ម្ចាស់​​ក្រុម​ហ៊ុន​ទូរស័ព្ទ​​នឹង​​ប្រឈម​​ផ្លូវ​ច្បាប់​​បើ​​បន្ត​​ឱ្យ​​អ្នក​ប្រើ​ប្រាស់​​ស៊ីម​​កាត​​គ្មាន​​អត្ត​សញ្ញាណ​​

11-07-2018 12:46 pm 1745
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​នឹង​ប្រឈមមុខ​ផ្លូវច្បាប់ ប្រសិនបើ​នៅតែ​បន្ត​ឱ្យ​អ្នកប្រើប្រាស់​ស៊ីម​កាត​គ្មាន​អត្តសញ្ញាណ​សម្គាល់​។ ការព្រមាន​នេះ​ធ្វើឡើង​ក្នុងករណី​ប្រសិនបើ​មន្ត្រី​ជំនាញ​រកឃើញថា នៅតែមាន​អ្នកប្រើប្រាស់​ស៊ី​កាត​ទូរស័ព្ទ​គ្មាន​អត្តសញ្ញាណ និង​មាន​បញ្ហា​អ្វី​កើតឡើង​ដោយសារតែ​ស៊ីម​កាត​ទូរស័ព្ទ​គ្មាន​អត្តសញ្ញាណ​នេះ​។ 
(​សេង បារាំង​)

​លោក​អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​១១ ខែកក្កដា​នេះ​ថា ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​នឹង​ប្រឈមមុខ​ផ្លូវច្បាប់ ប្រសិនបើ​នៅតែ​បន្ត​ឱ្យ​អ្នកប្រើប្រាស់​ស៊ីម​កាត​គ្មាន​អត្តសញ្ញាណ​សម្គាល់ ក្រោយ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃ​ចុងក្រោយ​ដែល​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​កំណត់ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ទូរស័ព្ទ ត្រូវ​លុបចោល​ជាបន្ទាន់ រាល់​ស៊ីម​កាត​ទូរស័ព្ទ​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​សម្គាល់​អ្នកប្រើប្រាស់​………

​សំឡេង​៖

​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​រូបនេះ បាន​គូសបញ្ជាក់​ទៀតថា ក្នុងករណី​មន្ត្រី​ជំនាញ​រកឃើញថា នៅតែមាន​អ្នកប្រើប្រាស់​ស៊ី​កាត​ទូរស័ព្ទ​គ្មាន​អត្តសញ្ញាណ និង​មាន​បញ្ហា​អ្វី​កើតឡើង​ដោយសារតែ​ស៊ីម​កាត​ទូរស័ព្ទ​គ្មាន​អត្តសញ្ញាណ ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​នោះ ជា​អ្នកទទួលខុសត្រូវ​ទាំងអស់ ពីព្រោះ​ម្ចាស់​ក្រុមហ៊ុន​ទូរស័ព្ទ បាន​បណ្ដោយឱ្យ​អតិថិជន​ខ្លួន ប្រើប្រាស់​ស៊ីម​កាត​គ្មាន​អត្តសញ្ញាណ ដែល​ផ្ទុយ​ពី​ច្បាប់​បាន​កណត់​។​

​លោក​អ៊ឹម វុត្ថា បាន​គូសបញ្ជាក់​នា​ពេល​កន្ល​ង​ទៅ​ថា ស៊ីម​កាត​ដែល​ប្រើប្រាស់​សព្វថ្ងៃនេះ មាន​១៨​លាន​កន្លះ ប៉ុន្តែ​បច្ចុប្បន្ននេះ​មិនដឹងថា ស៊ីម​កាត​សម្រាប់​អ្នកប្រើប្រាស់​ដែល​គ្មាន​អត្តសញ្ញាណ​សម្គាល់ មាន​ចំនួន​ប៉ុន្មាន​នោះទេ ខណៈ​កាលពី​ឆ្នាំ​២០១៧ ស៊ីម​កាត​សម្រាប់​អ្នកប្រើប្រាស់​ដែល​គ្មាន​អត្តសញ្ញាណ​សម្គាល់​វិញ​មាន​ប្រមាណ​៦​ទៅ​៧%​។​

​សូមបញ្ជាក់ថា និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានដាក់​ឱសានវាទ​ចុងក្រោយ ឱ្យ​ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវ​លុបចោល​ជាបន្ទាន់ រាល់​ស៊ីម​កាត​ទូរស័ព្ទ​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​សម្គាល់​អ្នកប្រើប្រាស់​ត្រឹម​ថ្ងៃទី​០១ កក្កដា ឆ្នាំ​២០១៨​។ ក្នុងករណី​ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងឡាយណា​នៅតែ​បន្ត​ចែកចាយ​រាល់​ស៊ីម​កាត​ទូរស័ព្ទ ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​សម្គាល់​អ្នកប្រើប្រាស់ ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​នោះ នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕

ព័ត៌មានផ្សេងទៀត