ក្រសួង​សាធារណការ​ស្នើ​ថវិកា​ជួសជុល​ផ្លូវ​ស្រុត នៅ​គីឡូម៉ែត្រ​១៣៤-១៣៥​នៃ​ផ្លូវជាតិ​លេខ​៤

11-07-2018 6:45 pm 973
  ស្តាប់
ស្តាប់ជាសំឡេង

ដោយសារ​ភ្លៀង​ធ្លាក់ នៅ​ថ្ងៃទី​១០​ខែកក្កដា ទឹកភ្លៀង​បាន​ហូរ​ច្រោះ​ដី​ចំណី​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៤-១៣៥ ស្ថិតក្នុង​ស្រុក​កំពង់សីលា ទិសដៅ​ពី ភ្នំពេញ​ទៅ ខេត្ត​ព្រះសីហនុ​។ បញ្ហា​នេះ​បង្ក​ជា​ក្តីបារម្ភ​ថា អាច​នឹង​រាលដាល​បាក់​ទៅដល់​កន្លែង​ក្បែរ​នោះ និង​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការធ្វើ​ដំណើររប​ស់​ប្រជាពលរដ្ឋ​។ ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ក្រសួង​សាធារណការ​អះអាងថា កំពុង​ធ្វើ​របាយការណ៍​យ៉ាង​ញាប់ដៃ ដើម្បី​ស្នើ​ថវិកា​យកមកជួស​ជុល​ចំណុច​រង​ការខូចខាត ឲ្យមាន​សភាព​ដូចដើម​វិញ​។

​បន្ទាប់ពី ទទួលបាន​ព័ត៌មាន​ករណី​ផ្លូវ​ស្រុត នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៤-១៣៥ ស្ថិតក្នុង​ស្រុក​កំពង់សីលា ទិសដៅ​ពី ភ្នំពេញ​ទៅ ខេត្ត​ព្រះសីហនុ ក្រុមបច្ចេកទេស របស់​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន បាន​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​កាលពី​ថ្ងៃទី​១០​ខែកក្កដា​។ លោក​នូ វឌ្ឍនៈ អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សាធារណការ បាន​ប្រាប់​វិទ្យុ​វាយោ​ថា ការខូចខាត​នេះ ដ្បិត​ពុំមាន​ទំហំធំធេង​ក៏ដោយ ប៉ុន្តែ​បើ​មិន​យកចិត្តទុកដាក់​ជួសជុល​ទេនោះ វា​នឹង​បង្ក​ជា​ហានិភ័យ​ខ្ពស់​ដល់​អ្នកដំណើរ​ផងដែរ​។ លោក​នូ វឌ្ឍនៈ​បញ្ជាក់​បន្ថែមថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​សិក្សា​ពី​ទំហំ​នៃ​ការខូចខាត និង​រង់ចាំ ការផ្តល់​យោបល់​បន្ថែម ពី​ក្រុមបច្ចេកទេស​ថា​តើ គួរ​ចាត់វិធានការ​យ៉ាងណា​?…

សំឡេង​លោក​នូ វឌ្ឍនៈ៖​

​ចំណែក​លោក​វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ​វិញ ក៏បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​១១​ខែកក្កដា​នេះដែ​រថា ក្រសួង​កំពុង​រៀបចំ​របាយការណ៍​យ៉ាង​ញាប់ដៃ ដើម្បី​ស្នើ​ថវិកា​បន្ទាន់ ក្នុង​ការជួសជុល ចំណុច​រង​ការខូចខាត ឲ្យមាន​សភាព​ដូចដើម​វិញ​…

​សំឡេង​លោក​វ៉ា ស៊ឹម​សូរិយា​៖

គួរ​បញ្ជាក់ថា ចំពោះ​ទំហំ​នៃ​ការខូចខាត និង​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ ត្រូវបាន​ក្រសួង​លើកឡើងថា មិនទាន់​អាច​សន្និដ្ឋានបាន​នៅឡើយ​ទេ​។ ពាក់ព័ន្ធ​នឹង​ករណី​ស្រុត​ផ្លូវ​នេះ ក្រសួង​ក៏បាន​ណែនាំ​ឲ្យ​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ មាន​ការប្រុងប្រយ័ត្ន ចំពោះ​ការធ្វើដំណើរ​ដោយ​គោរព​ផ្លាកសញ្ញា​ស្ថានភាព​គ្រោះ​ថា្នក់ នៅលើ​ចំណីផ្លូវ​ដែល​ក្រសួង​បានដាក់​សញ្ញា​សម្គាល់ ត្រង់ចំណុច​ដែលមាន​ការដ្ឋាន​ជួសជុល ហើយ​ជៀសវាង​បើកបរ​លើស​ល្បឿន​កំណត់ ៕

​ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត