លោកTrump​តែងតាំង​អតីតទីប្រឹក្សា​លោក​Bush​ ជា​ចៅក្រម​តុលាការ​កំពូលជំនួស​លោក​Kennedy

10-07-2018 5:20 pm 596
  ស្តាប់
លោកBrett Kavanaughនៅខាងឆ្វេងលោកDonald Trump
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump​បានប្រកាស​តែងតាំង លោក Brett Kavanaugh ជា​ចៅក្រម​តុលាការ​កំពូល​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​។ នៅក្នុង​ពី​ធី​ប្រកាស​នោះ លោក​ត្រាំ​បាន​ថ្លែង​សរសើ​រលោក Kavanaugh ថា​ជា​អ្នកច្បាប់​ដ៏​ឆ្នើម​មួយរូប​។ លោក​ប្រធានាធិបតី​បាន​និយាយថា ចៅក្រម Kavanaugh មាន​លក្ខណៈសម្បត្តិ​ល្អឥតខ្ចោះ ដែល​អាចរួមចំណែក​ឲ្យ​តុលាការ​កំពូល រក្សាបាន​សេចក្តីថ្លៃថ្នូរ ដោយ​ផ្តល់​យុត្តិធម៌​ស្មើភាព​គ្នា​នៅក្រោម​ច្បាប់​។ លោក Trump បាន​បន្ថែមថា Kavanaugh ជា​អ្នកច្បាប់​ដ៏​អស្ចារ្យ និង​មាន​ភាពច្បាស់លាស់​។ 

​លោក​Kavanaugh មាន​អាយុ​៥៣​ឆ្នាំ ចូល​បម្រើ​ការងារ​ជា​ចៅក្រម​សាលាឧទ្ធរណ៍​នៅ​ស្រុក Columbia កាលពី​ឆ្នាំ​២០០៦​មកទល់​បច្ចុប្បន្ន និង​ធ្លាប់ជា​ទីប្រឹក្សា​របស់ អតីត​ប្រធានាធិបតី អាមេរិក​លោក​George W Bush​ផងដែរ​។ លោក​នឹង​ចូលមក​ជំនួស​កន្លែងលោក Anthony Kennedy ដែល​នឹងត្រូវ​ចូលនិវត្តន៍​នៅ​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។ លោក Anthony Kennedy មាន​អាយុ​៨១​ឆ្នាំ ជា​ចៅក្រម​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប របស់​តុលាការ​កំពូល​អាមេរិក តាំងពី​ឆ្នាំ​១៩៨៨ មក បានប្រកាស​ចូលនិវត្តន៍​កាលពី​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៨​។ លោក Anthony Kennedy បាន​បម្រើ​ការងារ​ក្នុង​វិស័យ​តុលាការ​សហព័ន្ធ​ចំនួន​៤៣​ឆ្នាំ ដោយនៅ​ក្នុងនោះ​៣០​ឆ្នាំ នៅក្នុង​តុលាការ​កំពូល​។​

​គួរ​ជម្រាបជូន​ថា លោក Kavanaugh​ជា​ចៅក្រម​ទី​ពី​រហើយ ដែល​ត្រូវបានតែងតាំង ដោយ​លោក​Donald Trump សម្រាប់​បម្រើ​ការងារ នៅក្នុង​តុលាការ​កំពូល​អាមេរិក ដែលមាន​សមាជិក​សរុប​ចំនួន​៩​រូប​។ ការសម្រេចចិត្ត​របស់​លោក​ត្រាំ​បែបនេះ មានមតិ​ខ្លះ​លើកឡើងថា អាច​នឹង​ធ្វើឲ្យប៉ះពាល់​យ៉ាងខ្លាំ​ងដល់​រឿង​រសើប​មួយចំនួន រួមមាន​ច្បាប់​នៃ​ការ​រំលូតកូន ច្បាប់​កាន់កាប់​កាំភ្លើង និង​ច្បាប់​អន្តោប្រវេសន៍​ផងដែរ​៕

ព័ត៌មានផ្សេងទៀត