មនុស្ស​ស្លាប់ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ជប៉ុនកើន​ដល់​១៤១​នាក់​

10-07-2018 9:26 am 1946
ក្រុមជួយសង្រ្គោះចុះប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន

​មនុស្ស​យ៉ាងហោចណាស់​១៤១​នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត និង​មនុស្ស​ជាច្រើន​នាក់​ទៀត​បន្ត​បាត់​ខ្លួន​នៅឡើយ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន បង្ក​ជា​ជំនន់​ទឹកភ្លៀង​និង​ការ​រអិល​បាក់​ដី​។ ក្រុម​អ្នក​ជួយសង្គ្រោះ និង​កងទ័ព​បន្ត​ប្រតិបត្តិការ​ស្វែងរក​មនុ​ស្សបាត់​ខ្លួន នៅក្នុង​ល្បាប់​ភក់ និង​ទឹក​។ នៅក្នុង​ប្រតិបត្តិការ​នេះ បុគ្គលិក​សង្គ្រោះបន្ទាន់​ជាង ៧​ម៉ឺន​នាក់ ត្រូវបាន​ដាក់ពង្រាយ ដើម្បី​សង្គ្រោះ​និង​ស្វែងរក​អ្នក​បាត់​ខ្លួន​។ ប៉ុន្តែ រយៈពេល​៤​ថ្ងៃ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់មាន គេ​អស់សង្ឃឹម មិន​រំពឹងថា អ្នក​ដែល​បាត់​ខ្លួន​អាច​នៅ​មានជីវិត​ឡើយ​។​

​នៅពេលដែល​ប្រជាជន​ជាច្រើន​នាក់​បាន​ស្លាប់ និង​រង​ផលប៉ះពាល់​ដោយសារតែ​ជំនន់​ទឹកភ្លៀង​ដូច្នេះ លោ​កហ្ស៊ីន ហ្សូ​អាបេ​នាយករដ្ឋមន្ត្រីជ​ប៉ុន បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ភ្លាមៗ​។ លោក​បាន​បង្វែរ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​ធ្វើដំណើរ​ទៅពិនិត្យ​តំបន់​រងគ្រោះ ក៏ដូចជា​ប្រជាជន ដែល​រងគ្រោះ​និង​រង​ផលប៉ះពាល់ ដោយសារ​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​វិញ​។ តាម​គម្រោង​លោក​អាបេ​នឹង​ធ្វើដំណើរ​ទៅ​កាន់តំបន់​រងគ្រោះ​នៅក្នុង​សប្តាហ៍​នេះ​៕

​សូមបញ្ជាក់ថា ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់មាន នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន បានចាប់ផ្តើម​នៅ ដើម​ខែកក្កដា​នេះ ដោយ​ភ្លៀង​បាន​ធ្លាក់​ច្រើនជាង​ធម្មតា​រហូតដល់​ទៅ ៣ ដង​ឯណោះ​។ នៅ​តំបន់​ខ្លះ​បើទោះបីជា​ភ្លៀង​បាន​រាំង ហើយ​ទឹកបាន​ស្រក​ទៅវិញ​ហើយ​ក៏ដោយ ក៏​គេ​នៅតែ​បន្ត​ឲ្យ​ជម្លៀ​សមនុស្ស​ចេញ ដោយសារ​បារម្ភ​ពី​ការ​រអិល​បាក់​ដី អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​៕

ព័ត៌មានផ្សេងទៀត