ការអំពាវនាវ​​ឱ្យ​ពលរដ្ឋ​​មិន​ទៅ​​បោះឆ្នោត​​ដូច​ព្រះមហាក្សត្រ​​ជា​ល្បិច​​ទុច្ចរិត​​ឬ​​?​

16-07-2018 11:33 am 1054
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ចេញទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាង​មុន ដោយ​យក​គំរូ​តាម​ព្រះមហាក្សត្រ ដើម្បី​រក្សា​ជំហរ​អព្យាក្រិត​។ ប៉ុន្តែ​ការអំពាវនាវ​របស់​អតីត​មេ​បក្សប្រឆាំង​នេះ ត្រូវបាន​អ្នកជំនាញ​រិះគន់ថា ជា​ល្បិច​ទុច្ចរិត​បោកប្រាស់​ប្រជាជន​។ ដូច្នេះ តើ​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត ដូច​ព្រះមហាក្សត្រ ជា​ល្បិច​ទុច្ចរិក​មែនឬ​?

«​ព្រះមហាក្សត្រ មិន​យាង​ទៅ​បោះឆ្នោត​ទេ ពីព្រោះ​ព្រះអង្គ​ប្រកាន់​ជំហរ​អព្យាក្រិត​។ ជំហរ​អព្យាក្រិត​នេះ នរណា​ក៏​ប្រកាន់​បានដែរ ទាំង​អ្នកធំ ទាំង​អ្នកតូច ពីព្រោះ​វា​ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ដែល​អ្នកដទៃ​ត្រូវតែ​គោរព​»​។ នេះ​ជា​ការអះអាង​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សម រង្ស៊ី បន្ថែមទៀតថា នៅ​ថ្ងៃ ២៩ កក្កដា ឆ្នាំ ២០១៨ ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ ប្រកាន់​ជំហរ​អព្យាក្រិត ដូច​ព្រះមហាក្សត្រ ដូច្នេះ អាជ្ញាធរ ទាំង​ថ្នាក់ជាតិ ទាំង​ថ្នាក់មូលដ្ឋាន មិនត្រូវ​ដើរ​សម្លុត ឬ​ដើរ​រករឿង​ពលរដ្ឋ ដែល​មិន​ទៅ​បោះឆ្នោត​នោះទេ​។​

​ក្នុង​ខិត្តប័ណ្ណ​ជា​អេឡិចត្រូនិច លេខ ៧ លោក​សម រង្ស៊ី បាន​សរសេរ​បន្ថែមទៀត​ថា ទោះបីជា​ព្រះមហាក្សត្រ ជា​ចំណាប់​ខ្លាំង​របស់​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែនក្តី ក៏​ព្រះអង្គ​មិន​យាង​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ កក្កា​ដា ខាង​មុន​ដែរ​។ ដូច្នេះ​លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ធ្វើតាម​ព្រះមហាក្សត្រ គឺ​មិន​ចេញទៅ​បោះឆ្នោត ដែល​លោក​ចាត់ទុកថា ជា​ការបោះឆ្នោត​ក្លែងក្លាយ​។

​ខិត្តប័ណ្ណ អេឡិចត្រូនិច​របស់លោ​ក​សម រង្ស៊ី​នេះ ហាក់​ពុំបាន​ពន្យល់​ឱ្យ​លំអិត អំពី​តួនាទី​របស់​ព្រះមហាក្សត្រ ចំពោះមុខ​បណ្តា​គណបក្សនយោបាយ​ឡើយ​។​

​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យ​កម្ពុជា ចាត់ទុក​ខិត្តប័ណ្ណ អេឡិចត្រូនិច​របស់លោ​ក​សម រង្ស៊ី​ថា ជា​ល្បិច​ទុច្ចរិត ទោះបី​លោក​សម រង្ស៊ី បានដឹងថា ច្បាប់​បាន​ហាម​ព្រះមហាក្សត្រ មិនឱ្យ​ចេញទៅ​បោះឆ្នោត​ក្តី​។ លោក​បណ្ឌិត កា ម៉ា​ធុល សាស្ត្រាចារ្យ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យ​កម្ពុជា បាន​ពន្យល់ថា តាមច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្ហាញ​ពី​អព្យាក្រិតភាព ចំពោះ​បណ្ដា​គណបក្សនយោបាយ ព្រះអង្គ​មិន​ទៅ​បោះឆ្នោត​នោះទេ ដូច្នេះ ការអំពាវនាវ​ឱ្យ​ប្រជាជន​មិន​ទៅ​បោះឆ្នោះ តាម​ព្រះមហាក្សត្រ គឺជា​ការបោកប្រាស់​ប្រជាជន​។​

