អវត្តមាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​អាច​រាំង​ស្ទះ​​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​​ទេ​?​

12-07-2018 3:45 pm 958
ផ្លាកសញ្ញារបស់អតីតគណបក្សសង្រ្គោះជាតិ។

​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តីទី​៦ ដែល​ប្រព្រឹត្តទៅ​នៅ​ខែ​ចុង​កក្កដា​ខាងមុខនេះ​កាន់តែ​ខិតចូល​មកដល់​ហើយ ប៉ុន្តែ​នៅ​មិនទាន់មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា អាច​ចូល​ប្រកួត​វិញ​បាន​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ សង្គ្រាមពាក្យសម្តី​រវាង​គណបក្សកាន់អំណាច និង ក្រុម​ប្រឆាំង កាន់តែ​មាន​បន្ត​ជា​លំដាប់​។ សញ្ញា​នេះ​បញ្ជាក់​ឱ្យឃើញថា ដំណើរការ​បោះឆ្នោត​ខាងមុខនេះ ប្រាកដជា​គ្មាន​វត្តមាន​របស់ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ តើ​អវត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឱ្យ​រាំងស្ទះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឬទេ​?

​ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ រហូតមកដល់​ពេលបច្ចុប្បន្ន គេ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ បើកផ្លូវ​ឱ្យ​បក្សប្រឆាំង​មួយ​នេះ អាច​ចូល​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តីទី​៦​បានឡើយ​។​ផ្ទុយទៅវិញ សង្គ្រាម​ប៉ាកកា ពាក្យសម្តី រវាង​គណបក្សកាន់អំណាច និង ក្រុមប្រឆាំង​ចេះតែ​បន្ត​កើតមាន​ជា​លំដាប់​។​

​ជា​ជំហ​របស់​គណបក្សកាន់អំណាច ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ បាន​បញ្ជាក់ថា «​ខ្មោច​ដែល​ស្លាប់​ហើយ គឺ​មិនអាច​រស់​ឡើងវិញ​បានទេ​» ពោលគឺ មានន័យថា ឈ្មោះ​អតីត​បក្សប្រឆាំង គឺ​នឹង​គ្មាន​កើតឡើង​សារជាថ្មី​ទៀតឡើយ​។ ប៉ុន្តែ​បក្ស​កាន់អំណាច ប្រកាស​បើកផ្លូវ​ឱ្យ​ក្រុមប្រឆាំង បង្កើត​បក្ស​ថ្មី ដើម្បី​ចូលរួម​ប្រកួតប្រជែង តាម​លក្ខណៈ​ប្រជាធិបតេយ្យ ដោយ​ចាត់ទុក​ជម្រើស​ល្អ  ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​នាំឱ្យ​ខាតបង់​ពេល​។​

​ក៏ប៉ុន្តែ​សម្រាប់​ក្រុម​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​នៅ​ក្រៅប្រទេស ពួកគេ​ប្រកាន់​ជំហ​រថា នឹងមិន​ទៅ​បង្កើត​គណបក្ស​ថ្មី តាម​យុទ្ធសាស្ត្រ​របស់​បក្ស​កាន់អំណាច ដែល​រៀបចំ​ទុក​នោះឡើយ​។ ហើយ​ពួកគេ នឹង​ជំរុញ​ឱ្យ​អន្តរជាតិ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមតែ​អាច​ធ្វើទៅបាន​។​

​ក្នុង​បរិបទ​បច្ចុប្បន្ន ក្នុង​ក្រសែភ្នែក​របស់​សហគម​ន៍​អន្តរជាតិ កំពុង​សម្លឹង​ឆ្ពោះទៅ​លើ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​គ្រា​អវត្តមាន​គណបក្សប្រឆាំង ហើយ​ថែមទាំង​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឱ្យ​រដ្ឋាភិបាល បើកផ្លូវ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង ថ្នាក់ដឹកនាំ​បក្ស​នេះ​អាច​ចូលរួម​ការបោះឆ្នោត តាមបែប​ប្រជាធិបតេយ្យ សេរី​ព ហុ​បក្ស​។

​តើ​អវត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឱ្យ​រាំងស្ទះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឬទេ​?

