តួ​ក​គី​កាត់ទោស​​មនុស្ស​៧២​នាក់​​ឲ្យ​ជាប់ពន្ធនាគារ​​មួយជីវិ​ត​​ពីបទ​​ពាក់ព័ន្ធ​​ការធ្វើ​រដ្ឋប្រហារ​

12-07-2018 4:21 pm 598
  ស្តាប់
រូបភាព​កងទ័ព​​ដែលចុះចាញ់​​ក្នុងការធ្វើ​រដ្ឋប្រហារ
ស្តាប់ជាសំឡេង

​តុលាការ​តួ​ក​គី​នៅ​ថ្ងៃទី​១២​កក្កដា​នេះ បាន​កាត់ទោស​មនុស្ស​៧២​នាក់​ឲ្យ​ជាប់ពន្ធនាគា​រអស់​មួយជីវិត ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ការធ្វើ​រដ្ឋប្រហារ​នៅ​តួ​ក​គី​កាលពី​ពីរ​ឆ្នាំមុន​។ ពួកគេ​បាន​ចូលរួម​ក្នុង​ការប៉ះទង្គិច​មួយ​នៅលើ​ស្ពាន​ក្នុង​ទីក្រុង​អ៊ី​ស្ដង់​ប៊ុល បណ្ដា​លឲ្យមនុស្ស​៣៤​នាក់​ស្លាប់ ក្នុងអំឡុងពេល​ធ្វើ​រដ្ឋ​ប្រហារ​។ នេះ​បើតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​តួ​ក​គី​អាណា​ដូលូ​។​

​សាលក្រម​អាច​នឹងត្រូវ​ប្រកាស​ដើម្បី​កាត់ទោស​មនុស្ស​៧១​នាក់​បន្ថែមទៀត ពីបទ​ពាក់ព័ន្ធ​ក្នុង​ការធ្វើ​រដ្ឋប្រហារ​ដូចគ្នា​។ ជនជាប់ចោទ​ត្រូវបាន​ចោទប្រកាន់​បានសម្លាប់​ជន​ស៊ីវិល​ដោយ​ចេតនា ក្រោយពេល​ប្រធានាធិបតី​តួ​ក​គី​លោក​Tayyip Erdogan អំពាវនាវ​ឲ្យ​ជន​ស៊ីវិល​ទាំងអស់នោះ ប្រឆាំងនឹង​ក្រុម​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​។ ចំពោះ​សាលក្រម​ដែល​បានចេញ​រួចហើយ ធ្វើឡើង​ស្របពេល​តួ​ក​គី​កំពុង​រៀបចំ​រំលឹក​ខួប នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៦​។​

​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​Tayyip Erdogan មិន​ទទួលបាន​ជោគជ័យ​ឡើយ​។ ផ្ទុយទៅវិញ​ត្រូវ​រង​បង្ក្រាប​យ៉ាង​ចាស់ដៃ ប្រឆាំងនឹង​ទាហាន មន្ដ្រីរាជការ និង​អ្នកសិក្សា​ជាច្រើន​ទៀត ដែល​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​សាសនា​មួយរូប ដែល​តួ​ក​គី​បន្ទោស​ថា​ជា​អ្នក​នៅ​ពីក្រោយ​។ តួ​ក​គី​បាន​ឃុំខ្លួន​មនុស្ស​១៦​ម៉ឺន​នាក់ និង​បាន​បណ្ដេញ​មន្ដ្រីរាជការ​ចេញពី​តំណែង​ជិត​១៦​ម៉ឺន​នាក់​ដែរ ចាប់តាំងពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មក​។ នេះ​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ខែមិថុនា​៕

ព័ត៌មានផ្សេងទៀត