ពេញ​១​ខែមិថុនា មហាជន​ចាប់អារម្មណ៍​ខ្លាំង​លើ​ព្រឹត្តិការណ៍​អ្វីខ្លះ​?

03-07-2018 7:22 pm 937
  ស្តាប់
ស្តាប់ជាសំឡេង

​សម័យ​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន ព័ត៌មាន ឬ​រឿងរ៉ាវ​ផ្សេងៗ ទោះបី​កើតឡើង​នៅ​តំបន់​ណាក៏ដោយ គឺ​តែងតែ​ស្ថិតនៅ​លើ​ដៃ របស់​លោក​អ្នក​ជានិច្ច​។ គ្រប់​រឿងរ៉ាវ ឬ​ព្រឹត្តិការណ៍ ដែល​មហាជន​ចាប់អារម្មណ៍ បង្ហោះ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក៏ដូចជា​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​នានា រឿងរ៉ាវ ឬ​ព្រឹត្តិការណ៍​ទាំងនោះ នឹង​ធ្វើឲ្យ​កក្រើក​ផ្ទុះ​ជា​ក់​ជាពុំខាន​។ ចង់ដឹងថា តើ​ក្នុង​ខែមិថុនា និង​ឈាន​មក​ដើម​ខែ​កក្កដា​នេះ មាន​ព្រឹត្តិការណ៍​អ្វីខ្លះ​កើតឡើង​នោះ ស្តាប់​ការរាយការណ៍​ពី​សៅ វិសាល​

​ផ្តើម​ជាដំបូង មក​ចាប់​អារម្មណ៍​ពី​ការព្រមាន របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទៅលើ​មន្ត្រី​យោធា​២​រូប​។ លោកនាយក​រដ្ឋមន្ត្រី បាន​ព្រមាន​បណ្តេញ លោក ខាន់ ច័ន្ទ​សុផល និង​លោក ផែង វណ្ណៈ ចេញពី​ជួរ​កងកម្លាំង​យោធា ប្រសិនបើ​នៅ​តែ​បន្ត​និយាយ​លើ​រឿង ព្រះសង្ឃ​ឆាន់​ពោត នៅ​ខេត្ត​បន្ទាយមានជ័យ​ត​ទៀត​នោះ​។ ការព្រមាន​ពី​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ឲ្យប្រើ​ប្រាស់ ផ្លូវការ កំណាត់​ផ្លូវជាតិ​លេខ​៦ ប្រវែង​សរុប ២៤៨.៥៣​គីឡូម៉ែត្រ នា​ថ្ងៃ​ទី​១១ មិថុនា​។ លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ការបន្ត​និយាយ​ពី​រឿងអាស្រូវ​រវាង​ព្រះសង្ឃ និង​នារី​ម្នាក់​នៅ​បន្ទាយមានជ័យ (​រឿង​ពោត​) គឺជា​ការ​ជាន់ឈ្លី​តម្លៃ​ព្រះពុទ្ធសាសនា​។​

​ងាយ​ចេញពី​រឿងនេះ បាន​បន្តិច ក៏​បាន​ធ្លាក់​ដល់​លោក​សម រង្ស៊ី អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​ទទួល​រង​បណ្តឹង​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ដោយសារ​តែ​បាន​និយាយថា ព្រះរាជសារ របស់​សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុនី ដែល​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត អាច​ជា​ព្រះរាជសារ​ក្លែងក្លាយ​។​

​រំលង​បាន​ប៉ុន្មាន​ថ្ងៃ ក៏​ស្រាប់តែ​ផ្ទុះ​ករណី​ថ្មីចែស​មួយ គឺ​បុរស​ម្នាក់​ជា​កម្មករ​បម្រើ​នៅ​ខារ៉ាអូខេ​ម្នាក់ បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​អំពាវនាវ​ឲ្យ​ប្រមុខរ​ដ្ឋា​ភិបាល ជួយ​រក​យុត្តិធម៌​ដល់​ខ្លួន​។ ជួយ​រក​យុត្តិធម៌  ព្រោះ​ដោយសារ​តែ​ថៅកែ​របស់​ខ្លួន ដែល​ជា​ម្ចាស់​ខារ៉ាអូខេ បាន​យក​គម្រប​ដប​ត្រូវ​រង្វាន់​រថយន្ត របស់​ក្រុមហ៊ុន​អូ​អ៊ិ​ឈិ ទៅ​ទុក​សម្រាប់​បើក​រង្វាន់​ខ្លួនឯង​។​

​ព័ត៌មាន​នេះ បាន​លេចលឺ​ដល់​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ រួច​ក៏​បាន​ជួយ​អន្តរាគមន៍ ដោយ​ម្ចាស់​ខារ៉ាអូខេ សម្រេច​ដក​ខ្លួន​ចេញ ហើយ​កម្មករ​២​នាក់ ដែល​ជា​ម្ចាស់​គម្រប​ដប​ត្រូវ​រង្វាន់ បានសម្រេច​ចែកគ្នា​ម្នាក់​៥០%​ស្មើ​។​

​ក្រោយមកទៀត ព្រឹត្តិការណ៍​អន្តរជាតិ និង​ជា​ប្រវត្តិសាស្ត្រ​មួយ បាន​ផ្ទុះឡើង ដែល​ធ្វើឲ្យ​មហាជន សារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​ជុំវិញ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ នោះ​គឺជា​កិច្ច​ជំនួប​ដ៏​កម្រ​រវាង​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក​គីម ជុន​អ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង​។ 

