ក្រុមហ៊ុនSCG​​​ជំរុញ​ការអនុវត្ដ សេដ្ឋកិច្ចវិលជុុំ ដើម្បី​ជួយសង្គ្រោះ​ផែនដី​​និងការអភិវឌ្ឍ​ជានិរន្ដ

10-07-2018 12:25 am 640
  ស្តាប់
រូបភាពតំណាងក្រុមហ៊ុនSCGនិងដៃគូសហការជំរុញការអនុវត្ដសេដ្ឋកិច្ចវិលជុំ(Circular Economy)
ស្តាប់ជាសំឡេង

“​សេដ្ឋកិច្ច​វិលជុំ​៖ អនាគត​ដែល​យើង​បង្កើត​ឡើង (Circular Economy: The Future We Create)” គឺជា​ប្រធានបទ​នៃ​សិក្ខាសាលា​ស្ដីពី “​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​”​។ សិក្ខាសាលា​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់​និង​សម្ភារៈ​សាងសង់​SCG​របស់​ថៃ ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃ​ទី​០៩​កក្កដា នៅក្នុង​ទីក្រុង​បាងកក​ក​ប្រទេស​ថៃ ក្រោម​វត្ដ​មាន​អ្នកចូលរួម​ជាង​១​ពាន់​នាក់​។ ក្នុងនោះ​មាន​ថ្នាក់ដឹកនាំ​ខាង​រដ្ឋាភិបាល​ថៃ វិស័យ​ឯកជន អ្នកជំនួញ​គ្រប់លំដាប់ បុគ្គលិក​សិក្សា អង្គការក្រៅរដ្ឋាភិបាល ក៏​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​និង​អន្ដរជាតិ​ផង​ដែរ​។​

​តើ​អ្វី​ទៅ​ជា​សេដ្ឋកិច្ច​វិលជុំ​? សេដ្ឋកិច្ច​វិលជុំ​ផ្ដោតលើ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ឲ្យអស់​ពី​លទ្ធភាព និង​ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​កាកសំណល់ ដើម្បី​ឲ្យ​ផលិតផល​ដែល​ប្រើ​រួច វត្ថុធាតុដើម ផលិតផល​ផុត​ថ្ងៃ​កំណត់​ប្រើប្រាស់ និង​ថាមពល​ផ្សេងៗ​ត្រូវបាន​យកមក​ប្រើប្រាស់​ឡើងវិញ​។ អ្វី​ដែល​សំខាន់​គឺ​ដំណើរការ​ឲ្យបាន​ត្រឹមត្រូ​វ ដូចជា​ការកែច្នៃ​វត្ថុធាតុដើម​ឡើងវិញ ការ​រចនា​ឡើងវិញ ការកសាង​តម្លៃ​ឡើងវិញ ការបង្កើត​ថ្មី​ឡើងវិញ និង​ការប្រើប្រាស់​ឡើងវិញ ដោយ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​អាជីវកម្ម​ដែល​ពាក់ព័ន្ធ និង​មិន​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​SCG​រៀបចំ​សិក្ខា​លា​សា​ស្ដីពី “​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​” បង្ហាញ​ទស្សនទាន “​សេដ្ឋកិច្ច​វិលជុំ​៖​អនាគត​ដែល​យើង​បង្កើត​ឡើង​” ក្នុង​គោលបំណង​បង្ហាញ​ពី​ឥទ្ធិពល​អវិជ្ជមាន កើតចេញ​ពី​ឥរិយាបថ​នៃ​ការប្រើប្រាស់​របស់​មនុស្ស ដែល​កំពុង​បង្ក​បញ្ហា​ដល់​ភពផែនដី និង​បង្ហាញ​អំពី​ទស្សនទាន​សេដ្ឋកិច្ច​វិលជុំ ជា​វិធីសាស្ដ្រ​អាច​សង្គ្រោះ​ភពផែនដី​ពី​បញ្ហា​កាក​សំណល់ និង​ការបាត់បង់​ធនធានធម្មជាតិ​ជាដើម​។ សិក្ខាសាលា​ក៏មាន​គោលបំណង​ផ្ដល់​ការយល់ដឹង​កាន់តែ​ប្រសើរឡើង អំពី​សេដ្ឋកិច្ច​វិលជុំ និង​ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​លំ​អាន​ផលិតកម្ម និង​ឥរិយាបថ​នៃ​ការប្រើប្រាស់ ដែល​ការផ្លាស់ប្ដូរ​នេះ​នឹង​ជួយ​នាំ​ទៅរក​និរន្ដរភាព​។​

