ចិន​ថានឹង​យក​វិវាទ​ពាណិជ្ជកម្ម ជាមួយ​អាមេរិកទៅ​ដោះស្រាយ​នៅWTO

11-07-2018 3:44 pm 393
  ស្តាប់
កុងទឹន័រផ្ទុកទំនិញរបស់ចិន
ស្តាប់ជាសំឡេង

​សកម្មភាព​របស់​អាមេរិក មិនអាច​ទទួលយកបាន​ទេ ហើយ​ឥរិយាបថ​របស់​អាមេរិក កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​ប្រទេ​សចិន ប៉ះពាល់​ដល់​ពិភពលោក ហើយ​ធ្វើឲ្យ​ខ្លួនឯង​ឈឺចាប់​។ នេះ​ជា​ការឆ្លើយតប​របស់​ក្រសួងពាណិជ្ជកម្ម​ចិន នៅក្នុង​សេចក្តីថ្លែងការណ៍​។ សេចក្តីថ្លែងការណ៍​នេះ ចិន​ក៏​បានបង្ហាញ​ពី​ការភ្ញាក់ផ្អើល ចំពោះ​សកម្មភាព​របស់​អាមេរិក និង​ថា​ត្រូវតែ​បង្ខំចិត្ត​ចាត់វិធានការ​ឆ្លើយតប​ទៅវិញ ដោយ​មិន​បណ្តោយឲ្យ​អាមេរិក ដែលជា​បងធំ​សេដ្ឋកិច្ច​ក្នុង​លោក ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​របៀប​នេះឡើយ​។​

​យោងទៅតាម​សេចក្តីថ្លែងការណ៍​ដដែល អះអាងថា ដើម្បី​ការពារ​ផលប្រយោជន៍​ស្នូល​នៃ​ប្រទេស និង​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាជន រដ្ឋាភិបាល​ចិន​នឹង​មិនមាន​ជម្រើស​អ្វី ក្រៅតែពី​ចាត់វិធានការ​ចាំបាច់​នោះទេ​។ ក្រុង​ប៉េកាំង​និយាយថា ខ្លួន​នឹង​ដោះស្រាយ​បញ្ហា​រឿងក្តី​ប្រឆាំងនឹង​ឥរិយាបទ ដោយ​ឯកតោភាគី របស់​ក្រុង​វ៉ាស៊ីនតោន នៅឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​ទៀតផង​។ ជំនួយការ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក Li Chenggang បាន​និយាយថា ការផ្ទុះ​ឡើង​នៃ​ការតំឡើង​ពន្ធ រវាង​ប្រទេស​ចិន​និង​អាមេរិក ជា​ទ្រង់ទ្រាយ​ធំ​ដែល​អាច​នឹង​បំផ្លាញ​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​ដោយ​ចៀស​មិន​ផុត​។​

​ការ​ប្រតិកម្ម​របស់​ចិន ធ្វើឡើង​ក្រោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានប្រកាស តំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​នាំចូល​អាមេរិក ចំនួន​១០​ភាគរយ មានតម្លៃ​២០០​ពាន់​លាន​ដុល្លារ ហើយ​ពន្ធ​ថ្មី​នេះ​នឹង​ចូល​ជាធរ​មាននៅ​ខែកញ្ញា​ខាងមុខ​។ មុខទំនិញ​ដែល​ប៉ះពាល់ មាន​ចំនួន​៦​ពាន់​ប្រភេទ នៅ​ក្នុងនោះ រួមមាន​ផលិតផល​ចំណីអាហារ​, រ៉ែ​, ដែក​, អាលុយមីញ៉ូម ជាដើម និង​រាប់បញ្ចូល​ទំនិញប្រើប្រាស់​ផ្សេងទៀត មាន​ចាប់តាំងពី​សម្បក​កង់ឡាន​, គ្រឿង​សង្ហារឹម​, ផលិតផល​ធ្វើ​ពី​ឈើ​, កាបូប​, កង់​, កំរាល​ព្រំ​, ក្រដាសអនាម័យ​ប្រើ​ក្នុង​បន្ទប់ទឹក និង​ផលិតផល​ថែរក្សា​សម្រស់​ផងដែរ​។​

​មន្ត្រី​សេត​វិមាន​អាមេរិក​និយាយថា ពន្ធ​ថ្មី​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង ការធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​របស់​ចិន​។ អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ រដ្ឋបាល​លោក​ត្រាំ បាន​ជំរុញ​ឲ្យ​ប្រទេ​សចិន បញ្ឈប់​ការធ្វើ​ពាណិជ្ជកម្ម​ដែល​អាមេរិក​ហៅថា បែប​អយុត្តិធម៌ ហើយ​បើកទូលាយ​ទីផ្សារ​របស់ខ្លួន និង​ចូលរួម​ការប្រកួតប្រជែង​ទីផ្សារ​ពិតប្រាកដ។

គួរ​ជម្រាបជូន​ថា កាលពី​ខែមិថុនា អាមេរិក​បានប្រកាស​តំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំចូល​អាមេរិក ចំនួន​២៥​ភាគរយ ស្មើ​៣៤​ពាន់​លាន​ដុល្លារ ហើយ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សុក្រ​។ បញ្ហា​នេះ​ចិន​បាន​ឆ្លើយតប​រួចហើយ ដោយ​តំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក តម្លៃ​៣៤​ពាន់​លាន​ដុល្លារ​វិញ​។

ចំពោះ សេត​វិមាន​និយាយថា កំពុងតែ​ពិភាក្សា តំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​ផ្សេងទៀត ដែល​មានតម្លៃ​១៦​ពាន់​លាន​ដុល្លារ​។ លោក​ត្រាំ​ថា ពន្ធ​នេះ​នឹង​ចូល​ជា​ធរមាន​នៅពេល​បន្ទាប់ នៅក្នុង​ខែកក្កដា​នេះ​។ សរុប​ពន្ធ​លើ​ការនាំ​ចូល​ថ្មី ដែល​លោក​ត្រាំ គំរាម​តំឡើង​ដាក់​លើ​មុខទំនិញ​របស់​ចិន គឺ​ស្ទើរ​ស្មើនឹង​តម្លៃ នៃ​ការនាំចេញ​ទំនិញ​ទាំងស្រុង​របស់​ចិន ចូល​ទីផ្សារ​អាមេរិក ចំនួន​ប្រមាណ​ជាង​៥០០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​៕

ព័ត៌មានផ្សេងទៀត