បេស​​កកម្ម​​ស្វែង​រក​​កា​រពិត​ EU​ ព្រួយ​បារម្ភ​​និង​​ទាម​ទារ​​ឱ្យ​​ដោះ​លែង​​លោក​​កឹម​ សុខា​​

12-07-2018 10:56 am 3955
  ស្តាប់
ស្តាប់ជាសំឡេង

​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា​របស់​សហគមន៍​អឺរ៉ុប បាន​សម្តែង​ការព្រួយបារម្ភ និង​ទាមទារ​ឱ្យមាន​ការដោះលែង​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាបន្ទាន់​។ ការព្រួយបារម្ភ និង​ទាមទារ​ឱ្យមាន​ការដោះលែង​នេះ ក្រោយ​ភរិយា​លោក​កឹម សុខា បាន​ជួប​ជាមួយ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី​មួ​រ សុខ​ហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ (​សេង បារាំង​)

​លោកស្រី​មួរ សុខ​ហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃទី​១០ ខែកក្កដា ភរិយា​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី តែ ចន្ទ​មនោ បាន​ជួប​ជាមួយ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប នៅ​ទីស្នាក់ការ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​។ 

​ក្នុងជំនួប​នោះ លោកស្រី​មួរ សុខ​ហួរ បាន​គូសបញ្ជាក់ថា "​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហគម​ន៍​អឺរ៉ុប បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការបន្ត​ឃុំខ្លួន លោក​កឹម សុខា និង​បន្ត​ទាមទារ​ឱ្យមាន​ការដោះលែង​រូបលោក​ជាបន្ទាន់​ផងដែរ​"​។ 

​គួរ​ឱ្យដឹង​ផងដែ​រថា លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​សម្រុកចូល​ចាប់ខ្លួនពា​ក់​កណ្ដាលយប់​អាធ្រាត ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោម​បទ​ចោទថា សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​ពី​១៥ ដល់​៣០​ឆ្នាំ​ ហើយបេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជានេះ ក៏មានការ​ជាប់​ពាក់​នឹង​ការចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។​

​សូមបញ្ជាក់ថា បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប នៅ​កម្ពុជា បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែកក្កដា ដើម្បី​ពិនិត្យឡើងវិញ​នូវ​ការអនុវត្ត​សិទ្ធិមនុស្ស និង​សិទ្ធិ​កម្មករ ដែល​ស្ថិតនៅក្រោម​សន្ធិសញ្ញា​អន្តរជាតិ ស្តី​សិទ្ធិមនុស្ស ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្នុង​ការនាំ​ផលិតផល​កម្ពុជា ចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​៕

ព័ត៌មានផ្សេងទៀត