ឈាន​ដល់​ពាក់កណ្តាល​ខែ មហាជន​ក៏​បាន​ចាប់ផ្តើម​បញ្ចេញ​កំហឹង ទៅលើ​បុរស​ម្នាក់ (​ឪពុក​)​ដែល​បាន​ប្រើ​អំពើហិង្សា​វាយ លើ​កុមារ​មួយរូប​(​កូន​) យ៉ាង​សាហាវ​ព្រៃផ្សៃ​។ តាមរយៈ​វីដេអូ បង្ហោះ​លើ​ហ្វេ​សប៊ុក មាន​ប្រជាពលរដ្ឋ​មិន​តិច​ទេ ដែល​ថ្កោលទោស​ចំពោះ​បុរស​រូប​នោះ និង​បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ ចាប់ខ្លួន ហើយ​នៅ​ទីបំផុត បុរស​រូប​នោះ ក៏​ត្រូវបាន​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផងដែរ​។​

​រំលង​បាន​២​ថ្ងៃ ពោល​នៅ​ថ្ងៃទី​១៧ មិថុនា ហេតុការណ៍​ដ៏​គួរឲ្យភ្ញាក់ផ្អើ​មមួយ បាន​កើតឡើង នោះ​គឺ​ករណី​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឲ្យ​ទ្រង់​រងរបួស​ធ្ងន់ និង​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព ដោយសារតែ​របួស​ធ្ងន់ធ្ងរ​ពេក​។​

​ក្រោយមកទៀត ឈាន​ចូល​ដល់​ថ្ងៃ​ទី​០១ ខែកក្កដា ក្រុម​គណកម្មាធិការ​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិភពលោក បាន​ចូលរួម​ក្នុង​កម្មវិធី​ពន្លា​ក្រមា​១០០​ម៉ែត្រ និង​ការ​វ៉ា​ស់វែង​ជា​ផ្លូវការ នៅ​ឯម​ជ្ឈមណ្ដ​លកោះ​ពេជ្រ​។ ក្រោយ​ការវាស់វែង និង​ត្រួតពិនិត្យ​រួចរាល់ ក្រុម​គណកម្មាធិការ​កំណត់​ត្រា​ឯតទគ្គ​កម្ម​ពិភពលោក បាន​សម្រច​ឲ្យ​ក្រមា​ត្បាញ​ដោយ​ប្រជាជន​ខ្មែរ ប្រវែង​សរុប​១,១៤៩​ម៉ែត្រ ជាប់​ក្នុង​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក ដោយ​ជោគជ័យ​។​

​រីឯ​ព្រឹត្តិការណ៍​ចុងក្រោយបង្អស់ ដែល​កើតឡើង​តាំងពី​ខែ​មិថុនា បន្ត​ឈាន​ចូលដល់​ដើម​ខែ​កក្កដា​នេះ គឺ​ករណី​បាត់​ក្មេង និង​គ្រូបង្វឹក​ចំនួន​១៣​នាក់ នៅក្នុង​រូងភ្នំ​មួយកន្លែង នៅ​ប្រទេស​ថៃ​។ ព្រឹត្តិការណ៍​នេះ ក៏​បាន​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ផង​ដែរ ព្រោះ​វា​ប្រៀប​ដូចជា​ករណី​បាត់​យន្តហោះ​MH370 ដោយ​គ្មាន​មូលហេតុ កាលពី​ជាង​៤​ឆ្នាំមុន​។​

​យ៉ាងណាមិញ ក្រុម​ជួយសង្គ្រោះ ជាច្រើន​នាក់ បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​តាម​ស្វែងរក​ក្រុម​ក្មេង​ដែល​បាត់​ខ្លួន​។ ហើយ​នៅ​ទីបំផុត នៅ​ថ្ងៃ​ទី ០២ កក្កដា ពួកគេ​ទាំង​១៣​នាក់ ត្រូវបាន​រកឃើញ ដោយ​នៅ​រស់រាន​មានជីវិត ក្រោយ​បាត់​ខ្លួន​អស់​រយៈពេល​៩​ថ្ងៃ​។​

​សុបិន្ត​អាក្រក់​របស់​អ្នក​ទាំង ១៣​នាក់ ដែល​ត្រូវបាន​គេ​រកឃើញ​ថា នៅ​មាន​អាយុជីវិត ក្រោយ​ជាប់​ក្នុង​រូងភ្នំ​ថាំ​លួង អស់​ជិត ១០​ថ្ងៃ​មក​នេះ មិន​ទាន់​បញ្ចប់​ឡើយ ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ថៃ បាន​នឹង​កំពុង​ពន្លឿន​ការបូមទឹក​ចេញ​ពីរូ​ង​ភ្នំ​។ ប៉ុន្តែ​តាម​ការព្យាករណ៍​ឧតុនិយម​បាន​ព្រមាន​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែម នៅ​តំបន់​នោះ ដែល​អាច​នឹង​បង្ក​ភាពស្មុគស្មាញ​បន្ថែម ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​យក​អ្នក​ទាំងនេះ​ចេញមក​ខាងក្រៅ​។ 

​សូមបញ្ជាក់​ថា នេះ​ជា​ព្រឹត្តិការណ៍​ចុងក្រោយបង្អស់​សម្រាប់​ខែ​មិថុនា ហើយ​សម្រាប់​កិច្ច​ជួយ​អន្តរាគមន៍​រំដោះ​ពួក​អ្នក​ទាំង​១៣​នាក់ ចេញពី​រូងភ្នំ បាន ឬក៏​យ៉ាងណា​នោះ គឺមាន​តែ​រង់ចាំ​មើល​ទាំងអស់គ្នា​.....៖

ព័ត៌មានផ្សេងទៀត