ពន្ធ​ថ្មី​ត​ម្លៃ​២០០​ពាន់​លាន​ដុល្លារដែល​លោក​ត្រាំ ​គំរាម​ដាក់​លើ​ចិននឹង​ចូល​ជា​ធរមាន​ក្នុង​ខែ​កញ្ញា

11-07-2018 9:58 am 1653
ប្រធានាធិបតីចិនលោកស៊ី ជីនពីងនៅខាងឆ្វេងលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​បន្ត​លេងល្បែង​ពាណិជ្ជកម្ម ជាមួយ​មហាអំណាច​ចិន​ទៀត ដោយ​មិន​បន្ធូរដៃ​ឡើយ នៅក្នុង​នោះ​ពន្ធ​ដែល​ប្រធានាធិបតី​អាមេរិក គំរាម​តំឡើង​លើ​ទំនិញ​របស់​ចិន​នាំចូល​អាមេរិក ចំនួន​១០​ភាគរយ មានតម្លៃ​២០០​ពាន់​លាន​ដុល្លារ​កាលពី​ខែ​មុន នឹង​ចូល​ជាធរ​មាននៅ​ខែកញ្ញា​ខាងមុខ​។ បន្ទាប់ពី​ឆ្លងកាត់​ការពិភាក្សា ពី​ទីប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក មន្ត្រី​អាមេរិក កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បានបង្ហាញ​មុខទំនិញ​ដែល​ប៉ះពាល់ មាន​ចំនួន​៦​ពាន់​ប្រភេទ​។ នៅ​ក្នុងនោះ រួមមាន​ផលិតផល​ចំណីអាហារ​, រ៉ែ​, ដែក​, អាលុយមីញ៉ូម ជាដើម និង​រាប់បញ្ចូល​ទំនិញប្រើប្រាស់​ផ្សេងទៀត មាន​ចាប់តាំងពី​សម្បក​កង់ឡាន​, គ្រឿង​សង្ហារឹម​, ផលិតផល​ធ្វើ​ពី​ឈើ​, កាបូប​, កង់​, កំរាល​ព្រំ​, ក្រដាសអនាម័យ​ប្រើ​ក្នុង​បន្ទប់ទឹក និង​ផលិតផល​ថែរក្សា​សម្រស់​ផងដែរ​។​

​មន្ត្រី​សេត​វិមាន​អាមេរិក​និយាយថា ពន្ធ​ថ្មី​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង ការធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​របស់​ចិន​។ អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ រដ្ឋបាល​លោក​ត្រាំ បាន​ជំរុញ​ឲ្យ​ប្រទេ​សចិន បញ្ឈប់​ការធ្វើ​ពាណិជ្ជកម្ម​ដែល​អាមេរិក​ហៅថា បែប​អយុត្តិធម៌ ហើយ​បើកទូលាយ​ទីផ្សារ​របស់ខ្លួន និង​ចូលរួម​ការប្រកួតប្រជែង​ទីផ្សារ​ពិតប្រាកដ​។​

​ពន្ធ​ថ្មី​ដែល​អាមេរិក​គ្រោង​ដាក់ឲ្យអនុវត្ត​នៅពេល​ខាងមុខនេះ ចិន​មិនទាន់​មានប្រតិកម្ម​ជាថ្មី​នៅឡើយ​ទេ​។ ប៉ុន្តែ​កន្លងមក ក្រសួងពាណិជ្ជកម្ម​ចិន បាន​ប្រតិកម្ម​កាលពី​ថ្ងៃទី​១៩​ខែមិថុនា​ថា ទង្វើ របស់លោក​ត្រាំ ជា​ការដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ និង​ថា​សហរដ្ឋអាមេរិក បានចាប់ផ្តើម​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម រំលោភ​លើ​បទបញ្ជា​ទីផ្សារ ហើយ​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​ផលប្រយោជន៍ មិន​ត្រឹមតែ​ប្រជាជន​ចិន​និង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​ពិភពលោក​ផងដែរ​។ ក្រសួងពាណិជ្ជកម្ម​ចិន បន្ថែមថា ប្រសិនបើ​សហរដ្ឋអាមេរិក ពិតជា​ធ្វើ​ដូច​អ្វីដែល​លោក​ត្រាំ​បាន​គំរាម​មែន​នោះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ចិន​និង​ប្រជាជន​របស់ខ្លួន​។​

​គួរ​ជម្រាបជូន​ថា កាលពី​ខែមិថុនា អាមេរិក​បានប្រកាស​តំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំចូល​អាមេរិក ចំនួន​២៥​ភាគរយ ស្មើ​៣៤​ពាន់​លាន​ដុល្លារ ហើយ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សុក្រ​។ បន្ថែម​លើ​នេះ សេត​វិមាន​និយាយថា កំពុងតែ​ពិភាក្សា តំឡើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​ផ្សេងទៀត ដែល​មានតម្លៃ​១៦​ពាន់​លាន​ដុល្លារ​។ លោក​ត្រាំ​ថា ពន្ធ​នេះ​នឹង​ចូល​ជា​ធរមាន​នៅពេល​បន្ទាប់ នៅក្នុង​ខែកក្កដា​នេះ​។ សរុប​ពន្ធ​លើ​ការនាំ​ចូល​ថ្មី ដែល​លោក​ត្រាំ គំរាម​តំឡើង​ដាក់​លើ​មុខទំនិញ​របស់​ចិន គឺ​ស្ទើរ​ស្មើនឹង​តម្លៃ នៃ​ការនាំចេញ​ទំនិញ​ទាំងស្រុង​របស់​ចិន ចូល​ទីផ្សារ​អាមេរិក ចំនួន​ប្រមាណ​ជាង​៥០០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​

​ឆ្លើយតប​នឹង​ការតំឡើង​ពន្ធ​លើ​ទំនិញ​ចិន​៣៤​ពាន់​លាន​ដុល្លារ ចិន​ក៏​មិន​នៅ​ស្ងៀម​ដែរ ដោយ​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​២៥​ភាគរយ មានតម្លៃ​ជា​ទឹកប្រាក់​៣៤​ពាន់​លាន​ដុល្លារ​វិញ​។ បញ្ហា​នេះ អាមេរិក​ថា វិធានកា​រសក​សឹក​របស​ចិន​ប្រឆាំងនឹង​អាមេរិក ជា​សកម្មភាព​មិន​យុត្តិធម៌​ឡើយ​។ លោក​ដូណាល់ ត្រាំ​ធ្លាប់​រិះគន់​ជា​ញយ​ដង​មកហើយ ពី​បញ្ហា​អតុល្យភាព​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ជាមួយ​ចិន ដែលមាន​កម្រិត​ខ្ពស់បំផុត និង​ទាមទារ​ឲ្យ​ចិន​ដោះស្រាយ​។ លោក​ថា ប្រទេស​ចិន​បានទទួល​ផលប្រយោជន៍ ពី​អតុល្យភាព​ពាណិជ្ជកម្ម ជាមួយ​សហរដ្ឋអាមេរិក អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​៕
​​

ព័ត៌មានផ្សេងទៀត