បក្ស៣ចាប់ផ្តើមយុទ្ធនាការឃោសនាដោយរលូន ២ទៀតជួបបញ្ហាខ្លះៗ

07-07-2018 5:51 pm 6058
  ស្តាប់
គណបក្សប្រជាជនកម្ពុជា, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, និងគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នាព្រឹកនេះ ។
ស្តាប់ជាសំឡេង

គណបក្សនយោបាយចំនួន៥ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅព្រឹកថ្ងៃទី៧ កក្កដា ក្នុងរាជធានីភ្នំពេញ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៦ កក្កដា ។

គណបក្សទាំង៥នោះ រួមមាន គណបក្សប្រជាជនកម្ពុជា មានសមាជិកចូលរួមដង្ហែចំនួន៦០.០០០នាក់, គណបក្សហ៊្វុន ស៊ិនប៉ិច មានសមាជិកចូលរួមដង្ហែចំនួន២.០០០នាក់, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានសមាជិកចូលរួមដង្ហែចំនួន ១៥.០០០នាក់, គណបក្សឆន្ទៈខ្មែរ មានសមាជិកចូលរួមដង្ហែចំនួន៣០០នាក់ និងគណបក្សខ្មែររួបរួមជាតិ មានសមាជិកចូលរួមដង្ហែចំនួន ៦២៥នាក់ ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា ក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សប្រជាជន គឺពុំមានកត្តាប្រឈមណាមួយកើតឡើងឡើយ គឺដំណើរការទៅដោយរលូន មានសុខ សុវត្ថិភាព …
សំឡេងលោក សុខ ឥសាន ៖

យ៉ាងណាម៉ិញ គណបក្សហ្វ៊ុន ស៊ិនប៉ិច ក៏បានលើកឡើងដូចគ្នាដែរ ពុំមានហេតុការណ៍ណាមួយកើតឡើងគួរឱ្យកត់សម្គាល់ទេ ។ មន្រ្តីគណបក្សហ៊្វុន ស៊ិនប៉ិច អ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតបានអះអាងថា ការចូលរួមអបអរសាទរពីសំណាក់ពលរដ្ឋនៅតាមដងផ្លូវ គឺជាសញ្ញាដែលធ្វើឱ្យលោកសង្ឃឹមថា នឹងទទួលបានសំឡេងគាំទ្រច្រើន…
សំឡេងមន្រ្តីគណបក្សហ្វ៊ុន ស៊ិនប៉ិច ៖

ស្រដៀងគ្នានេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏មានដំណើរការទៅមុខដោយរលូនដែរ ស្របតាមការគ្រោងទុក ។ តំណាងការិយាល័យរាជធានីភ្នំពេញរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ព្រិន បានលើកឡើងថា ជាកត្តាប្រឈម គឺមានការដាច់ក្បួនក្នុងចំណែកខ្លះៗ ដោយសារតែឈប់នៅតាមភ្លើងស្តុបច្រើន ។លោកក៏បានស្នើឱ្យសមត្ថកិច្ចជួយសម្រួលដល់ការធ្វើយុទ្ធនាការឃោសនារបស់បក្ស…
សំឡេងលោក ម៉ែន ព្រិន ៖

ចំណែកឯគណបក្សឆន្ទៈខ្មែរបានលើកឡើងថា ពុំមានកត្តាអ្វីប្រឈមធំដុំទេ ប្រឈមត្រឹមតែ ការហែពុំសូវបានរលូន ព្រោះក្បួនហែរបស់គណបក្សប្រជាជនកម្ពុជាច្រើនពេក ធ្វើឱ្យក្បួនរបស់គណបក្សឆន្ទៈខ្មែរត្រូវផ្អាកក្នុងរយៈពេលខ្លី ។ លោក ហ៊ីង យឿន អនុប្រធានគណបក្សឆន្ទៈខ្មែរប្រាប់ថា ក្រោយមានការសម្រួល ក្បួនក៏ចាប់ផ្តើមដំណើរការទៅជាធម្មតា…
សំឡេងលោក ហ៊ីង យឿន ៖

ដោយឡែក គណបក្សខ្មែររួបរួមជាតិបានអះអាងថា ពុំមានអ្វីជាកត្តាប្រឈមទេសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូងនេះ ដោយមានអ្នកចូលរួមចំនួន១.២០០នាក់ ។ នេះបើតាមការបញ្ជាក់ពីលោក ញឹក ប៊ុនឆៃប្រធានគណបក្សខ្មែររួបរួមជាតិ…
សំឡេងលោក ញឹក ប៊ុនឆៃ ៖

តាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.បដែលបានចែង ចុះថ្ងៃទី៤ កក្កដា ថា គ្រប់គណបក្សនយោបាយទាំងអស់ អាចហែក្បួនឃោសនា ក្នុងមួយរាជធានី-ខេត្ត បានតែ៤ដងប៉ុណ្ណោះ បើទោះជាក្បួននោះធ្វើឡើងតែមួយស្រុក ឬគ្រប់ស្រុកនៅក្នុងខេត្តក៏ដោយ ។

នៅក្នុងដំណើរការនៃការឃោសនា ដោយប្រើឧបករណ៍បំពងសំឡេង ត្រូវបានហាមឃាត់ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល ហើយហាមមិនឱ្យឃោសនានៅក្បែរមន្ទីរពេទ្យ និងហាមមិនឱ្យឃោសនានៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានាក្នុងម៉ោងសិស្សកំពុងរៀនឡើយ ។

សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត អាចផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនដោយមធ្យោបាយជាច្រើនដូចជា ការជួបប្រជុំជាសាធារណៈ ការរៀបចំក្បួនព្យុហយាត្រា ដោយថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ មិនតែប៉ុណ្ណោះ គ្រប់គណបក្សនយោបាយអាចជួបជុំ ឬឃោសនាតាមផ្ទះប្រជាពលរដ្ឋ អាចផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន និងអាចឃោសនាតាមឧបករណ៍បំពងសំឡេង ឬចាក់ផ្សាយកាសែតវីដេអូ ឬវីស៊ីឌី ឬឌីវីឌី ។ 

បន្ថែមលើនេះ ការបិទផ្សាយបដាពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនា ការចែកខិត្តប័ណ្ណ ស្លាកសញ្ញាគណបក្ស ឬមួក សម្លៀកបំពាក់ ដែលមានស្លាកសញ្ញាគណបក្ស ឬបេក្ខជន ជូនអ្នកបោះឆ្នោតជាដើម ត្រូវបានអនុញ្ញាត ។

គូសបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ហើយនៅថ្ងៃទី២៨ កក្កដា គឺជាថ្ងៃស ដែលតម្រូវឱ្យបញ្ឈប់គ្រប់សកម្មភាពឃោសនាទាំងអស់ ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕ 

ព័ត៌មានផ្សេងទៀត