ស្រូវប្រាំងរាប់ពាន់ហិកតា នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងក្រៀមស្រពោនដោយសារតែគ្មានភ្លៀងធ្លាក់ និងគ្មានទឹកដើម្បីស្រោចស្រព។ បើតាមការអះអាងពីប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយស្ដៅ និងឃុំបឹងព្រីង ស្រុកថ្មគោលឲ្យដឹងថា ស្រូវពួកគេនឹងត្រូវខូចខាតទាំងស្រុង ប្រសិនបើគ្មានទឹកក្នុងពេលមួយសប្ដាហ៍ខាងមុខ។ អ្នកនាំពាក្យក្រសួងធនធានទឹក បញ្ជាក់ប្រាប់វិទ្យុវាយោ នៅថ្ងៃទី០៨ ខែកក្កដានេះថា ក្រសួងបានបើកទ្វារទឹកដើម្បីជួយសង្គ្រោះដល់ដំណាំស្រូវទាំងនោះរួចរាល់ហើយ ប៉ុន្តែទឹកនៅមិនទាន់ទៅដល់នៅឡើយ។
ដោយសារតែគ្មានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនថ្ងៃកន្លងទៅនេះ ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង កំពុងព្រួយបារម្ភអំពីដំណាំស្រូវប្រាំងរបស់ពួកគេ ដែលកំពុងតែក្រៀមស្វិតជាបណ្ដើរៗ។ ប្រជាកសិករបានធ្វើពិធីតាមបែបបុរាណដើម្បីសុំទឹកភ្លៀង ខណៈពួកគេខ្លះរិះគន់អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរកសិកម្មខេត្តថា មិនជួយអើរពើររកដំណោះស្រាយ។
ថ្លែងប្រាប់វិទ្យុវាយោនៅថ្ងៃអាទិត្យនេះ លោក ប៉ុញ ឧត្តម អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអះអាងថា មានផ្ទៃដីចំនួន២៧,៣៣៤ហិកតា នៅក្នុងខេត្តបាត់ដំបង ដែលបានរងគ្រោះដោយធម្មជាតិ ក៏ប៉ុន្តែផ្ទៃដីចំនួន២០,៤១២ហិកតាត្រូវបានជួយសង្គ្រោះរួចមកហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០១៨នេះ។
ចំពោះការខ្វះខាតទឹកនៅពេលនេះ អនុប្រធានមន្ទីរកសិកម្មបានដាក់បន្ទុកទៅលើប្រជាពលរដ្ឋថា ដោយសារតែពួកគេបាននាំគ្នាធ្វើស្រូវប្រាំងច្រើនពេក...
សំឡេងលោក ប៉ុញ ឧត្តម៖
ចំពោះដំណោះស្រាយសង្គ្រោះបន្ទាន់ដល់ដំណាំស្រូវដែលកំពុងខ្វះខាតទឹកដែលនៅសេសសល់ ដូចជានៅក្នុងឃុំជ្រោយស្ដៅ ឃុំបឹងព្រីង និងឃុំមួយចំនួនទៀតនៅក្នុងស្រុកថ្មគោល លោក ប៉ុញ ឧត្តម បានលើកឡើងថា មានតែរងចាំទឹកភ្លៀងតែប៉ុណ្ណោះ...
សំឡេងលោក ប៉ុញ ឧត្តម៖
យ៉ាងណាក៏ដោយចុះ អនុប្រធានមន្ទីរកសិកម្មរូបនេះបានបន្ថែមទៀតថា មន្ទីរកសិកម្មខេត្តបាត់ដំបង ក៏កំពុងតែស្វែងរកមធ្យោបាយស្រោចស្រង់ ដំណាំស្រូវដែលកំពុងប្រឈមការខូចខាតនេះដែរ។ ក្នុងករណីរពុំអាចសង្គ្រោះបានលោកថា មន្ទីរសិកម្មនឹងត្រៀមគ្រាប់ពូជស្រូវដើម្បីជួយដល់ប្រជាកសិករ...
សំឡេងលោក ប៉ុញ ឧត្តម៖
ពាក់ព័ន្ធនឹងបញ្ហាដដែលនេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានអះអាងផ្ទុយពីអនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង។ លោកថាក្រសួងបានចុះជួយអន្តរាគមន៍រួចមកហើយ ទាំងនៅក្នុងស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង។ លោកថាបញ្ហាខ្វះខាតទឹកបែបនេះ គឺបណ្ដាលមកពីប្រជាពលរដ្ឋដែលគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងអាងស្ដុកទឹក មិនបានបើកប្រលែងទឹកចែកចាយ ដល់អ្នកនៅខាងក្រោម។ យ៉ាងណាលោក យុត្ថា បន្ថែមថាក្រសួងធនធានទឹកបានចុះទៅបើកទ្វារទឹក ដើម្បីសង្គ្រោះដំណាំស្រូវពលរដ្ឋ បានរយៈពេល៣សប្ដាហ៍មកហើយ ដែលទឹកនឹងទៅដល់តាមភូមិឃុំរងគ្រោះជាបន្តបន្ទាប់...
សំឡេងលោក ចាន់ យុត្ថា៖
ចំពោះការរាំងភ្លៀងនារយៈពេលចុងក្រោយដែលនាំឲ្យមានបញ្ហាខ្វះខាតទឹក នៅតាមតំបន់មួយចំនួននៅពេលនេះ អ្នកនាំពាក្យក្រសួងធនធានទឹកអះអាងថា ពុំមែនជាបាតុភូតកូនរដូវប្រាំងនោះទេ។ លោកអះអាងថាកូនរដូវប្រាំង នឹងធ្វើឲ្យរាំងភ្លៀងទូទាំងប្រទេស ក្នុងរយៈពេលមួយសប្ដាហ៍ ទៅ១០ថ្ងៃ....
សំឡេងលោក ចាន់ យុត្ថា៖
គួរបញ្ជាក់ថាពុំមែនមានតែខេត្តបាត់ដំបងប៉ុណ្ណោះទេ ដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹក ក្នុងការបង្ករបង្កើនផល ពោលគឺបញ្ហានេះក៏កំពុងកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ តាកែវ ពោធិ៍សាត់ជាដើម ដែលក្រសួងធនធានទឹកកំពុងតែជួយអន្តរាគមន៍។ នេះបើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងធនធានទឹក៕