ករណី​ពុល​ស្រា​ខេត្តក្រចេះ​៖ តើ​ម្ចាស់​សិប្បកម្ម​ត្រូវ​ទទួលខុសត្រូវ​បែបណា​?

15-07-2018 5:41 pm
  ស្តាប់
ការចុះបិទទីតាំងផលិតស្រាដែលពលរដ្ឋនៅក្នុងភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ បានទិញយកទៅផឹកមុនពេលមានអាការៈពុល កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។ រូបថត៖ ហ្វេសប៊ុក
ស្តាប់ជាសំឡេង

​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ស្នួល​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​រងគ្រោះ​ដោយសារ​ការពុល ដែល​គេ​ដាក់​ការសង្ស័យ​ថា​បណ្ដាលមកពី​ស្រាស​។ ករណី​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​បណ្ដាល​ឲ្យ​ពលរដ្ឋ​ចំនួន​២​នាក់​បាត់បង់​ជីវិត និង​ពលរដ្ឋ​ប្រមាណ​៥០​នាក់​ផ្សេង​ទៀត​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ រហូតមកដល់​ថ្ងៃ​អាទិត្យ​នេះ​។ នៅ​មិនទាន់​មាន​ការអះអាង​ច្បាស់លាស់​ពី​ក្រសួង​សុខាភិបាល​ទេ​ថា នេះ​ជា​ការពុល​ស្រា​ពិតប្រាកដ​ឬ​យ៉ាងណា ខណៈ​ពួកគេ​មាន​អា​ការៈពុល​បន្ទាប់ពី​បាន​ផឹក​ស្រាស​។ យ៉ាងណា​ក៏ដោយ​ចុះ​កាលពីដើម​ខែ​ឧសភា​កន្ល​ង​ទៅ ពលរដ្ឋ​ក្នុង​ខេត្តក្រចេះ​ចំនួន​១៣​នាក់​បាន​ស្លាប់ និង​ជាង​១​រយ​នាក់​មាន​អា​ការៈពុល ដែល​ត្រូវបាន​អះអាង​យ៉ាង​ច្បាស់​ពី​ក្រសួង​ចំនួន​៣​ថា​បណ្ដាលមកពី ស្រាស​។ តើ​ម្ចាស់​ស​គ្រា​ស ឬ​សិប្បកម្ម​ផលិត​ចំណី​អាហារ ឬ​ស្រាស ដែល​ធ្វើឲ្យ​មាន​ការពុល​បែបនេះ​ត្រូវ​ប្រឈមមុខ បែប​ណា​ចំពោះ​ផ្លូវច្បាប់​?  

​លោក គង់ គី​មនី អភិបាល​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​អះអាង​ប្រាប់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ពិតជា​មាន​ករណី​ពុល​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​លោក​ពិត​មែន​។ លោក​បន្ថែម​ទៀត​រហូត​មកដល់ពេលនេះ ពលរដ្ឋ​ដែល​បាត់បង់​ជីវិត មាន​ចំនួន​២​នាក់ និង​ប្រមាណ​៥០​នាក់ នៅ​បន្ត​ចេញ​ចូល​មន្ទីរពេទ្យ ដោយសារ​តែ​អាកា​រៈថប់ដើមទ្រូង ហត់ និង​ស្រវាំងភ្នែក​ជាដើម​។

​សំឡេង​លោក គង់ គី​មនី​៖ 

​លោក គង់ គី​មនី មិន​អាច​បញ្ជាក់​បាន​ទេ​ថា នេះ​ជា​ករណី​ពុល​ស្រា​ឬ​យ៉ាងណា ប៉ុន្តែ​លោក​អះអាងថា ព​ល​រដ្ឋ​រដ្ឋ​មាន​អា​ការៈពុល​បន្ទាប់ពី​ផឹកស្រា​ជុំគ្នា នៅក្នុង​ពិធី​បុណ្យសព​មួយ​។

​សំឡេង​លោក គង់ គី​មនី​៖ 

​វិទ្យុ​វាយោ​មិនអាច​សុំ​ការបញ្ជាក់​ពី​ក្រសួង​សុខាភិបាល​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ ប៉ុន្តែ​លោក លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​សៅរ៍ ថា​ក្រសួង​កំពុងតែ​ស្រាវជ្រាវ ស្វែងរក​ដើមចម​នៃ​ការពុល​នេះ​។​

