គិតត្រឹមថ្ងៃទី៩ខែកក្កដា មានក្មេងៗចំនួន៨នាក់ ក្នុងចំណោម១២នាក់និងគ្រូបង្វឹកម្នាក់ ត្រូវបានគេរំដោះចេញ ពីជំនន់ទឹកភ្លៀងក្នុងរូងភ្នំថាំហ្លួងប្រទេសថៃ បន្ទាប់ពីជាប់នៅក្នុងនោះ២សប្តាហ៍។ ក្រោយយកចេញពីរូងភ្នំក្មេងៗទាំង៨នាក់ ត្រូវបញ្ជូនទៅសម្រាកនៅក្នុងមន្ទីពេទ្យនៃខេត្តឈាងរ៉ៃ ដើម្បីពិនិត្យសុខភាព។
លោក Jessada Chokdamrongsook លេខាធិការអចិន្ត្រៃយ៍ សម្រាប់សុខភាពសាធារណៈ បានថ្លែងថា នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យភ្លាមៗ កុមារខ្លះ មានបញ្ហាខ្វះកម្តៅក្នុងរាងកាយ និងម្នាក់មានចង្វាក់បេះដូងទាប ប៉ុន្តែពេលនេះបានព្យាបាលរួចហើយ។ ចំណែកក្មេងប្រុសដែលត្រូវបានគេយកចេញពីរូងភ្នំដំបូងគេ ២នាក់ក្នុងចំណោម៤នាក់ បានឆ្លងកាត់ការពិនិត្យដោយកាំរស្មី X និងការធ្វើតេស្តឈាម។ ក្មេងប្រុស២នាក់ត្រូវបានរកឃើញថា មានបញ្ហាប៉ះពាល់ដល់សួត ប៉ុន្តែបាលទទួលការព្យាបាលហើយ។ លោក Jessada Chokdamrongsook បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារទី១០ខែកក្កដានេះថា ក្មេងៗទាំង៨នាក់ មានសុខភាពល្អ គ្មានគ្រុនក្តៅអ្វីឡើយ ហើយគ្រប់គ្នាមានសុខភាពផ្លូវចិត្តល្អផងដែរ។
យ៉ាងណាក៏ដោយ ក្មេងៗទាំង៨នាក់ មិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះនៅឡើយទេ គឺបន្តសម្រាកក្នុងមន្ទីរពេទ្យយ៉ាងហោចណាស់៧ថ្ងៃ ដើម្បីតាមដានពីសញ្ញាផ្សេងៗ ក្រែងមានការឆ្លងមេរោគ។ រីឯក្រុមគ្រួសារមិនទាន់អាចអនុញ្ញាតឲ្យចូលទៅមើល ឬប៉ះពាល់ កូនៗរបស់ពួកគេបាននៅឡើយនោះទេ គឺបានត្រឹមសំឡឹងមើលពីខាងក្រៅបង្អួចកញ្ចក់តែប៉ុណ្ណោះ។ សាច់ញាតិត្រូវរង់ចាំ លទ្ធផលនៃការធ្វើតេស្ត ដែលនឹងដឹងក្នុងរយៈពេល២ទៅ៣ថ្ងៃទៀត ហើយប្រសិនបើលទ្ធផលបង្ហាញថាពុំមានរោគសញ្ញា នៃការឆ្លងមេរោគអ្វីនោះទេ ទើបអនុញ្ញាតឲ្យក្រុមគ្រួសារចូលជួបសួរសុខទុក្ខ។
ដោយសារក្រុមក្មេងៗ រស់នៅក្នុងទីងងឹតអស់រយៈពេល១៥ទៅ១៦ថ្ងៃទៅហើយ មិនទាន់ស៊ាំទៅនឹងពន្លឺថ្ងៃនៅពេលចេញមកខាងក្រៅ ដូច្នេះពួកគេត្រូវក្រុមគ្រូពេទ្យ ណែនាំឲ្យពាក់វែនតាការពារផងដែរ៕