លោកសមរង្ស៊ីបន្តវាយប្រហារ ខណៈដំណើរការបោះឆ្នោតទៅមុខ

09-07-2018 11:27 am 2363
  ស្តាប់
ស្តាប់ជាសំឡេង

លោក សម រង្ស៊ី បានចាត់ទុកគណបក្សប្រជាជនកម្ពុជា ដែលឈរលើលេខរៀងទី២០ គឺជាគណបក្សលក់ជាតិ បំផ្លាញជាតិ និងក្បត់ជាតិ ។ ចំណែកឯកគណបក្ស១៩ផ្សេងទៀត គឺជាគណបក្សអំពិលអំពែក កើតឡើងព្រោងព្រាតនៅពេលរដូវកាលបោះឆ្នោតម្តងៗ ហើយរលត់បាត់ទៅវិញអស់ក្រោយថ្ងៃបោះឆ្នោត ជាងនេះទៅទៀត គឺកើតឡើងមកដើម្បីបង្រ្គប់កិច្ច សម្រាប់ការបោះឆ្នោតក្លែងក្លាយ ថ្ងៃទី២៩ កក្កដា ។ 

យ៉ាងណាក្តី ប្រធានចលនាសង្រ្គោះជាតិរូបនេះ លើកឡើងថា ក្នុងចំណោមគណបក្សទាំង១៩ ដប់ឆ្នាំទៀតអាចនឹងក្លាយទៅជាគណបក្សខ្លាំងគួរសម ដែលអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា តែពេលនោះ លោក ហ៊ុន សែន ច្បាស់ជានឹងរំលាយគណបក្សនោះ ដូចដែលគាត់បានរំលាយអតីតគណបក្សសង្រ្គោះជាតិ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងថា ការលើកឡើងរបស់លោកសម រង្ស៊ី នេះ គឺជារឿងចាស់ដដែល ត្រឹមតែជាការរំខាន តែវាមិនបានប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ…
សំឡេងលោក ហង្ស ពុទ្ធា ៖

អ្នកនាំពាក្យ គ.ជ.ប រូបនេះ ថា តាមច្បាប់នៅកម្ពុជា ពលរដ្ឋគ្រប់រូបមានសិទ្ធិសម្រេចចិត្តជារៀងរាល់៥ឆ្នាំម្តង ដូច្នេះ ពលរដ្ឋពុំគួរបោះបង់សិទ្ធិរបស់ខ្លួនឡើយ ។ 

គូសបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិ បានចាប់ផ្តើមចែកចាយខិត្តបណ្ណ អេឡិចត្រូនិចរបស់ខ្លួនពីក្រៅប្រទេសតាមហ្វេសប៊ុក កាលពីថ្ងៃទី៧ កក្កដា ស្របចំយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅកម្ពុជាបានចាប់ផ្តើម ។ គិតចាប់ពីថ្ងៃទី៧ មកទល់នឹងពេលនេះ ខិត្តបណ្ណចំនួន៣ត្រូវបានផ្សព្វផ្សាយ ។ អត្ថន័យនៃខិត្តបណ្ណទាំងនោះ គឺអំពាវនាវពលរដ្ឋកុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ និងបន្តវាយប្រហារចំៗលើរបបដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ៕

ព័ត៌មានផ្សេងទៀត