ការបកស្រាយ​​បន្ថែម​​ពី​ចម្ងល់​​មួយចំនួន​​ទាក់ទង​នឹង​​ក្មេងៗ​​ដែល​ជាប់​​ក្នុង​រូងភ្នំ​​ថាំ​ហ្លួង​

12-07-2018 11:42 am 1255
  ស្តាប់
រូបភាពក្មេងៗ​​​​កំពុង​សម្រាក​​នៅ​មន្ទីរពេទ្យ
ស្តាប់ជាសំឡេង

​បន្ទាប់ពី​ចំណាយពេល​១៧​ថ្ងៃ​នៅក្រោម​ដី ក្មេងៗ​ទាំង​១២​នាក់​និង​គ្រូបង្វឹក​បាល់ទាត់​របស់​គេ​ម្នាក់ ត្រូវបាន​ជួយសង្គ្រោះ​ចេញមកក្រៅ​ដោយ​សុវត្ថិភាព ពី​រូងភ្នំ​ឈ្មោះ​ថាំ​ហ្លួង ជា​រូងភ្នំ​ដ៏​គ្រោះថ្នាក់​និង​ស្មុគស្មាញ​។ ក្រុម​ជួយសង្គ្រោះ​ដែលមាន​ទាំង​អ្នក​មុជទឹក​ថៃ​និង​បរទេស បានធ្វើ​ប្រតិ​បត្ដិកា​រប្រក​បដោយ​គ្រោះថ្នាក់ និង​ស្មុគស្មាញ​បំផុត​ដើម្បី​យក​ក្មេងៗ​ចេញពី​រូងភ្នំ​។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រឿងរ៉ាវ​នេះ កំពុង​ត្រូវបាន​បកស្រាយ​ជា​បន្ដបន្ទាប់​។ 

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​BBC​លោក​Jonathan Head បាន​ឆ្លើយតប​នឹង​សំណួរ​សំខាន់ៗ​មួយចំនួន ទាក់ទង​នឹង​ក្មេងៗ ក្រុម​ជួយសង្គ្រោះ និង​អ្វីដែល​បាន​កើតឡើង​បន្ដបន្ទាប់​។ 

​ហេតុអ្វី​បានជា​ក្មេងៗ​ចូលទៅ​ជ្រៅ​ក្នុង​រូងភ្នំ​?

​លោក​Jonathan Head​បញ្ជាក់ថា រហូត​មកដល់ពេលនេះ​មិនទាន់​អាច​បញ្ជាក់​បានទេ ត្រូវ​រង់ចាំ​រហូតដល់​មាន​ការបំភ្លឺ​ពី​គ្រូបង្វឹក​ដែល​ជាប់​ក្នុង​រូងភ្នំ​ជាមួយ​ក្មេងៗ​។ ប៉ុន្ដែ​បើតាម​ប្រធាន​ក្រុម​គ្រូបង្វឹក​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៣​មិថុនា​ក្មេងៗ​មានការ​គ្រ​កួត​មួយ ប៉ុន្ដែ​ការប្រកួត​ត្រូវ​លុបចោល ដូច្នេះ​ពួកគេ​ត្រូវ​ចូលរួម​ការហ្វឹកហាត់​ជំនួស​វិញ​។ 

​ក្មេងៗ​បាននាំគ្នា​ជិះ​កង់ ហើយ​នៅក្នុង​ក្រុម​ហ្វេ​សប៊ុក​បង្ហាញថា ពួកគេ​បាន​ទាក់ទង​ជាមួយ​ឪពុកម្ដាយ​ពួកគេ​រួចហើយ គ្រូបង្វឹក​ក៏​គិតថា​ពួកគេ​នាំគ្នា​ជិះ​កង់​ទៅ​ទីលាន​បាល់ទាត់​។ ក្មេងៗ​មិនបាន​សុំ​ការអនុញ្ញាត​ទៅក្នុង​រូងភ្នំ​ឡើយ​។ នៅ​ថ្ងៃទី​២៣​មិថុនា​នោះដែរ ជា​ថ្ងៃ​ខួបកំណើត​ក្មេងប្រុស​ម្នាក់​នៅក្នុង​ក្រុម​បាល់ទាត់ គម្រប់​អាយុ​១៦​ឆ្នាំ​។ ហាង​លក់ទំនិញ​មួយ​បាន​បញ្ជាក់ថា ក្មេងប្រុស​នោះបាន​ចំណាយ​ប្រាក់​៧០០​បាត ស្មើនឹង​ប្រមាណ​២២​ដុល្លារ​អាមេរិក ដើម្បី​ទិញ​អាហារ​មួយចំនួន​ដើម្បី​ធ្វើ​ខួបកំណើត​។​