​ដោយសារ​ចំនួន​ប្រជាជន​ចេះតែ​បន្ដ​កើនឡើង គួបផ្សំ​នឹង​ការផ្លាស់ប្ដូរ​របៀប​រស់​នៅ បាន​ធ្វើឲ្យ​ភពផែនដី​ប្រឈម​នឹង​ការថមថយ​វត្ថុធាតុដើ​ម​។ បន្ថែម​លើ​នេះ​លំ​អាន​ឧស្សាហកម្ម​និង​ឥរិយាបថ​អ្នកប្រើប្រាស់ បាន​បង្ក​ឲ្យមាន​ការបំពុល និង​បញ្ហា​បរិស្ថាន​ផ្សេងេៗ​។ ទស្សនទាន​ស្ដីពី​សេដ្ឋកិច្ច​វិលជុំ (Circular Economy) ក៏​ត្រូវបាន​ទទួលស្គាល់​កាន់តែ​ទូលំទូលាយ ព្រោះ​សេដ្ឋកិច្ច​វិលជុំ​ផ្ដោតលើ​ការទទួលខុសត្រូវ​ប្រក​ប​ដោយ​ទំនួល​ខុស​ត្រូវ និង​ការគ្រប់គ្រង​កាកសំណល់​ប្រកបដោយ​ប្រសិទ្ធភាព​។ 

​បច្ចុប្បន្ន នៅតាម​បណ្ដា​ប្រទេស​មួយចំនួន ប្រកាន់ខ្ជាប់​នូវ​សេដ្ឋកិច្ច​បន្ទាត់​(Linear Economy) គឺ​ផ្ដោត​តែ​ទៅលើ​ផលចំណេញ​ប៉ុណ្ណោះ ពុំ​បាន​គិតគូរ​ដល់​ការគ្រប់គ្រង​ត្រឹមត្រូវ​និង​ស្ដារ​ធនធាន​ឡើង​វិញ​ទេ​។ ម្យ៉ាងទៀត​ផលិតផល​នានា​ផលិតឡើង​សម្រាប់​តែ​ការប្រើប្រាស់ និង​បោះចោល​ប៉ុណ្ណោះ មិន​គិត​ពី​ការប្រើប្រាស់​ឡើងវិញ​ឡើយ​។ ឃើញ​បែប​នេះ​ក្រុមហ៊ុន​SCG​បាន​ចាប់ដៃ​សហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​ទៀត ប្ដេជ្ញា​អនុវត្ដ​សេដ្ឋកិច្ច​វិលជុំ ដើម្បី​អាច​កែច្នៃ​ផលិតផល​ដែល​ប្រើប្រាស់​រួច ឲ្យប្រើ​ប្រាស់បា​ន​ជា​ថ្មី ប្រើ​បាន​យូរ​តាម​លទ្ធភាព​ដែល​អាច​ទៅរួច​។​

​ចំពោះ​រាជរដ្ឋាភិបាល​ថៃ​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម ជំរុញ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ឧស្សាហកម្ម​នានា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហកា​រលើ​ការ​អនុវត្ដ​សេដ្ឋកិច្ច​វិលជុំ​។ ឧបនាយក​រដ្ឋមន្ដ្រី​ថៃ​លោក​Somkid Jatusripitak បាន​ថ្លែង​ក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា​ថា​៖ សេដ្ឋកិច្ច​វិលជុំ​គឺជា​ទស្សនទាន​មួយ​ដ៏​សំខាន់​បំផុត​ជាមួយនឹង​យុទ្ធសាស្ដ្រ​រដ្ឋាភិបាល ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ថៃ ជាពិសេស​ផ្ដោត​សំខាន់​លើ​តម្លៃ​ផលិតផល​និង​សេវាកម្ម​។ រដ្ឋាភិបាល​ថៃ​បាន​ដើរ​តាម​ផែនទី ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្ដរភាព ស្រប​ពេល​មាន​បញ្ហា​ប្រឈម​ជា​សកល​លើ​បញ្ហា​ធនធានធម្មជាតិ​។​

