គ​.​ជ​.​ប​៖​អ្នក​យក​រថយន្ត ន​.​ប​, ខ​.​ម ទៅ​ឃោសនា​បោះឆ្នោត ត្រូវ​ពិន័យ​ពី​៥-១០​លាន​រៀល​

11-07-2018 3:04 pm 1198
  ស្តាប់
ស្តាប់ជាសំឡេង

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​សារ​ថ្មី​ពី​ផ្លូវច្បាប់ ចំពោះ​ជន​ណា​ដែល​បាន​ប្រើប្រាស់ រថយន្ត​ស្លាក​លេខ ន ប ឬ ខ ម ក្នុង​ដំណើរការ​ឃោសនា​បោះឆ្នោត ប្រឈម​ទោស ការព្រមាន និង​ផាកពិន័យ​ពី ៥ ទៅ​១០​លាន​រៀល​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១១ ខែ​កក្ត​ដា​។​

​លោក​ហង្ស ពុទ្ធា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា រហូតមកដល់​ពេល គ.ជ.ប ពិតជា​ទទួល​ស្គាល់​ថា មាន​សកម្មភាព​យករ​ថយ​ន្តកង​កម្លាំងប្រដាប់អាវុ​ធ  ទៅ​ឃោសនា​បោះឆ្នោត​មែន ប៉ុន្តែ គ​.​ជ​.​ប នូវ​មិនទាន់​បាន​ទទួល​បាន​បណ្តឹង​ណាមួយ​ពាក់ព័ន្ធ​បញ្ហា​នេះឡើយ​។ លោក​បន្តថា តាម​ទិដ្ឋភាព​ផ្លូវច្បាប់​អ្នក​ដែល​ប្រើប្រាស់​រថយន្ត ន​.​ប ឬ ខ​.​ម គឹ​ត្រូវ​ព្រមាន និង​ផាកពិន័យ​ពី​៥-១០​លាន​រៀល ប៉ុន្តែ​លុះត្រាតែ​មាន​បណ្តឹង​មក គ​.​ជ​.​ប ទើប​​មាន​សិទ្ធ​អនុវត្ត ព្រោះ​គ.ជ.ប​មិនមែន​ជា​ព្រះរាជអាជ្ញា​នោះទេ​…

​សំលេង​លោក ហង្ស ពុទ្ធា​៖

​លោក​ហង្ស ពុទ្ធា បាន​បញ្ជាក់ទៀតថា ក្នុង​រយៈពេល​៤​ថ្ងៃ នៃ​ដំណើរការ​ឃោសនា​បោះឆ្នោត​បាន​កន្លង ផុត​ទៅ គជប បាន​ទទួល​បណ្តឹង​តែ​មួយ​ប៉ុណ្ណោះ ពី​អាជ្ញាធរ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​ឡុង ខេត្ត​រតនៈគិរី ។​

​ដោយឡែក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បានបញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​គាំទ្រ​ទង្វើ​ខុសច្បាប់​ទេ​។ លោក​បន្តថា បើ​ឃើញ​ទង្វើ​ខុសច្បាប់ សូម​រាយការណ៍ ឬ​ប្តឹង​ទៅ គ​.​ជ​.​ប នៅ​ជិត​ខ្លួន​ជា​បន្ទាន់ ដើម្បី​ចាត់វិធានកា​រណ៍​ផ្លូវច្បាប់  ដូច​បាន​កំណត់​ច្បាប់ និង​ក្រមសីលធម៌ នីតិវិធី គោលការណ៍​របស់ គ​.​ជ​.​ប​។​

​គួរបញ្ជាក់​ថា រយៈពេល​ថ្មីៗ​នេះ​នៅលើ​បណ្តាញ​សង្គម​ព័ត៌មាន បាន​រិះគន់​ខ្លាំង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដ៏​លិចធ្លោ​ជាង​គេ បាន​ប្រើប្រាស់​រថយន្ត ស្លាក​លេខ​កងកម្លាំងប្រដាប់អាវុធ ឃោសនាបោះឆ្នោត ដែល​ខុស​នឹង​នីតិវិធី​នៃ​ច្បាប់បោះឆ្នោត​៕

ព័ត៌មានផ្សេងទៀត