គណបក្ស២រួមគ្នាតាំងខ្លួនជាបក្សប្រឆាំងប្រកួតប្រជែងបោះឆ្នោត

05-07-2018 4:07 pm 1800
  ស្តាប់
តំណាងគណបក្សខ្មែរក្រោក និងគណបក្សធម្មាធិបតេយ្យ ក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់ នៅព្រឹកថ្ងៃទី៥កក្កដា ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

គណបក្សធម្មាធិបតេយ្យដែលមានលោកស្រី ពោធិតី សាវត្ថី ជាប្រធាន និងគណបក្សខ្មែរក្រោកដែលមានលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុងជាប្រធាន នៅព្រឹកថ្ងៃទី០៥ កក្កដា បានប្រកាសជាផ្លូវការ ចុះអនុស្សារណៈនៃការយោគយល់រួមគ្នាមួយ ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ដើម្បីរួមកម្លាំងគ្នាជាគណបក្សប្រឆាំង ចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃខាងមុខ ។

ជាគោលគំនិតសំខាន់នៃការរួបរួមគ្នានេះ គឺត្រូវបានធ្វើឡើងដើម្បីដោះស្រាយភាពអត់ឃ្លានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន ។ អត់ឃ្លានព្រោះថា ពលរដ្ឋត្រូវការការផ្លាស់ប្តូរមេដឹក និងមុខមាត់នៃគណបក្សប្រឆាំងថ្មី ដូច្នេះ អ្វីជាគោលដៅចំបងនៃការរួបរួមនៃគណបក្សទាំងពីរ គឺដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំដោយសន្តិវិធី និងបង្កើតទៅជាគណបក្សប្រឆាំងថ្មីមួយ ដើម្បីងាយស្រួលដល់ពលរដ្ឋម្ចាស់ឆ្នោតជ្រើសរើស ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ …
សំឡេង ៖

ប្រធានគណបក្សធម្មាធិបតេយ្យរូបនេះបានបង្ហើបប្រាប់ថា គម្រោងរួបរួមសំឡេងគណបក្សប្រឆាំងនេះ លោកស្រីធ្លាប់បានពិភាក្សាជាមួយគណបក្សនយោបាយចំនួន៣ផ្សេងទៀតកន្លងមក ដែលមានដូចជា គណបក្សពន្លឺថ្មី គណបក្សមាតុភូមិយើង និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តែគណបក្សទាំងនេះ ហាក់មិនមានការស្រុះស្រួលក្នុងការបង្កើត ។ 

លោកស្រីអះអាងថា ការមិនព្រមចូលរួមនេះ ព្រោះគណបក្សខ្លះមិនហ៊ានចូលរួមក្នុងគោលជំហរជាគណបក្សប្រឆាំង ហើយខ្លះទៀត ត្រូវបានចូលរួមជាដៃគូរបស់រាជរដ្ឋាភិបាលរួចរាល់ទៅហើយ…
សំឡេង ៖

ជាមួយគ្នានេះ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកបានលើកឡើងថា ការរួបរួមគ្នា គឺជារឿងសំខាន់មួយ ដែលធ្វើឡើងដើម្បីប្រមូលសំឡេងគណបក្សប្រឆាំង ដែលហ៊ានរិះគន់សង្គម រិះគន់អ្នកកាន់អំណាច រដ្ឋាភិបាល រាល់ពេលរដ្ឋាភិបាលធ្វើខុស ។ លោកស្នើឱ្យគណបក្ស ដែលតាំងខ្លួនថាជាគណបក្សប្រឆាំង គួរតែរៀបចំខ្លួនរួបរួមគ្នា ដើម្បីឈានទៅរកជ័យជំនះ…
សំឡេង ៖

ប្រធានគណបក្សខ្មែរក្រោករូបនេះបញ្ជាក់ថា ការរួបរួមគ្នារវាងគណបក្សធម្មាធិបតេយ្យ និងគណបក្សខ្មែរក្រោក គឺមិនមែនមានន័យថា ច្របាច់បញ្ចូលបក្សជាមួយគ្នានោះទេ គឺវាជាការចងសម្ព័ន្ធភាព ដើម្បីធ្វើការរួមគ្នា ជួយគ្នា ក្នុងគោលដៅរួមគ្នា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ…
សំឡេង ៖

បើតាមការបញ្ជាក់ពីមេដឹកនាំនៃគណបក្សទាំងពីរអះអាងថា ការរួបរួមនឹងនៅតែបន្ត និងបើកចំហដើម្បីឱ្យគណបក្សនយោបាយផ្សេងៗដទៃទៀតចូលរួម ។

យ៉ាងណាក៏ដោយ គណបក្សនយោបាយទាំង២ គ្រោងនឹងធ្វើការឃោសនាបោះឆ្នោតក្នុងលក្ខណៈទ្រង់ទ្រាយខុសគ្នា ទៅតាមតំបន់គោលដៅរៀងខ្លួន ។ ប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង លើកឡើងថា នឹងមិនមានវប្បធម៌ចែកលុយ ជួលពលរដ្ឋឱ្យជ្រើសរើស និងស្រឡាញ់បក្សខ្លួនឡើយ…
សំឡេង ៖

បើតាមខ្លឹមសារដើមនៃអនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណបក្សខ្មែរក្រោក និងគណបក្សធម្មាធិបតេយ្យ រួមមាន ចំណុចទី១.ធ្វើកិច្ចសហការប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមកលើការឃោសនា ការអប់រំ ផ្សព្វផ្សាយទូទៅ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ កក្កដា ។ 

ចំណុចទី២.គណបក្សទាំងពីរនឹងសហការរួមគ្នា ប្រសិនបើគណបក្សទាំងពីរទទួលបានអាសនៈនៅក្នុងរដ្ឋសភាជាតិនាពេលខាងមុខ ដោយឈរលើគោលការណ៍រួមគ្នា ដើម្បីបម្រើប្រទេសជាតិ នឹងមិនយកខ្មែរណាធ្វើជាសត្រូវ ជាពិសេស នឹងធ្វើការស្វែងរកការគាំទ្រ និងស្វែងរកការចងសម្ព័ន្ធជាមួយគណបក្សផ្សេងៗទៀត ឱ្យបានកាន់តែច្រើន នឹងកាន់តែរឹងមាំ ។ 

ចំណុចទី៣.គណបក្សទាំងពីរបានរួមគ្នាឈរលើគោលការណ៍យោគយល់ នឹងជួយគ្នាទៅវិញទៅមក ក្នុងករណីគណបក្សណាមួយ ឬទទួលបានការគាំទ្រ និងទទួលបានអាសនៈក្នុងសភាជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ គណបក្សសម្ព័ន្ធដែលមានអាសនៈក្នុងសភាជាតិ នឹងជួយផ្តល់ការងារដល់គណបក្សដែលមិនមានអាសនៈក្នុងសភាជាតិ តាមដែលអាចធ្វើទៅបាន ក្នុងស្មារតីយោគយល់ និងសហការ ។ 

និងចំណុចទី៤.គណបក្សទាំងពីរឈរលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ប៉ុន្តែជួយស្វែងរកដំណោះស្រាយ និងចូលរួមជួយការពារគ្នាទៅវិញទៅមក ក្នុងករណីគណបក្សមួយមានបញ្ហាដោយប្រការណាមួយ ៕

ព័ត៌មានផ្សេងទៀត