តុលាការកោះហៅស្អែកតែលោកសមរង្ស៊ីអះអាងថាមិនបានប្រមាថព្រះមហាក្សត្រ

11-07-2018 10:57 am 1674
  ស្តាប់
(រូបភាពឯកសារ) លោកសម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិ ចូលបង្គំគាល់ព្រះមហាក្សត្រ កាលពីពេលកន្លងមក ។ រូបថតពី fb លោក សម រង្ស៊ី ។
ស្តាប់ជាសំឡេង

លោក សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិ នឹងតម្រូវឱ្យបង្ហាញខ្លួននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបំភ្លឺពីបទ ប្រមាថអង្គព្រះមហាក្សត្រ ។ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី នៅតែរក្សាជំហរថា ពុំបានប្រមាថព្រះមហាក្សត្រទេ ។ ការបង្ហាញជំហរនេះត្រូវបានធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១០ កក្កដា...

លោក សម រង្ស៊ី បានអះអាងថា អ្វីដែលលោកបានលើកឡើងអំពីលិខិតព្រះមហាក្សត្រ ដាក់កាលបរិច្ឆេទក្លែងក្លាយ មិនមែនជាការប្រមាថទេ ។ អ្វីដែលលោកចង់សំដៅ គឺទៅលើលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលគាត់បានចាប់ព្រះមហាក្សត្រ ធ្វើជាចំណាប់ខ្មាំងរបស់គាត់ ។

ប្រធានចលនាសង្រ្គោះជាតិរូបនេះបញ្ជាក់ថា លិខិតព្រះមហាក្សត្រ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ គឺជាលិខិតក្លែងក្លាយ ឬចុះថ្ងៃក្លែងក្លាយ ពោលគឺ មិនមែនថ្ងៃទី១៨ ឧសភាទេ គឺនៅថ្ងៃទី០៥ មិថុនា ដែលជាថ្ងៃរដ្ឋាភិបាលផ្សព្វផ្សាយលិខិតនេះ ។ លោកអះអាងថាលិខិតនេះ ត្រូវបានក្លែងបន្លំដាក់ថ្ងៃទី១៨ ឧសភា ដោយមន្រ្តីក្នុងវាំង ដើម្បីឱ្យពលរដ្ឋយល់ច្រឡំថា លិខិតព្រះមហាក្សត្រនេះ ធ្វើឡើងតាមបង្គាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មុនលិខិតរបស់លោក សម រង្ស៊ី ចុះថ្ងៃទី២៣ ឧសភា ទូលថ្វាយស្នើព្រះមហាក្សត្រ កុំឱ្យស្តាប់បង្គាប់លោកនាយករដ្ឋមន្រ្តី ក្នុងការអំពាវនាវពលរដ្ឋទៅបោះឆ្នោតក្លែងក្លាយ ថ្ងៃទី២៩ កក្កដា ។

បើតាមដីការបស់ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ លោក សៀង សុខ ចុះថ្ងៃទី១៩ មិថុនា បានបង្គាប់ឱ្យលោកសម រង្ស៊ី ត្រូវបង្ហាញខ្លួននៅសាលាដំបូងក្រុងភ្នំពេញ ថ្ងៃទី១២ កក្កដា ដោយភ្ជាប់លិខិតស្នាមផ្សេងៗ ទាក់ទងនឹងសំណុំរឿងនេះ មកជាមួយប្រសិនបើមាន ។

គិតមកទល់នឹងពេលនេះ មនុស្ស៤នាក់ហើយ ត្រូវបានចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រ ក្នុងនោះបូករួមទាំងលោក សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិម្នាក់ដែរ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីបណ្តឹងចំនួនជាច្រើនផ្សេងទៀត ។ យោងតាមច្បាប់ថ្មីស្តីពីការប្រមាថព្រះមហាក្សត្រ លោក សម រង្ស៊ី អាចប្រឈមជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់២លានរៀល ទៅ១០លានរៀល ឬស្មើនឹងប្រាក់៥០០ ទៅ២.៥០០ ដុល្លារអាមេរិក ៕

ព័ត៌មានផ្សេងទៀត