​អ្នកជំនាញ​ដ៏​ដែល បានបញ្ជាក់​បន្ថែមទៀត​ថា តាមច្បាប់​ក៏បាន​ហាម​មិនឱ្យ​សមាជិក​ទាំង​៩​រូប​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប មិន​ឱ្យទៅ​បោះឆ្នោត​ដែរ ដើម្បី​បង្ហាញ​ពី​អព្យាក្រិតភាព​របស់ខ្លួ​ន ក្នុងនាម​ជា​អាជ្ញាកណ្តាល​។​

​យោងតាម​មាត្រា​៨ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​ចែងថា ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង និរន្តរភាព​ជាតិ ។ មាត្រា​៩ បានចែង​បន្ថែមទៀតថា ព្រះមហាក្សត្រ​ទ្រង់ មាន​តួនាទី​ខ្ពង់ខ្ពស់ ជា​អាជ្ញាកណ្តាល ដើម្បី​ធានា​ការប្រព្រឹត្តទៅ​នៃ​អំណាច​សាធារណ​ឱ្យមាន​ភាពទៀងទាត់​។​

​គួរ​បញ្ជាក់ថា នៅសល់​ជាង​១០​ថ្ងៃ​ទៀត​ទេ ការបោះឆ្នោត​អាណត្តិ​ទី​៦ នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។ ប៉ុន្តែ​គេ​កត់សម្គាល់​ឃើញថា អ្នកប្រើប្រាស់​ហ្វេ​សប៊ុក​ដែល​ភាគច្រើន​ជា​អ្នកគាំ​ទ្រ​គណបក្សកាន់អំណាច និង អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង បាន​ប្រជែង​គ្នា​ធ្វើ​យុទ្ធនា​ការជំរុញឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង ម្ខាង​ទៀត ប្រាប់​ពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត​។​

​សម្រាប់​អតីត​គណបក្សប្រឆាំង កំពុង​ធ្វើ យុទ្ធនាការ​ចង្អុលដៃ​ស្អាត គឺ​ចង់​បង្ហាញថា ពួកគេ​មិន​គាំទ្រ​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឡើយ​។ ដោយឡែក​សម្រាប់​អ្នកគាំទ្រ​គណបក្សកាន់អំណាច រាប់​ចាប់តាំងពី​មន្ត្រី​ធំៗ និង ពលរដ្ឋ​សាមញ្ញ បាន​ប្ដេជ្ញា​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា ដោយ​បង្ហាញ​ចង្អុលដៃ​មានទឹក​ថ្នាំ​ពណ៌​ខ្មៅ អមដោយ​ការប្ដូរ​ប្រូ​ហ្វាល​ហ្វេ​សបុក​ផង​។ តាមរយៈ​រូបភាព​នេះ ពួកគេ​បាន​អះអាង​ពី​ការពេញចិត្ត​នឹង​ដំណើរការ​បោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខ​។​

​យ៉ាងណាក៏ដោយ យុទ្ធនាការ​ទាំងពីរ​នេះ ត្រូវបាន លោក សម គន្ធា​មី ប្រធាន​អង្គការ​និចហ្វិក កត់សម្គាល់​ឃើញថា មិនសូវ​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឡើយ​។ មិន​ចាប់អារម្មណ៍​ក៏​ដោយសារតែ​ពលរដ្ឋ ដឹង​ច្បាស់​ថា ពួកគេ​នឹងធ្វើ​អ្វី​នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខ​។ រីឯ​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប វិញ​។ លោក​ចាត់ទុក យុទ្ធនាការ​ទាំងពីរ​នេះ​ថា គ្រាន់តែ​ជា​សិទ្ធិសេរីភាព​របស់​គាំទ្រ​គណបក្សនយោបាយ​នី​មួយៗ​ប៉ុណ្ណោះ​។ ពោលគឺ​មិនមែនជា​យុទ្ធនាការ មួយ​គួរឱ្យ​ព្រួយបារម្ភ រហូតដល់​ធ្វើឱ្យប៉ះពាល់​ដំណើរការ​បោះឆ្នោត​ទេ​៕

ព័ត៌មានផ្សេងទៀត