​១៧ កក្កដា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានធ្វើការ​ពិសោធន៍​សា​ក​ល្បង​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ សម្រាប់​ប្រើប្រាស់​នៅក្នុង​ការបោះឆ្នោត ជ្រើសតាំង​ណា​ង​រាស្ត្រ នីតិកាល​ទី​៦​។ ការពិសោធន៍ ធ្វើឡើង​ក្រោម​ក្រសែភ្នែក​ឃ្លាំមើល ពី​គ្រប់ភាគី ពាក់ព័ន្ធ​មានដូចជា តំណាង​គណបក្សនយោបាយ សង្គម​ស៊ីវិល ម្ចាស់ជំនួយ​។​

​ដំណើរការ​សាកល្បង​មាន​អ្នកចូលរួម​ចំនួន​១២​នាក់ ក្នុងនោះ​មាន​ទាំង​តំណាង​បក្សនយោបាយ សង្គម​ស៊ីវិល និង មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប ហើយ​ការសាកល្បង​នោះ អ្នក​ពិសោធន៍ បាន​ប្រើ​ជាមួយ ផលិតផល​សាប៊ូ ឬ​ទឹក​ថ្នាំ ចំនួន​៥​ប្រភេទ​ផ្សេងៗ​គ្នា​។ ជា​លទ្ធផល​ក្រោយ​ពិសោធន៍ គ​.​ជ​.​ប បានប្រកាសថា ទឹកខ្មៅ​ជ្រលក់​ម្រាម​ដែល​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ឥណ្ឌា គឺ​ពិតជា​មាន​គុណភាព​ខ្ពស់ មិនអាច​លាង​ជ្រះ​។

​លោក សំ គន្ធា​មី ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​និចហ្វិច ដែល​ចូលរួម​សាកល្បង ក្នុង​ពិធី​ពិសោធន៍ ថ្លែង​ទទួលស្គាល់​ពី​គុណភាព​ទឹកខ្មៅ  ហើយ​លោក​យល់ថា ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​អ្នកបោះឆ្នោត​នេះ អាច​យកមក​ប្រើប្រាស់​បាន ក្នុង​ការបោះឆ្នោត នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា ខាងមុខ​។ លោក​សំ គន្ធា​មី បន្ថែមទៀតថា ទឹកខ្មៅ​សម្រាប់​ប្រើ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨​នេះ មិន​ខុសគ្នា​ប៉ុន្មាន​នឹង​ទឹកខ្មៅ ប្រើ​កាលពី​បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់​ឆ្នាំ​២០១៧​នោះទេ​។​

​ដោយឡែក​សម្រាប់ តំណាង​គណបក្សនយោបាយ សង្គម​ស៊ីវិល ម្ចាស់ជំនួយ​ផ្សេងទៀត ដែល​បាន​ចូលរួម​សាកល្បង សុទ្ធតែ​អះអាង ស្រដៀង​គ្នា​ថា ទឹកខ្មៅ​ជ្រលក់​ម្រាម​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ឥណ្ឌា ពិតជា​មាន​គុណភាព​ខ្ពស់​ពិតប្រាកដ​មែន​។​

​គួរ​បញ្ជាក់ថា ដើម្បី​ប្រើប្រាស់​នៅក្នុង​ការបោះឆ្នោត ជ្រើសតាំង​ណា​ង​រាស្ត្រ នីតិកាល​ទី​៦ គ​.​ជ​.​ប បាន​ចំណាយ​ថវិកា​ប្រមាណ ៨​សែន​ដុល្លា ក្នុង​ការបញ្ជាទិញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ ពី​ប្រទេស​ឥណ្ឌា មាន​ចំនួន​៥​ម៉ឺន ១​ពាន​ដប ហើយ​ក្នុង​១​ដប​មាន​ចំណុះ ៧០​មី​លី​លីត្រ និង សារធាតុ​ប្រាក់​នីត្រាត ២៥​ភាគរយ​។ បច្ចុប្បន្ន​ទឹកខ្មៅ​ទាំងអស់នោះ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​៧ កក្កដា ហើយ​គ្រោង​ដឹកជញ្ជូន​ទៅតាម​មណ្ឌលបោះឆ្នោត​នៅ​ទូទាំងប្រទេស​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ចំពោះ​ការពិសោធន៍​សាកល្បង​គុណភាព​ទឹកខ្មៅ​នៅថ្ងៃនេះ​វិញ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្សាយ​ព័ត៌មាន​របស់​សកម្មជន​អតីត​គណបក្សប្រឆាំង ដែល​អះអាងថា “​ជំនាញការ​វៀតណាម ជា​អ្នកផ្តល់​ថ្នាំ​ជ្រលក់​ដៃ ហើយ​មាន​លាយ​ជាមួយ​អាស៊ីត​នីទ្រិច និង ថ្នាំ​លាង រ៉ែ​មាស​ស្យា​នី​ត ដែល​អាច​សម្លាប់​មនុស្ស បួន​ម៉ោង​ក្រោយពេល​ជ្រលក់​ម្រាមដៃ​។​

​យ៉ាងណាក៏ដោយ ក្រោយពី​មាន​ការផ្សព្វផ្សាយ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ការផ្សព្វផ្សាយ​របស់​សកម្ម​ជន​បក្សប្រឆាំង​ថា ជាការ​ឆបោក ដែលមាន​ចេតនា​បង្ក​ចលាចល អសន្តិសុខ និង​សណ្តាប់ធ្នាប់​ដល់​ប្រទេសជាតិ និង បំភ័យ​ប្រជាជន​កុំឱ្យ​ទៅ​បោះឆ្នោត​នៅក្នុង​ថ្ងៃ​បោះឆ្នោតជាតិ​ខាងមុខ​។ ហើយ​លោក បាន​ស្នើឱ្យ គ​.​ជ​.​ប ធ្វើ​ការបំភ្លឺ និង បញ្ជា​ដល់​សមត្ថកិច្ច អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​នាំខ្លួន​ជន​ទុច្ចរិត​ទាំងនោះ មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​ផងដែរ​។​

​សូម​ជម្រាបជូន​ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ ដែលមាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​។ ជា​ការបោះឆ្នោត ដែល​សហគមន៍​អន្តរជាតិ​មួយចំនួន បានធ្វើការ​រិះគន់ថា មិន​ស្របតាម​គោលការណ៍​សេរី​ពហុបក្ស ព្រោះ​អវត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​៕

ព័ត៌មានផ្សេងទៀត