រដ្ឋាភិបាល​​ដាក់​ចេញ​​គោល​ការណ៍​​៤​​ចំណុច​​កាត់​បន្ថយ​​ការ​នាំ​​ចូល​​បន្លែ​​ពី​​ក្រៅ​ប្រ​ទេស​​

12-07-2018 4:18 pm 2486
  ស្តាប់
ស្តាប់ជាសំឡេង

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម បាន​ដាក់ចេញ​គោលការណ៍​សំខាន់ៗ​៤​ចំណុច ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​បន្លែ និង​ធានា​ប្រាក់ចំណូល​ដល់​កសិករ​ខ្នាតតូច និង​ខ្នាត​មធ្យម ខណៈ​មួយឆ្នាំៗ កម្ពុជា បាន​ចំណាយ​លើ​ការនាំ​ចូល​បន្លែ​ពី​ក្រៅប្រទេស​ប្រមាណ ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ 

​នៅក្នុង​ពិធី​តាំង​ពិ​ព័​រណ៌​ផ្សារណាត់​បន្លែ និង​ផលិតផល​សុវត្ថិភាព ដែល​រៀបចំ​ដោយ អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រវែង នៅ​ព្រឹក​ថ្ងៃទី​១២ កក្កដា​នេះ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម ខិតខំ​ឲ្យអស់​លទ្ធភាព ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព សុវត្ថិភាព​បន្លែ ផ្លែឈើ និង​ផលិតផល​ផ្សេងៗ ដើម្បី​ធានា បាន​នូវ​តម្លាភាព​ទីផ្សារ សច្ចភាព និង​យុត្តិធម៌​ក្នុង​ការប្រកួតប្រជែង​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​គោលបំណង​ផលិត​ពូជស្រូវ​ក្រអូប និង​ផលិត​បន្លែ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស ដើម្បី​ធានា​និរន្តរភាព​នៃ​ប្រាក់ចំណូល​ដល់​កសិករ​ខ្នាតតូច និង​ខ្នាត​មធ្យម​។ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលបំណង​នេះ លោក​វេង សាខុន បាន​ណែនាំ​មន្ត្រី​អនុវត្តន៍​គម្រោង ផលិត និង​សហគមន៍​ផលិត ត្រូវ​អនុវត្តន៍​តាម​គោលនយោបាយ​របស់​ក្រសួង​ដូចជា​៖

​ទី​១. ធ្វើការ​បង្វែ​ទិសដៅ​ផលិត​ពី​ការផលិត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ទៅជា​ការផលិត​ដើម្បី​ធ្វើ​កសិពាណិជ្ជកម្ម កែប្រែ​សួន​បន្លែ​ទៅជា​ចំការ​បន្លែ​។ 

​ទី​២. បញ្ចូល​បច្ចេកទេស​ផលិត ការជ្រើសរើស​ពូជ ការប្រើ​ប្រព័ន្ធ​ដំណក់​ទឹក ការប្រើប្រាស់​ផ្ទះ​សំណាញ់ ដើម្បី​កាត់បន្ថយ​ហានិភ័យ បង្កើន​ផលិតភាព​ផលិតកម្ម​លើ​ផ្ទៃដី​ដដែល​។ 

​ទី​៣. កែលម្អ​ខ្សែ​ច្រវាក់​ផលិតកម្ម ផលិត​តាម​ផែនការ​ឬ​តាម​កម្មវិធី​ច្បាស់លាស់ ផលិត​តាម​ការបញ្ជាទិញ តាម​តម្រូវការ​ទីផ្សារ និង​ចាំបាច់ ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​អនុវត្តន៍​កសិកម្ម​ល្អ (GAP) ហើយ​ត្រូវធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​។ 

​ទី​៤. ត្រូវ​គិតគូរ​ពី​ការកែច្នៃ វេច​ខ្ចប់​ដើម្បី​បង្កើន​តម្លៃ​បន្ថែម ថែរក្សា ទុកដាក់ និង​មធ្យោបាយ​ដឹក ជញ្ជូន ផលិតផល ទៅកាន់​ទីផ្សារ ដើម្បី​ផ្តល់​សេវា​ឲ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​

​យ៉ាងណាក៏ដោយ បើតាម​តួលេខ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ក្នុង​១​ឆ្នាំៗ​កម្ពុជា បាន​នាំចូល​បន្លែ​គិត​ជា​បរិមាណ​ចំនួន​ជាង​១៤​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ គឺ​ស្មើនឹង​ជាង​ពាក់កណ្តាល​នៃ​បរិមាណ​តំរូវការ​បន្លែ​សរុប​នៅ​ក្នុងប្រទេស ហើយ​ការនាំ​ចូល​បន្លែ​នេះ​ទៀតសោត កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​។ ការនាំ​ចូល​បន្លែ​ពី​ក្រៅប្រទេស​នេះ ក៏​ជា​បញ្ហា​ប្រឈម​ចំពោះ​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ផងដែរ ដោយសារតែ​បន្លែ​ទាំងនោះ មាន​បន្លែ​ខ្លះ​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី​ច្រើន​៕ 


ព័ត៌មានផ្សេងទៀត