​ប្រធាន​គ្រូបង្វឹក​បាន​បញ្ជាក់ថា លោក​Ekkapol 'Ek" Chantawong ជា​ជំនួយការ​គ្រូ​ង​បង្វឹក​របស់​ពួកគេ ជា​គ្រូបង្វឹក​ដែលមាន​ចិត្ដល្អ ដូច្នេះ​លោក​អាច​ត្រូវ​ក្មេងៗ​បញ្ចុះបញ្ចូល​ឲ្យទៅ​រូងភ្នំ​ជាមួយ​ពួកគេ​។ រូងភ្នំ​ត្រូវបាន​គេ​ស្គាល់​គ្រប់គ្នា​នៅក្នុង​តំបន់​នោះ ហើយ​ក្មេងៗ​ក៏​ធ្លាប់​រកឃើញ​ពីមុនមក​ដែរ​។ ការប៉ាន់ស្មាន​ដ៏​ត្រឹមត្រូវ​បំផុត​គឺថា ក្មេងៗ​ដែល​ចូលទៅ​យ៉ាងជ្រៅ​ក្នុង​រូងភ្នំ​បាន ដោយសារ​នៅពេល​គ្មាន​ទឹក​ងាយស្រួល​ធ្វើដំណើរ ប៉ុន្ដែ​ក្រោយពេល​មានទឹក​ហូរ​ចូល​ជន់​លិច ពួកគេ​បាន​ភៀសខ្លួន​ទៅ​កាន់តែ​ជ្រៅ​ជាង​មុន​។​

​ក្មេងៗ​ទាក់ទង​ជាមួយ​ឪពុកម្ដាយ​យ៉ាងណា​ក្រោយ​ចេញពី​រូង​ភ្នំ ហើយ​ហេតុអ្វី​បានជា​ឪពុកម្ដាយ​ពួកគេ​មិន​ត្រូវបាន​អនុញ្ញាតិឲ្យ​ចូល​ទៅជួប​?

​មន្ដ្រី​ជំនាញ​បាន​និយាយថា ក្មេង​នៅមាន​ស្ថានភាព​ខ្សោយកម្លាំង ហើយ​អាច​ងាយ​ក្នុង​ការឆ្លង​ជំងឺ​។ ការជួយ​សង្គ្រោះ​ពួកគេ​បាន​ពី​រឿង​ភ្នំ ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​ហើយ​សម្រាប់​ជីវិត​ពួកគេ ដូច្នេះ​គួរតែ​គិតពី​ការសង្គ្រោះ​ឲ្យ​បាលល្អ​សិន​។ ម្យ៉ាង​វា​ជា​ការបញ្ចៀស​មិនឲ្យ​ក្មេងៗ​មាន​អារម្មណ៍​រំភើប​ក្ដុកក្ដួល​ខ្លាំងពេក នៅពេល​ឃើញ​ឪពុកម្ដាយ​របស់ខ្លួន ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​ពួកគេ​។ ឪពុកម្ដាយ​អាច​អនុញ្ញាតឲ្យ​មើល​កូនៗ​បាន​តាម​បង្អួច ហើយ​បើ​អាច​ចូលទៅក្នុង​បន្ទប់​បាន ត្រូវ​ពាក់​ស្រោមដៃ និង​ពាក់​ម៉ាស មិនអាច​ចូលទៅ​ជួប​ដោយផ្ទាល់​បានទេ​។​

​តើ​គ្រូបង្វឹក​របស់គេ​ដែល​ជាប់​ក្នុង​រូងភ្នំ​ជាមួយគ្នា អាចនឹងទទួល​ពិន័យ​ដែរឬទេ​?

