អ្នកវិភាគ៖ លោកហ៊ុនម៉ាណែតអាចបន្តដំឡើងតំណែងដើម្បីជួយគាំទ្រអំណាចឪពុក

12-07-2018 5:22 pm 2623
(រូបភាពឯកសារ) លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចូលរួមក្នុងកម្មវិធីកងទ័ពនាពេលកន្លមក ។ រូបថតពី AP ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅជាអគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន ។ នេះបើតាមលិខិតត្រាស់បង្គាប់ ចុះថ្ងៃទី៦ កក្កដា ចុះហត្ថលេខាដោយ លោក សយ សុខា អគ្គលេខាធិការរាជរដ្ឋាភិបាល ។

ការតែងតាំងនេះ ត្រូវបានធ្វើជាជំហានៗ បន្ទាប់ពីប្រគល់ភារកិច្ចជាមេបញ្ជាការរងកងទ័ពជើងគោក ទៅជាមេបញ្ជាការកងទ័ពជើងគោកស្តីទី ក្រោយនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត និងបន្តប្រគល់ភារកិច្ចជានាយសេនាធិការចម្រុះស្តីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្តីទី ក្រោយលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ។

លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេងយល់ថា ការបន្តដំឡើងឋានៈនេះ ត្រូវបានគេមើលឃើញទាំងផ្លូវវិជ្ជមាន និងអវិជ្ជមាន ។ វិជ្ជមានត្រង់ថា លោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលបានតំណែង តែជាអវិជ្ជមាន គឺត្រូវបានគេមើលឃើញថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងដំឡើងកូនខ្លួនឯង ដើម្បីក្រាញអំណាច ។ ម្យ៉ាងទៀត លោកយល់ថា ការតែងតាំង ដំឡើងឋានៈនៅក្នុងដំណើរការនៃការបោះឆ្នោត ហាក់ដូចជាចង់គំរាមទុកជាមុនថា ទោះបីគណបក្សណាឈ្នះឆ្នោតក៏ដោយ ក៏មិនអាចឈ្នះដែរ ហើយអំណាចចុងក្រោយ នឹងត្រូវធ្លាក់មកលើត្រកូលហ៊ុនក៏ថាបាន ។ យ៉ាងណាក៏ដោយ លោកមើលឃើញថា មិនយូរទេ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អាចនឹងត្រូវបន្តដំឡើងតំណែងរហូតដល់ចំណុចកំពូលនៃកងយុទ្ធពលខេមរភូមិន្ទ ។

សូមស្តាប់កិច្ចសម្ភាសន៍រវាងអ្នកសារព័ត៌មានវិទ្យុវាយោ គង់ ឧត្តម និងលោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង …

ព័ត៌មានផ្សេងទៀត