ស្នងការខេត្តច្រានចោលព័ត៌មានធ្វើកំណត់ហេតុរហូតជនរងគ្រោះស្លាប់

12-07-2018 12:47 pm 1277
  ស្តាប់
ជនរងគ្រោះ ជនជាតិខ្មែរជាតៃកុងឡាន ឈ្មោះ តាំង គីមហេង ក្នុងអំឡុងពេលផ្តល់ព័ត៌មានទៅមន្រ្តីនគរបាល កាលពីថ្ងៃកើតហេតុ ។ រូបថតពី ហ្វេសប៊ុក ។
ស្តាប់ជាសំឡេង

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន បញ្ជាក់ថា រូបភាពមន្រ្តីនគរបាលកំពុងកត់កំណត់ហេតុពីជនរងគ្រោះ ដែលរងការរិះគន់នោះ គឺធ្វើឡើងប្រមាណមួយនាទី ក្រោយសង្រ្គោះជនរងគ្រោះចេញពីក្នុងរថយន្តដែលបានឆាបឆេះ ក៏ដូចជាមុនពេលទាក់ទងទៅរថយន្តសង្រ្គោះ…
សំឡេងលោក សម សាមួន ៖

លោកបញ្ជាក់ថា ការសួរនាំនោះ គឺធ្វើឡើងដើម្បីចង់ដឹងអំពីអត្តសញ្ញាណជនរងគ្រោះ និងដើម្បីទាក់ទងផ្តល់ដំណឹងទៅសមាជិកគ្រួសារជនរងគ្រោះ អំពីហេតុការណ៍ដែលកើតឡើង ក៏ដូចជាទាក់ទងទៅរថយន្តសង្រ្គោះបន្ទាន់ ។ យ៉ាងណាក៏ដោយ ដោយរង់ចាំយូរពេក មន្រ្តីនគរបាលក៏បានដឹកជញ្ជូនជនរងគ្រោះដោយរថយន្តឯកជន ទៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី តែក្រោយពីត្រួតពិនិត្យឃើញស្ថានភាពធ្ងន់ធ្ងរ ពេទ្យបង្អែកក៏សម្រេចបញ្ជូនជនរងគ្រោះបន្តមកកាន់ទីក្រុងភ្នំពេញ ។ 

លោកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានរៀបរាប់ប្រាប់ថា ករណីឆេះរថយន្តនេះ គឺពិតជាកើតឡើងដោយសារតែ ជនជាតិចិនជាអ្នករួមដំណើរ បានកេះដែកកេះបម្រុងជក់បារីនៅក្នុងរថយន្តកើតហេតុពិតមែន ។ យ៉ាងណាក៏ដោយ ជនជាតិចិននោះ បានរងរបួសស្រាល ចំណែកឯជនរងគ្រោះជាជនជាតិខ្មែរបានរបួសធ្ងន់…
សំឡេងលោក សម សាមួន ៖

លោក សម សាមួន បានបញ្ជាក់ថា ក្រោយមានការសម្របសម្រួលផ្នែកនីតិវិធី តាមសំណូមពរពីគ្រួសារ ជនរងគ្រោះទាំងពីរបានឯកភាពទទួលសំណងរដ្ឋប្បវេណី ។ បច្ចុប្បន្នជនរងគ្រោះជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះសង្ឃ ចំណែកឯជនរងគ្រោះជនជាតិខ្មែរជាតៃកុងឡាន បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

លោកស្នងការប្រាប់ថា អ្នកផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុក គួរតែសាកសួរទៅសមត្ថកិច្ច ពិសេសជនរងគ្រោះ ឬគ្រួសារជនរងគ្រោះឱ្យបានច្បាស់ជាមុន មុននឹងផ្សព្វផ្សាយព័ត៌មាន ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចជូនពលរដ្ឋ ។

គូសបញ្ជាក់ថា កាលពីថ្ងៃទី៩ កក្កដា វេលាម៉ោង៨:១០នាទី មានករណីអគ្គីភ័យឆេះរថយន្ត ម៉ាក Hilander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-6124 នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈ យីហោ តេលា នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះជនជាតិខ្មែរ មានឈ្មោះ តាំង គីមហេង ភេទប្រុស ជាតៃកុងឡាន និងឈ្មោះ លីន ប៊ីនប៊ីន ភេទប្រុស ជនជាតិចិន អ្នករួមដំណើរ ៕ 

ព័ត៌មានផ្សេងទៀត