ក្រុមហ៊ុន៤វិនិយោគរោងចក្រនៅខេត្តស្វាយរៀងនិងព្រះសីហនុ

11-07-2018 5:06 pm 1570
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ពិនិត្យការតំឡើងរថយន្ត នៅក្នុងក្រុមហ៊ុន Daehan Auto Cambodia ក្នុងខេត្តស្វាយរៀងនាពេលកន្លងមក ។ រូបថតពី fb លោកហ៊ុន សែន ។

គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ដល់ក្រុមហ៊ុន៤ លើគម្រោងវិនិយោគរោងចក្រនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ក្រោមទុនសរុបប្រមាណជិត៧លានដុល្លារអាមេរិក និងអាចបង្កើតបានការងារចំនួន ១.៤០៦ កន្លែង ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ កក្កដា ។ ក្នុងនោះរួមមាន៖

ទី១. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក កេសកាតុង ស្លាកសញ្ញាសម្លៀកបំពាក់ និងបោះពុម្ភ៧ របស់ក្រុមហ៊ុន HUICAI PACKAGING (CAMBODIA) CO.,LTD ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ៣,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧៦កន្លែង ។ 

ទី២. គម្រោងបង្កើតរោងចក្រផលិតបំពង់ទីបដែកអ៊ីណុក របស់ក្រុមហ៊ុន ROBUSTAHL CO.,LTD ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ គម្រោងនេះមានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥២កន្លែង ។

ទី៣. គម្រោងបង្កើតរោងចក្រផលិតព៉្យាណូកែឆ្នៃ របស់ក្រុមហ៊ុន UNION GAKKI (CAMBODIA) CO.,LTD នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ គម្រោងនេះ មានទុនវិនិយោគចំនួន ៣៧៨.២០០ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥កន្លែង ។

និងទី៤. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈអេឡិចត្រូនិក របស់ក្រុមហ៊ុន CAMBO HONGSHENG ELECTRONICS CO.,LTD ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង ។ គម្រោងនេះមានទុនវិនិយោគប្រមាណ ២,១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង ៕ 

ព័ត៌មានផ្សេងទៀត