​ក្នុង​កាលៈទេសៈ​នេះ គ្រូបង្វឹក​ដែល​ជាប់​ក្នុង​រូងភ្នំ​ជាមួយ​ក្មេងៗ មិន​ទំនង​នឹង​ទទួលពិន័យ​អ្វី​ទេ​។ ឪពុកម្ដាយ​ក្មេងៗ​និយាយថា ពួកគេ​លើកលែងទោស​ឲ្យ​គ្រូបង្វឹក ផ្ទុយទៅវិញ​បាន​អរគុណ​ដល់​លោក​ដែល​បាន​ព្យាយាម​មើលថែ​ក្មេងៗ​នៅក្នុង​រូងភ្នំ ដូចជា​ឲ្យ​ពួកគេ​សមាធិ​កុំឲ្យ​ភ័យខ្លាច​ជាដើម​។ លោក​អាច​បង្រៀន​ក្មេងៗ​ធ្វើដូច្នេះបាន ព្រោះ​លោក​ធ្លាប់បាន​បួស​ជា​ព្រះសង្ឃ​១២​ឆ្នាំ​។ ប៉ុន្ដែ​លោក​អាច​នឹង​ត្រូវបញ្ជូន​ឲ្យទៅ​សាង​ផ្នួស​ជា​ព្រះសង្ឃ​បី​ខែ ជា​ទម្លាប់​របស់​ប្រជាជន​ថៃ​ដើម្បី​សម្អាតខ្លួន​ឲ្យ​បរិសុទ្ធ ជម្រះ​រឿង​ចង្រៃ​។ ក្រោយពី​នោះ​លោក​នឹង​អាច​បំពេញការងារ​ដូច​ធម្មតា​។​

​តើ​ក្មេងៗ​អាច​នៅ​មានជីវិត​បាន​ច្រើន​ថ្ងៃ​ដោយ​យ៉ាងម៉េច បើ​មាន​អាហារ​តិចតួច​ដូច្នេះ​? ហើយ​គីឡូ​ក៏​ស្រក​តិចតួច​ទៀត​?

​ក្មេងៗ​បាន​ស្ថិតនៅក្នុង​រូង​ភ្នំ​៩​ថ្ងៃ មុនពេល​ត្រូវ​ក្រុម​ជួយសង្គ្រោះ​រកឃើញ​។ ពួកគេ​មាន​អាហារ​តិចតួច​ប៉ុណ្ណោះ គឺ​អាហារ​សម្រាប់តែ​រៀបចំ​ពិធី​ខួបកំណើត​។ ពួកគេ​ជា​កីឡាករ​បាល់ទាត់​ដែលមាន​ឆន្ទៈ​ខ្លាំង ហើយ​ការហ្វឹកហាត់​ក៏​តឹងរ៉ឹង​។ ដូច្នេះ​ការអត់ធ្មត់​ទាំងអស់នេះ អាចជួយ​ឲ្យ​ពួកគេ​ហូប​អាហារ​ដោយ​ប្រុងប្រយ័ត្ន​បំផុត និង​ជួយ​គ្នា​ទៅវិញទៅមក​។ ចំណែក​គ្រូបង្វឹក​របស់គេ​បាន​បង្រៀន​ឲ្យគេ​ចេះ​ធ្វើ​សមាធិ ហើយ​ឲ្យ​អាហារ​ក្មេងៗ​បរិភោគ​ច្រើនជាង​ខ្លួនឯង​។ លោក​អាច​ប្រាប់​ឲ្យ​ក្មេងៗ​ផឹកទឹក​ដែល​ស្រក់​ពី​ថ្ម ជាជាង​ផឹកទឹក​នៅ​លើដី​ដែលមាន​ជាតិពុល​។​

​ក្នុង​រយៈពេល​ពី​៦​ទៅ​៨​ថ្ងៃ ពួកគេ​បាន​ហូប​អាហារ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់ ប៉ុន្ដែ​ក្រោយមក​បាន​ហូប​អាហារ​ធម្មតា ដូច្នេះហើយ​ទើប​ធ្វើឲ្យ​ពួកគេ​ស្រ​ក​ទម្ងន់​តិចតួច គឺជា​មធ្យម​ក្មេងៗ​ស្រក​ប្រមាណ​២​គីឡូ​ប៉ុណ្ណោះ​។​

​តើ​ពួកគេ​ស្ថិតក្នុង​ភាព​ងងឹត​រហូត​ពេល​នៅ​រូងភ្នំ​?

