ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​ហាម​លក់​និង​ពិសា​គ្រឿង​ស្រវឹង ដើម្បី​ចៀសវាង​ប៉ះពាល់ដល់​ការបោះឆ្នោត​

12-07-2018 3:28 pm 656
  ស្តាប់
រូបភាពVOA
ស្តាប់ជាសំឡេង

​ដូច​ការបោះឆ្នោត​អាណត្តិ​មុនៗ​ដែរ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីណែនាំ ស្តីពី ការផ្អាក​លក់ដូរ​និង​ពិសា​គ្រឿង​ស្រវឹង​នៅ​មួយ​ថ្ងៃមុន​ការបោះឆ្នោត គឺ​ថ្ងៃទី​២៨​ខែកក្កដា ដែល​ហៅថា​ថ្ងៃ​ស និង​ថ្ងៃទី​២៩​ខែកក្កដា ដែលជា​ថ្ងៃ​បោះឆ្នោត​។ យោងតាម​សេចក្តីណែនាំ របស់​រដ្ឋាភិបាល ដែល​វិទ្យុ​វាយោ​ទើប​ទទួលបាន នៅ​ថ្ងៃទី​១២​ខែកក្កដា​នេះ បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ទាំងអស់ ដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា ត្រូវ​រួមសហការ​ជាមួយ​រដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត ពាណិជ្ជករ​និង​អាជីវករ ដោយ​ត្រូវ​ផ្អាក​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​រយៈពេល​ពីថ្ងៃ ចាប់ពី​ថ្ងៃទី​២៨​ដល់​២៩​ខែកក្កដា​ឆ្នាំ​២០១៨​។​

​បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​ក៏បាន​ណែនាំ ឲ្យ​ក្រសួង​ស្ថាប័ន កងយោធពល​ខេ​មរ​ភូមិន្ន កង​នគរបាលជាតិ រួមជាមួយ​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ គ្រប់​លំដាប់ថ្នាក់ ត្រូវ​បំពាក់បំប៉ន​ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ផ្សព្វផ្សាយ អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ទាំងអស់ ក្នុង​មូលដ្ឋាន​រាងៗ​ខ្លួន ឲ្យ​អនុវត្ត​ការផ្អាក​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​ផងដែរ​។ រដ្ឋាភិបាល​ក៏បាន​ណែនាំ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ត្រូវ​រួមសហការ​ជាមួយ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត និង​ភាគី​ពាក់ព័ន្ធ​ដ៏​ទៃ​ផ្សេងទៀត ដើម្បី​ផ្សព្វផ្សាយ សេចក្តីណែនាំ​នេះ​ឲ្យមាន​ប្រសិទ្ធភាព​។​

សេចក្តីណែនាំ ពីរ​ទំព័រ​នេះ បាន​បញ្ជាក់ថា ការហាម​លក់​និង​ពិសា​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ នៅមុន​មួយថ្ងៃ​និង​ថ្ងៃ​បោះឆ្នោត​នេះ ដើម្បី​ការពារ​បាតុភាព​នានា កើតឡើង​ដោយសា​រការ​ពិសា​គ្រឿង​ស្រវឹង ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការបោះឆ្នោត​។ បើតាម​ការសង្កេត​របស់​រដ្ឋាភិបាល កន្លងមក ភាគច្រើន​អំពើហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម ការប្រព្រឹត្តិ​បទល្មើស​នានា បង្កឡើង​ដោយសា​រការ​ពិសា​គ្រឿង​ស្រវឹង​នេះឯង​។ 

ដូច្នេះ ដោយ​អនុលោម​ទៅ​តាមច្បាប់ បទបញ្ជា និង​និតិ​វិធី​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង គ្មាន​ការបំផិតបំភ័យ និង​បាតុភាព​នានា​ដែល​អាច​កើតមានឡើង ដោយសារ​ការ​ពិសា​គ្រឿង​ស្រវឹង ការផ្អាក​លក់ដូរ​និង​ពិសា​គ្រឿង​ស្រវឹង​អំឡុងពេល​២​ថ្ងៃនោះ ជា​វិធានការ​សមស្រប​ដែល​គួរ​អនុវត្ត​។ សេចក្តីណែនាំ​នេះ ធ្វើឡើង​ខណៈ​នៅសល់​រយៈពេល​ជាង​១០​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​មកដល់​នៅ​ថ្ងៃអាទិត្យ ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨៕


 

 


ព័ត៌មានផ្សេងទៀត