លោក​Pompeo​សង្ឃឹម​លោក​Kim​បោះបង់​នុយក្លេអ៊ែ​រ ដូចដែល​បាន​និយាយជាមួយ​លោក​Trump

09-07-2018 4:04 pm 320
  ស្តាប់
លោកKim Jong Un​​នៅខាងឆ្វេង ចាប់ដៃជាមួយ​លោក Donald Trumpកាលពីជួបគ្នាលើកដំបូង
ស្តាប់ជាសំឡេង

​លោក​Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ទទួលស្គាល់ថា ពិតជា​មាន​ការលំបាក​នៅក្នុង​ដំណើរការ រំលាយចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ដូច្នេះហើយ នៅ​មានរឿង​ជាច្រើន​ដែល​ត្រូវធ្វើ​ទៀត ដើម្បី​ឆ្លើយតប​នឹង​ផល​លំបាក​ដែល​ត្រូវ​ជួបប្រទះ​។ យ៉ាងណា លោក​Pompeo សង្ឃឹមថា លោក Kim Jong Un ប្រធានាធិបតី​កូរ៉េខាងជើង នៅតែ​គោរព្ធ​ការប្តេជ្ញាចិត្ត គឺ​ការបោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែ​រ ដូចដែល​បាន​និយាយ អំឡុងពេល​ប្រជុំ​ទ្វេភាគី ជាមួយ​លោក Donald Trump ប្រធានាធិបតី​អាមេរិក ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ខែ​មុន​។​

​សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​សម្តែង​ការព្រួយបារម្ភ អំពី​ពាក្យ​គំរាមកំហែង​របស់​កូរ៉េខាងជើង និង​បាន​ជំរុញ​ឲ្យ​រដ្ឋបា​លលោក​Trump រក្សា​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង កុំ​ទាន់​លើកលែង​នៅពេលនេះ​។ បញ្ហា​នេះ​លោក​Pompeo ក៏​បានបញ្ជាក់​ជំហរ​ឡើងវិញ​រួចហើយ ក្រោយ​ចាកចេញ​ពី​ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ថា​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង នៅតែ​រក្សាទុក​ដដែល លុះ​ណា​ឃើញ​ផ្ទាល់​ភ្នែក​ថា កូរ៉េខាងជើង ពិតជា​បាន​រំលាយចោល​នុយក្លេអ៊ែរ ទើប​ដកចេញ​វិញ​។​

​ការលើកឡើង​របស់លោក​Pompeo ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​ក្នុងប្រទេស​កូរ៉េខាងជើង ជាទី​ដែល​លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក​Kim Yong Chol មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ពាក់ព័ន្ធ​នឹង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។ ភាគី​ទាំងពីរ​មិនបាន​ប្រាប់​លម្អិត​ពី​ការពិភាក្សា​នោះទេ ប៉ុន្តែ​ក្រោយ​ចប់​ការពិភាក្សា លោក​Pompeo ថា​កិច្ចប្រជុំ​នេះ មាន​លទ្ធផល​វិជ្ជមាន​។ ផ្ទុយ​ពីនេះ កូរ៉េខាងជើង បែរ​ចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​កិច្ចប្រជុំ​នេះ​ទៅវិញ​។ កូរ៉េខាងជើង​ថា កិច្ចប្រជុំ បាន​បង្ក​ក្តីកង្វល់​ដល់​កូរ៉េខាងជើង ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ឆន្ទៈ នៅក្នុង​ការរំលាយចោល​កម្មវិធី​នុយក្លេអ៊ែរ​ផងដែរ​។ កូរ៉េខាងជើង ចាត់ទុកថា អាមេរិក​កំពុង​ចាប់បង្ខំ​ឲ្យ​កូរ៉េខាងជើង បោះបង់​នុយក្លេអ៊ែរ​។​

​គួរ​ជម្រាបជូន​ដែរថា លោក​Kim Jong Un បាន​ប្តេជ្ញាចិត្ត​យ៉ាង​ទូលំទូលាយ នៅពេលដែល​បាន​ជួបពិភាក្សា​លើកដំបូង​ជាមួយ​លោក​Trump ក្នុងប្រទេស​សិង្ហ​បុរី ដើម្បី​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត អំពី​របៀប​ឬ​នៅពេលណា ដែល​លោក​នឹង​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ឡើយ​។ លោក​Trump បានផ្តល់​ការធានា​សន្តិសុខ​ដល់​ក្រុង​ព្យុងយ៉ាង និង​ថែមទាំង​សន្យា​ព្យួរ​ការហ្វឹកហាត់​យោធា​ទ្រង់ទ្រាយ​ធំ ជាមួយ​កូរ៉េខាងត្បូង​ទៀតផង ដើម្បី​កុំឲ្យ​កូរ៉េខាងជើង​ទាស់​ចិត្ត​៕

ព័ត៌មានផ្សេងទៀត