ថៃ៖គ្រូពេទ្យ​កំពុង​តាមដាន​ពី​សញ្ញា នៃ​ការថយចុះ​កម្តៅក្នុង​រាងកាយ​កុមារ​៤​នាក់​

09-07-2018 1:05 pm 1910
  ស្តាប់
កុមារ១២នាក់និងគ្រូបង្វឹក ថតបាននៅពេលក្រុមសង្រ្គោះរកពួកគេឃើញកាលពីពេលកន្លងទៅ
ស្តាប់ជាសំឡេង

​កុមារ​១២​នាក់​និង​គ្រូបង្វឹក​ម្នាក់ ដែល​ជាប់​ក្នុង​រូងភ្នំ​ថាំ​ហ្លួង​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៣​ខែមិថុនា ត្រូវបាន​ក្រុម​សង្គ្រោះ យកចេញ​ក្រៅ​បាន​៤​នាក់ កាលពី​យប់​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៨​។ បន្ទាប់ពី​យកចេញ​ក្រៅ កុមារ​ទាំង​៤ ត្រូវបាន​ទទួល​ការពិនិត្យ​សុខភាព​ភ្លាមៗ ហើយ​បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការតាមដាន​ដោយ​វេជ្ជបណ្ឌិត ពី​សញ្ញា​នៃ​ការខ្វះ​កម្តៅ​ក្នុង​រាងកាយ​។ តាមដាន​ដោយសារ​ក្មេងៗ​ទាំងនេះ រស់នៅក្នុង​រូងភ្នំ អមដោយ​ទឹក​ព័ទ្ធជុំវិញ មិនដែល​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ អស់​រយៈពេល​កន្លះ​ខែ​មកហើយ​។ យ៉ាងណា ស្ថានភាព​សុខភាព​របស់​ក្មេងប្រុស​ទាំង​៤​នាក់ ពុំមាន​អ្វី​ធ្ងន់ធ្ងរ​គួរឲ្យ​បារម្ភ​ពេកនោះ​ទេ​។ 

​គេ​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​ក្មេងប្រុស​៤​នាក់ ដែល​យក​ចេញពី​រូងភ្នំ​ដំបូង​គេ​នៅឡើយ​នោះទេ ប៉ុន្តែ​ក្រុម​ជួយសង្គ្រោះ បានសម្រេច​នាំ​អ្នក​ដែលមាន​សុខភាព​ល្អ មាន​កម្លាំង​មាំទាំ​ចេញមក​មុន​។ នេះ​បើតាម​ការ​ឲ្យដឹងពី​លោក​Narongsak Osottanakorn ដែលជា​ប្រធាន​ដឹកនាំ​បេសកកម្ម​សង្គ្រោះ​។ មកទល់ពេលនេះ ក្រុមគ្រួសារ​ក្មេងៗ​ទាំង​៤​នាក់ មិនត្រូវ​បាន​អនុញ្ញាតឲ្យ​ចូលទៅ​ជួប កូនៗ​របស់​ពួកគេ​នៅឡើយ​ទេ ដោយសារ​ក្មេងៗ ត្រូវដាក់​នៅ​ដាច់ដោយឡែក ក្នុង​មន្ទីរពេទ្យ​នៅ​ឈៀង​រ៉ៃ ដើម្បី​ពិនិត្យ​សុខភាព រយៈពេល​៤៨​ម៉ោង ការពារ​ក្រែង​មាន​ជំងឺឆ្លង​ផ្សេងៗ​។ 

​គួរ​ជម្រាបជូន​ថា ក្មេង​ទាំង​១២​នាក់​និង​គ្រូបង្វឹក​ម្នាក់ បាន​ចូល​លេង​ក្នុង​រូងភ្នំ​ថាំ​ហ្លួង កាលពី​ថ្ងៃទី​២៣​ខែមិថុនា ហើយ​មិនអាច​ចេញមក​វិញ​បាន ដោយសារតែ​ជំនន់​ទឹកភ្លៀង​។ ពួកគេ​ទាំង​១៣​នាក់ ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​រកឃើញ ៩​ថ្ងៃក្រោយ​បាត់​ខ្លួន ហើយ​នៅ​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៨ ក្រុម​សង្គ្រោះបាន​សម្រេចយក​ពួកគេ​ចេញ បាន​៤​នាក់​។ ដោយឡែក អ្នក​ដែល​នៅ​សេសសល់ ត្រូវ​យកចេញ​បន្តទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​។ គេ​បានសម្រេច​បញ្ជូន​ក្រុម​មុជទឹក​ដដែល ឲ្យទៅ​យក​មនុស្ស​៩​នាក់​ទៀត ដោយសារ បទពិសោធន៍ យក​ក្មេង​៤​នាក់​ដំបូង​ចេញពី​រូងភ្នំ​ដោយ​ជោគជ័យ គេ​ជឿជាក់ថា ក្រុម​នេះ​ក៏​អាច​នាំយក​អ្នក​ដែល​នៅសល់​បាន​ដោយ​ជោគជ័យ​ដូ​គ្នា​ដែរ​។ បេសកកម្ម​យក​ក្មេងៗ​ចេញពី​រូងភ្នំ អាច​នឹង​បញ្ចប់​ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ​រាប់​ចាប់តាំងពី​ថ្ងៃ ផ្តើម​ប្រតិបត្តិការ ៨​កក្កដា​ឆ្នាំ​២០១៨៕
​​

ព័ត៌មានផ្សេងទៀត