ការការពារ និងកម្ចាត់មូសផ្លុង

06-07-2018 1:37 pm 237

វដ្តជីវិត៖
- វាជាសត្វល្អិត មានរូងរាងដូចមូសធម្មតាដែរ ។ ខ្លួនមូសផ្លុងឈ្មោលពេញវ័យ មាណពណ៌លឿងត្នោត និងមានមាឌតូចជាងមូសផ្លុងញី រីឯញីមានពោះពណ៌ក្រហម ។ ពេលភ្លៀងចាប់ផ្តើមធ្លាក់នៅដើមរដូវរស្សា មូសផ្លុងពេញវ័យហើរចេញពីស្មៅមករកជម្រកថ្មី ដែលមានចំណី និងអាចបន្តពូជបាន ។
- ពងនៅលើស្លឹកស្រូវ ។
- ដង្កូវមូសផ្លុងញាស់ចេញពីពងមានពណ៌សស្រអាប់ ។

ស្នាមបំផ្លាញ៖
- វាអាចស៊ីបំផ្លាញស្រូវចាប់តាំងពីវគ្គសំណាប រហូតដល់ចុងបញ្ចប់នៃវគ្គបែកគុម្ព ។
- បន្ទាប់ពីញាស់ វាចូលលាក់ខ្លួនក្នុងដើមស្រូវ និងស៊ីបណ្តូលខ្ចីនៃដើមស្រូវ ដែលនាំឱ្យស្រូវមិនអាចចេញកួរបាន ។
- ការស៊ីបំផ្លាញបណ្តូលមានសណ្ឋានជាបំពង់ដូចស្លឹកខ្ទឹមបារាំង ដែលគេនិយមហៅថា ពកស្លឹកខ្ទឹមបារាំង ឬដើមផ្លុង ដែលនាំឱ្យស្រូវមិនលូតលាស់ ។
- វាចេញពីដើមពកស្លឹកខ្ទឹមបារាំងតាមប្រហោង ដោយបន្សល់ទុកសំបកដឹកឌឿ នៅជាប់នឹងដើមដែលបំផ្លាញនោះ ។
- ការបំផ្លាញរបស់វា ធ្វើឱ្យស្រូវមិនបែកគុម្ព និងមិនឱ្យផល ។

វិធានការការពារ ៖
- កាត់បន្ថយវគ្គលូតលាស់របស់ស្រូវឱ្យនៅខ្លី គឺពន្យាពេលដាំដុះ ក្នុងរដូវវស្សាឱ្យបានសមស្រប បើអាចធ្វើទៅបាន សម្រាប់ស្រូវប្រកាន់រដូវ មុនពេលវាផ្លាស់ប្តូរទីពីរុក្ខជាតិជម្រក ។
- ចំពោះស្រូវមិនប្រកាន់រដូវ គឺដាំដុះឱ្យបានឆាប់រហ័សនៅពេលដើមរដូវវស្សា ដើម្បីឱ្យដំណាំស្រូវបានបញ្ចប់វគ្គលូតលាស់ មុនពេលមូសផ្លុងបំលាស់ពីរុក្ខជាតិជម្រក ។
- ប្រើប្រាស់ជីអ៊ុយរ៉េក្នុងកម្រិត និងបានជា៣ដំណាក់កាល ៖ (ដំណាក់កាលសំណាប, ដំណាក់កាលបែកគុម្ព, ដំណាក់កាលកំណកំណើតកួរ)
- ថែរក្សាសត្វមានប្រយោជន៍ ពីងពាង កន្ទុំរុយ ។
- ភ្ជួរស្រែបន្ទាប់ពីប្រមូលផល និងធ្វើឱ្យដីស្អាតល្អ ដើម្បីកុំឱ្យមានរុក្ខជាតិជម្រក ។ 
- ត្រាំឫសជាមួយទឹកថ្នាំសំបកស្តៅ និងបណ្តូលពេជ្រ ។

វិធានការកម្ចាត់ ៖
- ថ្នាំគីមីកសិកម្មពពួកជ្រាប Sustemic insecticide មានប្រសិទ្ធភាព ។
- ប្រើរនាស់រាស់ពីលើដើមស្រូវ នៅដំណាក់កាលបែកគុម្ព ដើម្បីឱ្យពកស្លឹកខ្ទឹមបារាំងបាក់ និងប្រមូលកម្ទេចចោល ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ) 

ព័ត៌មានផ្សេងទៀត