​ជា​ការពិត ការបោះឆ្នោត​មួយ​ដែល​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ ទាល់តែ​ការបោះឆ្នោត​នោះ មាន​តម្លាភាព និង គ្មាន​បញ្ហា​។ ផ្ទុយទៅវិញ ការបោះឆ្នោត​មួយ ដែល​គូបដិបក្ខ​នយោបាយ​មាន​ជម្លោះ​គ្នា​យ៉ាង​ស្រួចស្រាល់​រហូតដល់​គូប្រជែង​ដ៏​សំខាន់​ម្នាក់ មិនអាច​ចូលរួម​ក្នុង​ការបោះឆ្នោត​បាន​នោះ​ចៀស​មិន​ផុត​ឡើយ​ពី​ភាព​ល្អក់កករ និង ការរិះគន់​ពី​អន្តរជាតិ​មួយចំនួន​។ ក៏ប៉ុន្តែ និយាយ​បែបនេះ វា​ក៏​មិនមែន​មានន័យថា អវត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឱ្យ​ការបោះឆ្នោត​មិនអាច​ដំណើរការបាន​នោះដែរ​។

​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ អ្នកនយោបាយ​ខ្មែរ ហាក់​កំពុង​ចែក​ប៉ូល​គ្នា​ដើរ​ជា​ពីរ​។ សម្រាប់​គណបក្សកាន់អំណាច រហូត​មកទល់ពេលនេះ មិន​ខ្វាយខ្វល់​ពី​អវត្តមាន​របស់​គណបក្ស​ប្រឆាំង​ឡើយ ពីព្រោះ​គេ​បានចាត់ទុក​ថ្នាក់ដឹកនាំ​បក្ស​នេះ គ្រាន់តែ​ជា​«​អ្នកទោស​ក្បត់ជាតិ​»​បាត់បង់​សិទ្ធិ​បោះឆ្នោត ម្លោះ​ហើយ​ពួកគេ​មាន​យុទ្ធសាស្ត្រ​តែមួយគត់ គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន ដើម្បីឱ្យ​លទ្ធផល​អាច​ទទួលយក​បាន​ពី​អន្តរជាតិ​។​

​ចំណែក​ក្រុមប្រឆាំង ដើម្បី​រើ​បំរាស់ គឺ​ត្រូវ​បំបាក់មុខ​គណបក្សកាន់អំណាច ដោយ​ព្យាយាម អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​កុំឱ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត ត្បិត​អី​គណបក្ស​របស់ខ្លួន​មិនបាន ចូលរួម​ការបោះឆ្នោត និង ព្យាយាម​ធ្វើឱ្យ​ការបោះឆ្នោត អាណត្តិ​ទី​៦​នេះ រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ ហើយ​សម្ពាធ​នឹង​ធ្លាក់​លើ​រដ្ឋាភិបាល​។​

​សរុប​មកវិញ មកដល់ពេលនេះ បរិបទ​នៃ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​ទាំងមូល គេ​នៅតែ​មិនអាច​រក​ផ្លូវកណ្តាល​ណាមួយ​ មក​ដោះស្រាយ​បានឡើយ​។ សម្រាប់​កម្ពុជា​ទស្សនៈ​ផ្លូវកណ្តាល​នេះ ច្រើនតែ​ត្រូវ​អ្នកនយោបាយ​មើលរំលង ដែលជា​ដើមចម​នៃ​ជម្លោះ​នយោបាយ ដោយសារតែ​ការប្រកាន់​និន្នាការ​រៀងៗ​ខ្លួន​។​

​ដូច្នេះ​ជារួម នៅក្នុង​បរិបទ​បែបនេះ ការបោះឆ្នោត អាណត្តិ​ទី​៦ នៅ​ពេលខាងមុខ ច្បាស់​ណាស់​ពិតជា​អាច​ប្រព្រឹត្តទៅបាន ទោះ​មាន​ឬ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ​។ ប៉ុន្តែ គ្រាន់តែ​ថា សង្គ្រាម​នយោបាយ​ខ្មែរ អាច​នៅតែ​បន្ត​ធ្វើឱ្យ​ស្រអាប់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គ្មាន​ទីបញ្ចប់​ឡើយ​៕
 

ព័ត៌មានផ្សេងទៀត