តុលាការ​ចេញ​ដីកា​​លើកលែង​​បទ​ចោទ​​លើ​​លោក ​មឿន តុលា​​

11-07-2018 11:30 am 295
លោក មឿន តុលា នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រាល់។

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លើកលែង​ការចោទប្រកាន់​ទៅលើ លោក មឿន តុលា សកម្មជន​សិទ្ធិ​ការងារ ដែល​ត្រូវ​រង​ការចោទប្រកាន់​ពី​ការ​កិបកេង​បច្ច័យ​បុណ្យសព​លោក កែម ឡី អ្នកវិភាគ​នយោបាយ​។​នេះ​បើ​យោងតាម​ដីកា​លើកលែង​ការចោទប្រកាន់ ចុះ​ថ្ងៃទី​៩​ខែកក្កដា​២០១៨​។

​នៅក្នុង​ដីកា​លើកលែង​ការចោទប្រកាន់ បាន​បញ្ជាក់ថា បន្ទាប់ពី​មាន​ការស្រាវជ្រាវ​តាម​នីតិវិធី​ច្បាប់​ហើយ រកឃើញថា លោក មឿន តុលា មិនមាន​កំហុស​ក្នុង​ការរំលោភ​លើ​ទំនុកចិត្ត ឬ កិបកេង​លុយ​បុណ្យ​នោះទេ​។ ការសម្រេច​របស់​សាលាដំបូង​ក្រុងភ្នំពេញ​នេះ ធ្វើឡើង​មុន​មួយថ្ងៃ​នៃ​ខួប​២​ឆ្នាំ​ការបាញ់សម្លាប់​លោក​បណ្ឌិត​កែម ឡី​។​

​គួរ​រម្លឹក​ជូន​ថា នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រាល់ លោក មឿន តុលា បាន​រង​បណ្តឹង​ពី​លោក ពេជ្រ ស្រស់ ដែល​ចោទថា ធ្វើឲ្យ​បាត់​លុយ​បច្ច័យបុណ្យ​សពលោ​ក បណ្ឌិត កែម ឡី​។​ក្រៅពី​លោក​មឿន​តុលា លោក​ពេជ្រ ស្រស់ ក៏បាន​ប្តឹង​លោក​ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដោយ​ចោទថា​ធ្វើឲ្យ​បាត់​បច្ច័យបុណ្យ​សព​លោកប​ណ្ឌិ​ត​កែម ឡី ដែរ​។​

យ៉ាងណាក្តី កន្លងទៅ​អតីត​សមាជិក​គណៈកម្មការ​បុណ្យសព​លោក កែម ឡី ធ្លាប់បាន​លើកឡើងថា គណៈកម្មការ​បុណ្យ បានត្រឹមតែ​ជួយ​ផ្នែក​បច្ចេកទេស និង​សកម្មភាព​ទូទៅ មិនមាន​តួនាទី​កាន់​លុយ​បុណ្យ​នោះទេ ហើយ​រាល់​បច្ច័យ​ទាំងអស់​ត្រូវ​កាន់កាប់​ដោយ​ម្ចាស់ដើមបុណ្យ និង បញ្ចូល​ផ្ទាល់​ទៅកាន់​គណនេយ្យ​ធនាគារ​របស់​ភរិយា​នៃ​សព​លោក កែម ឡី​។​

​ចំណែក អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី ក៏​ធ្លាប់​បញ្ជាក់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ពុំមាន​ការបាត់​លុយ​បច្ច័យ​បុណ្យ​ដូច​ការចោទប្រកាន់​នោះទេ​៕

ព័ត៌មានផ្សេងទៀត