​ភាគច្រើន​ដែល​ពួកគេ​ស្ថិតក្នុង​រូង​ភ្នំ គឺ​ស្ថិតក្នុង​ភាព​ងងឹត ដោយសារតែ​ពួកគេ​មាន​ពិល​តម្លៃថោក មិនអាច​ប្រើ​បានយូរ​។ នៅក្នុង​រូងភ្នំ​៩​ថ្ងៃ​គឺ​ស្ថិតក្នុង​ភាព​ងងឹត​ភាគច្រើន​។ នៅ​ថ្ងៃ​រកឃើញ​ពួកគេ​ដំបូង គ្រូពេទ្យ​និង​អ្នក​មុជទឹក​បីនាក់ នៅ​ជាមួយ​ពួកគេ​មាន​ពិល​សម្រាប់​ពន្លឺ​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​ពន្លឺ​មិន​គ្រប់គ្រាន់​ទេ ហេតុនេះហើយ​ទើប​ពួកគេ​ត្រូវ​ពាក់​វ៉ែន​តាខ្មៅ​ពេល​ចេញពី​រូងភ្នំ​លើកដំបូង​។​

​តើ​នរណា​ជា​អ្នកចំណាយ​សម្រាប់​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ​?

​ការចំណាយ​ភាគច្រើនបំផុត​គឺ​រដ្ឋាភិបាល​ថ្ងៃ​។ ក្រៅពីនេះ​នៅមាន​បណ្ដា​ប្រទេស​មួយចំនួន​ដែរ ដែល​បាន​ចំណាយ​ដោយ​ខ្លួនឯង​នៅពេល​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ទៅ​ចូលរួម ក្នុងនោះ​មាន​អាមេរិក​ជាដើម ដែល​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​៣០​នាក់​ទៅ​ចូលរួម​។ មាន​ក្រុមហ៊ុន​ជំនួញ​ថៃ​មួយចំនួន​ដែរ បាន​ជួយឧបត្ថម្ភ​ជា​ការដឹកជញ្ជូន​និង​អាហារ​។ ក្រុមហ៊ុន​Thai Airways និង Bangkok Airways បានផ្ដល់​ការហោះហើរ​មិន​គិតថ្លៃ ដល់​អ្នក​មុជទឹក​មួយចំនួន ដែល​ធ្វើដំណើរ​មក​ចូលរួម​ក្នុង​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ​នៅ​រូងភ្នំ​ថាំ​ហ្លួង​។​

​តើ​ប្រទេស​ថៃ​អាច​ជួយសង្គ្រោះ​ក្មេងៗ​បានទេ​បើ​គ្មាន​ជំនួយ​ពី​បរទេស​?

​បើ​ពឹង​លើ​ជំនាញ​និង​បទពិសោធន៍​ដែលមាន ថៃ​មិន​អាចធ្វើ​ប្រតិ​បត្ដិកា​រនេះ​ដោយ​ជោគជ័យ​បានទេ ហើយ​មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ​ដែល​អាច​ធ្វើបាន​។ ការ​មុជទឹក​ក្នុង​រូងភ្នំ​ត្រូវការ​អ្នកជំនាញ​ខ្ពស់​ណាស់ អ្នកជំនាញ​រឹតតែ​កម្រ​ទៅទៀត​។ ដូច្នេះ​ថៃ​ត្រូវការ​អ្នកជំនាញ​បរទេស​ដើម្បី​ជួយ​ក្នុង​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ​ក្មេងៗ ព្រោះ​អ្នក​មុជទឹក​នៃ​កងទ័ពជើងទឹក​ថៃ​មាន​ជំនាញ​តែ​មុជទឹក​ក្នុង​សមុទ្រ​ប៉ុណ្ណោះ ខុសប្លែក​ពី​ការ​មុជទឹក​ក្នុង​រូងភ្នំ​។​

ជារួម​មក នៅក្នុង​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ​ក្មេងៗ​ទាំង​១២​នាក់​និង​គ្រូបង្វឹក​ម្នាក់ មានការ​ជ្រោមជ្រែង​យ៉ាងខ្លាំង ហើយក៏​ប្រថុយ​គ្រោះថ្នាក់​ខ្លាំង​ណាស់ដែរ ទើប​អាច​ទទួលបាន​ជោគជ័យ​៕

ព័ត៌មានផ្សេងទៀត