កម្ពុជា​នឹង​ប្រារព្ធ​ខួប​អបអរសាទរ​ប្រាសាទ​អច្ឆរិយៈ​២​ដែល​ចូល​ជា​សម្បត្តិ​ពិភពលោក​

10-07-2018 4:36 pm 562
  ស្តាប់
ស្តាប់ជាសំឡេង

​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​១០​ឆ្នាំ នៃ​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ខួប​១​ឆ្នាំ នៃ​ការចុះបញ្ជី​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ខាងមុខ នៅ​ព​ហ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ពី​ធី​អបអរសាទរ​នេះ នឹង​ធ្វើឡើង​ក្រោម​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកជំទាវ ព្រមទាំង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៩​ពាន់​នាក់​។​

«​ប្រាសាទសំបូរព្រៃគុក​» ត្រូវបាន​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង Cracovie ប្រទេស​ប៉ូឡូញ​។ រីឯ​ប្រាសាទព្រះវិហារ ត្រូវបាន​អង្គការ​វប្បធម៌​ពិភពលោក យូណេស្កូ​សម្រេច​ជា​ឯកច្ឆ័ន្ទ ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង​កេ​ប៊ិច ប្រទេស​កាណាដា ក្នុង​សម័យប្រជុំ លើក​ទី​៣២ នៅ​ថ្ងៃ​ទី​០៧ កក្កដា ឆ្នាំ​២០០៨​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ គឺជា​ថ្ងៃ​ទិវា​ចងចាំ នៃ​ការដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក​របស់​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​កំណត់​យក​ថ្ងៃ​នេះ ជា​ផ្លូវការ​ជា​រៀងរាល់ឆ្នាំ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត