ការការពារ និងកម្ចាត់ខ្មូតស៊ីរូងគ្រាប់ស្រូវ

09-07-2018 5:43 pm 399

វដ្តជីវិត៖
- ខ្មូតស៊ីរូងគ្រាប់ស្រូវ មានប្រវែង ២,៥ ទៅ ៤ មីលីម៉ែត្រ និងមានពណ៌ត្នោតក្រហម ឬត្នោតខ្មៅ ។ ខ្មូតពេញវ័យអាចរស់បាន ៧ ទៅ៨ខែ ។ លើក្បាលមានច្រមុះតូចវែង និងមានអង់តែន៨កង់ រាងដូចដំបង និងព្រនង់ ។ ខ្មូតនេះ នឹងធ្វើពុតជាងាប់ ក្នុងរយៈពេល២ទៅ៣នាទី នៅពេលមានអ្វីមករំខានវា ។
- ពងរាយមួយៗ ដាក់នៅក្នុងប្រហោងគ្រាប់ ដែលវាបានស៊ីបំផ្លាញ ។
- ដង្កូវមានខ្លួនពណ៌ស គ្មានជើង និងមានក្បាលពណ៌ត្នោត ហើយនៅផ្នែកខាងក្រោមនៃដងខ្លួនត្រង់ ។ វាអាចរស់បាន ពី៤ ទៅ៧សប្តាហ៍ ។

ស្នាមបំផ្លាញ៖
- ដង្កូវមួយអាចស៊ីដោយចោះ ប្រហោងគ្រាប់ស្រូវ១គ្រាប់ ។
- ខ្មូតពេញវ័យ កម្រហើរណាស់ វាចូលចិត្តគ្រាប់ស្រូវ ឬអង្ករដែលមានទំហំតូចៗ ។
- ខ្មូតពេញវ័យ ស៊ីទម្លុះគ្រាប់ស្រូវ ឬអង្ករចេញមកក្រៅ ដោយបន្សល់ទុកនៅប្រហោងរន្ធរាងមូល ។
- គ្រាប់ស្រូវ ឬអង្ករដែលវាស៊ីបំផ្លាញ មានស្នាមប្រហោង ដែលមានទំហំប្រែប្រួល ។

វិធានការការពារ ៖
- គ្រាប់អង្ករដែលត្រូវហាលឱ្យស្ងួតល្អ និងរក្សាទុកឱ្យស្ងួតជានិច្ច ។
- ករណីគ្រាប់សើម ត្រូវសម្ងួតវាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ។
- មិនត្រូវរក្សាទុកគ្រាប់ដែលរងការបំផ្លាញ ពីព្រោះគ្រាប់ទាំងនោះអាចផ្ទុកពងសត្វល្អិត ។
- ករណីគ្រាប់ស្រូវមានបរិមាណច្រើន និងរក្សាទុកក្នុងរយៈពេលយូរ ចូរប្រើប្រាស់ថ្នាំបង្ហុយ (Fumigate) យូរៗម្តង ។
- រក្សាកន្លែងទុកដាក់ឱ្យបានស្អាតជានិច្ច ។

វិធានការកម្ចាត់ ៖
- រែង ឬអុំដើម្បីញែក និងរើសត្វល្អិត ព្រមទាំងគ្រាប់ដែលខូចខាតចេញ (សម្រាប់បរិមាណតិចតួច ជាលក្ខណៈគ្រួសារ) ។
- ដាក់ស្លឹកស្តៅចូលទៅក្នុងឃ្លាំង ឬជង្រុក ដើម្បីបណ្តាញសត្វល្អិត ។
- បាញ់ថ្នាំសម្លាប់សត្វល្អិតលើផ្ទៃឃ្លាំង ខាងក្នុងទាំងមូល និងជុំវិញផ្ទៃបាវខាងក្រៅ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ) 

ព័ត៌មានផ្សេងទៀត