យ៉ាងណា​ក៏ដោយ​ចុះ​នេះ​មិនមែន​ជា​ករណី​ពុល​លើក​ទី​១​នោះទេ សម្រាប់​ពលរដ្ឋ​នៅក្នុង​ខេត្ត​ក្រចេះ​។ កាលពីដើម​ខែ​ឧសភា ពលរដ្ឋ​ក្នុង​ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ​ចំនួន​១៣​នាក់​បាន​បាត់បង់​ជីវិត និង​ជាង​មួយ​រយ​នាក់ ត្រូវ​សម្រាក​ព្យាបាល​ជា​ច្រើន​ថ្ងៃ នៅ​មន្ទីរពេទ្យ​។ ករណី​នេះ​ត្រូវបាន​ក្រសួង​សុខាភិបាល ក្រសួង​រ៉ែ និង​ក្រសួង​ឧស្សាហកម្ម អះអាងថា ជា​ការពុល​ស្រាស ដែល​មាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់​។​

បើ​តាម​ការអះអាង​ពី​អាជ្ញាធរ សិប្បកម្ម​ផលិត​ស្រាស​ដែល​បណ្ដាលឲ្យ​ពុល​ប្រជាពលរដ្ឋ​នោះ ត្រូវ​បាន​បិទទ្វារ ឯ​ម្ចាស់​សិប្បកម្ម​ត្រូវបាន​នាំ​ទៅ​ធ្វើ​កិច្ចសន្យា ដោយ​ពុំ​មាន​ទោសទណ្ឌ​អ្វី​លើ​លពី​នេះ​នោះ​ទេ​។ ចំណាត់ការ​បែបនេះ ត្រូវ​បាន​រិះគន់​ដោយ​ពលរដ្ឋ​មួយចំនួន ដែល​ពួកគេ​អះអាងថា គួរតែ​មាន​ចំណាត់ការ​តឹងរ៉ឹង​ជាង​នេះ ដើម្បី​កុំឲ្យ​មាន​ការធ្វេសប្រហែ​ស​បណ្ដា​ល​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ជា​បន្ត​ទៀត​។​

លោកមេធាវី កែវ វ៉ាន្នី ​បាន​លើកឡើង​ថា ម្ចាស់​សិប្បកម្ម ឬ​សហគ្រាស​ផលិត​ចំណីអាហារ​ទាំងអស់ ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ និង​ធានា​ថា ផលិតផល​របស់​ខ្លួន មិន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​អ្នក​ទទួល​ទាន​។ លោក​ថា ប្រសិនបើ​ផលិតផល​ធ្វើឲ្យ​មាន​អ្នក​ស្លាប់​បែបនេះ ម្ចាស់​សិប្បកម្ម​អាច​ប្រឈម​ការ​ជាប់ពន្ធនាគារ​។

សំឡេង​លោក កែវ វ៉ា​ន្នី​៖ 

​ដោយឡែក លោក​មេធាវី សុក សំអឿន បាន​លើកឡើង​ថា ករណី​បែប​នេះ​អាស្រ័យទៅលើ ការស៊ើបអង្កេត និង​ភ័ស្ដុតាង​ជាក់ស្ដែង​។ ប្រសិនបើ​ការស៊ើបអង្កេត​រកឃើញ​ថា ម្ចាស់​ស​គ្រាស​ដឹងថា​ការផលិត​របស់​ខ្លួន អាច​ធ្វើឲ្យ​អ្នក​បរិភោ​គពុល ឬ​ស្លាប់ ប៉ុន្តែ​នៅតែ​បន្ត​ផលិត នោះ​នឹង​ត្រូវ​ទទួលទោស​យ៉ាង​ធ្ងន់ធ្ញរ។

សំឡេង​លោក សុក សំអឿន​៖ 

​លោក​សុក សំអឿន បន្ថែមទៀត​ថា​ជនរងគ្រោះ ឬ​គ្រួសារ​ជនរងគ្រោះ​អាច​ប្ដឹង ម្ចាស់​សហគ្រាស ឬ​សិប្បកម្ម​ដែល​បង្ករ​ហេតុ​បាន ដើម្បី​ទាមទារ​សំណង​រដ្ឋប្បវេណី និង​ប្ដឹង​ឲ្យ​ដាក់​ទោសទណ្ឌ​ជនបង្ករ​៕


ព័ត៌មានផ្សេងទៀត