​លោក​សង្កត់ធ្ងន់​ថា ភាព​ជោគជ័យ​នៃ​ការអុវត្ដ​សេដ្ឋកិច្ច​វិលជុំ មិន​អាច​ធ្វើ​ទៅ​រួច​ដោយ​គ្រាន់តែ​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​តែ​ម្នាក់ឯង​នោះទេ វិស័យ​ឯកជន សាធារណជន ត្រូវតែ​ចូលរួម​ជា​ចាំបាច់​។ អង្គការ ក្រុមហ៊ុន​នានា​ត្រូវបាន​ជំរុញ​ឲ្យ​ប្រតិបត្ដិ​តាម​ទស្សនទា​ន​សេដ្ឋកិច្ច​វិលជុំ ក្នុង​ប្រតិ​បត្ដិកា​ររបស់​ពួកគេ ដើម្បី​កសាង​និរន្ដរភាព​នៃ​អាជីវកម្ម​រយៈពេល​វែង​។ រីឯ​សាធារណជន​ពិត​ជា​ចាំបាច់​ណាស់ ផ្លាស់ប្ដូរ​ផ្ដល់​គំនិត ឥរិយាបថ ក្នុង​ការគាំទ្រ​សេដ្ឋកិច្ច​វិលជុំ​។ ឧទាហរណ៍​ជាក់ស្ដែង ពួក​គេ​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​បោះចោល​សំរាម ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ប្រើប្រាស់​ប្រាស់​កាកសំណល់​ជា​វត្ថុធាតុដើម​ឡើងវិញ អាច​ផលិត​សម្ភារៈ​ប្រើប្រាស់​ថ្មី​បាន​។​

​ចំណែក​លោក​Roongrote Rangsiyopash ជា​ប្រធាន​និង​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​SCG បាន​បញ្ជាក់​ក្នុង​សិក្ខាសាលា​ដែរ​ថា ទស្សនទាន​សេដ្ឋកិច្ច​វិលជុំ អាច​ជួយ​ដោះស្រាយ​បញ្ហា​ថមថយ​ធនធានធម្មជាតិ​ដែល​យើង​កំពុង​ជួបប្រទះ ដោយ​ការ​អភិរក្ស​ធនធានធម្មជាតិ​និង​ការប្រើប្រាស់​តាម​របៀប​ដែល​មាន​ប្រសិទ្ធភាព​បំផុត​។ លោក​បន្ថែមថា SCG​ដែល​ជា​ផ្នែក​មួយ​នៃ​វិស័យ​ពាណិជ្ជកម្ម ប្ដេជ្ញា​ចូលរួម​ជា​កម្លាំង​ជំរុញ​ច្រាន​ដ៏​សំខាន់ ក្នុង​ការចាប់ផ្ដើម​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។ 

SCG​ជំរុញ​ទស្សនទាន​សេដ្ឋកិច្ច​វិលជុំ​តាមរយៈ​យុទ្ធសាស្ដ្រ​សំខាន់ៗ​ចំនួន​បី​។ ទីមួយ កាត់បន្ថយ​សម្ភារៈប្រើប្រាស់ ដោយ​ផលិត​សម្ភារៈ​ដែល​អាច​ប្រើ​បានយូរ​។ ទី​ពីរ ការធ្វើឲ្យ​ប្រសើរឡើងនិង​ការជំនួស​វត្ថុធាតុដើម គឺ​ការកែច្នៃ​វត្ថុធាតុដើម​ដែល​មាន​ស្រាប់​ទៅ​ផលិត​ផលិតផល​ថ្មី​មាន​គុណភាព​ខ្ពស់​ជាង​មុន ប៉ុន្ដែ​ប្រើ​ធនធាន​តិច​ជាង​មុន និង​ទី​បី ការប្រើ​ឡើងវិញ ការកែច្នៃឡើងវិញ​នូវ​ផលិតផល​ដែល​ប្រើប្រាស់​រួច ជំនួស​ឲ្យ​ការយក​ធនធាន​ថ្មី​ទៅ​ផលិត​ផលិតផល​បន្ថែម​។ ជារួម​ទៅ​ទាំង​រដ្ឋាភិបាល​ថៃ ទាំង​ក្រុមហ៊ុន​SCG និង​បណ្ដា​ក្រុមហ៊ុន​ជា​ដៃគូ​សហការ​ផ្សេងទៀត គាំទ្រ​ពេញទំហឹង​ការ​អនុវត្ដ​តាម​ទស្សនទាន​សេដ្ឋកិច្ច​វិលជុំ​។​

​សូមបញ្ជាក់​ថា សិក្ខាសាលា​ស្ដីពី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​ឆ្នាំ​២០១៨ (Sustainable Development Symposium 2018) ជា​សិក្ខាសាលា​បែប​សិក្សា​លើក​ទី​៥ ស្ដីពី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​។ នេះ​ក៏​ជា​ការលើកទឹកចិត្ដ​ដល់​សាធារណជន​ឲ្យ​បាន​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព  និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្ដរភាព​របស់​អង្គការសហប្រជាជាតិ​(UNSDGs)​ផងដែរ​៕

ព័ត៌មានផ្សេងទៀត