ក្មេងប្រុស​៤​នាក់​ទៀតត្រូវបាន​យក​ចេញពី​រូង​ភ្នំ នឹង​បន្ត​យក​៥​នាក់​ចុងក្រោយ​នៅថ្ងៃនេះ​

10-07-2018 8:53 am 4413
ក្រុមអ្នកមុជទឹកនិងក្រុមដែលពាក់ព័ន្ធនៅក្នុងការស្វែងរកក្មេងៗស្ថិតក្នុងរូងភ្នំថាំហ្លួង

​ក្មេងៗ​ចំនួន​៤​នាក់​បន្ថែមទៀត ត្រូវបាន​យក​ចេញពី​ក្នុង​រូងភ្នំ ដោយ​សុវត្ថិភាព កាលពី​យប់​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៨​។ នៅក្នុង​បេសកកម្ម​យក​ក្មេងៗ​ចេញពី​រូងភ្នំ​ថ្ងៃទី​ពីរ​នេះ គឺ​លឿន​ជាង​ថ្ងៃ​ទីមួយ ចំនួន​២​ម៉ោង ។ ពោល​បេសកកម្ម​ថ្ងៃទី​១ ក្រុម​សង្គ្រោះ​ផ្តើម​ប្រតិបត្តិការ​នៅ​ម៉ោង​១០​និង​១៨​នាទី​ព្រឹក ថ្ងៃទី​៨​ខែកក្កដា ហើយ​បាន​នាំ​ក្មេងៗ​ឆ្លងកាត់​ទឹក​ក្នុង​រូង​ភ្នំ មកដល់​ខាងក្រៅ​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដេល​។ 

​ដោយឡែក បេសកកម្ម​ថ្ងៃទី​ពីរ ក្រុម​សង្គ្រោះ​ចាប់ផ្តើម​ប្រតិបត្តិការ​ម៉ោង​១១​ព្រឹក ថ្ងៃទី​៩​ខែកក្កដា ហើយ​នាំ​ក្មេងៗ ចេញ​មកដល់​ខាងក្រៅ​ម៉ោង​៨​យប់​ថ្ងៃ​ដដែល​។ នេះ​បើតាម​លោក Narongsak Osottanakorn អ្នកដឹកនាំ​បេសកកម្ម​សង្គ្រោះ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​យប់​ថ្ងៃទី​៩​ខែកក្កដា​។​

​នៅ​ថ្ងៃទី​១០​ខែកក្កដា​នេះ ក្រុម​សង្គ្រោះ បន្ត​បេសកកម្ម​យក​មនុស្ស​៥​នាក់​ចុងក្រោយ​ចេញពី​រូងភ្នំ​ទៀត ហើយ​គេ​រំពឹងថា បេសកកម្ម​ថ្ងៃទី​បី​នេះ នឹង​កាន់តែ​លឿន​ជាង​ថ្ងៃទី​មួយ​និង​ថ្ងៃទី​ពីរ​ផងដែរ​។ មនុស្ស​៥​នាក់​ចុងក្រោយ ដែល​ស្ថិតនៅក្នុង​រូងភ្នំ​ថាំ​ហ្លួង មាន​សុខភាព​ល្អ ហើយ​ពួកគេ​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ធ្វើដំណើរ​ចេញពី​រូងភ្នំ​នេះ​។​

​សរុប​មាន​ក្មេងៗ​៨​នាក់​ហើយ ក្នុងចំណោម​១២​នាក់និង​គ្រូបង្វឹក​ម្នាក់ ត្រូវបាន​រំដោះ​ចេញពី​ជំនន់ទឹកភ្លៀង​ក្នុង​រូង​ភ្នំថាំហ្លួងប្រទេសថៃ បន្ទាប់ពី​ពួកគេ​បាន​ជាប់គាំង​នៅ​ក្នុងនោះ តាំងពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៨៕​

ព័ត៌មានផ្សេងទៀត