ការការពារ និងកម្ចាត់ដង្កូវស៊ីរូងដើម

03-07-2018 5:26 pm

វដ្តជីវិត៖
- ដង្កូវស៊ីរូងដើមពណ៌លឿង ដង្កូវស៊ីរូងដើមពណ៌ស ដង្កូវស៊ីរូងដើមឆ្នូត ដង្កូវស៊ីរូងដើមក្បាលខ្មៅ ដង្កូវស៊ីរូងដើមពណ៌ផ្កាឈូក ។ ក្នុងចំណោមដង្កូវស៊ីរូងដើមទាំងនេះ គឺដង្កូវស៊ីរូងដើមពណ៌លឿងជាប្រភេទសត្វល្អិតចង្រៃសំខាន់ ជាងគេនៅកម្ពុជា ជាពិសេសស្រែតំបន់ទំនាប ។
- មេអំបៅញីរបស់ដង្កូវស៊ីរូងដើមពណ៌លឿង មានស្លាបខាងមុខពណ៌លឿងព្រលែត ឬពណ៌ត្នោតខ្ចី ហើយនៅលើស្លាបទាំង២ មានចំណុចខ្មៅមួយជាចំណុចសម្គាល់ ។ រីឯមេអំបៅឈ្មោល មានមាឌតូចជាងញី មានពណ៌ប្រផេះ ឬត្នោតខ្ចី និងមានចំណុចខ្មៅតូចៗ ២ជួរ នៅចុងស្លាបខាងមុខ ។ វដ្តជីវិតរបស់វាពី៧-១០ថ្ងៃ និងអាចពងបានរហូតដល់៣សំបុក ។
- ពងជាកញ្ចុំៗរាងពងក្រពើ និងគ្របដណ្តប់ដោយរោមពោះរបស់វា នៅលើស្លឹកស្រូវផ្នែកខាងចុង ។
- ដង្កូវរបស់វាមានក្បាលតូច ពណ៌ទឹកក្រូច ។

ស្នាមបំផ្លាញ៖
- បំផ្លាញចាប់ពីវគ្គលូតលាស់
- បង្កើតផល
- ដង្កូវរបស់វាស៊ីចោះ ចូលទៅក្នុងដើមស្រូវ
- ស្លឹកបណ្តូលមានពណ៌ត្នោត ហើយងាប់បណ្តូល និងងាយដកចេញពីដើមរបស់វា ជួនកាលអាចមើលឃើញអាចម៍ដង្កូវនៅគល់នៃស្លឹកដែលដកចេញមក គេហៅថា ងាប់បណ្តូល ។ នៅដំណាក់កាលបែកគុម្ព ។
- ក្រោយដំណាក់កាលចេញផ្កា កួររបស់វាក្លាយជាពណ៌ស និងពុំមានដាក់គ្រាប់ទេ ហើយអាចដកដោយដៃបានយ៉ាងងាយស្រួល ដែលគេហៅថា កួរស ។

វិធានការការពារ ៖
- ការស្ទូងដោយប្រើអាយុសំណាបចំណាស់ជាងធម្មតាបន្តិច ដោយសំណាបបែបនេះ មានដើមប្រកបដោយសំបករឹង អាចកាត់បន្ថយ លទ្ធភាពរាតត្បាតរបស់ដង្កូវស៊ីរូងដើម ។
- ប្រើប្រាស់ពូជស្រូវទំនើបធន់ដូចជា សែនពិដោរ អ៊ីអ៊ែរកេសរ
- នៅពេលប្រមូលផល ត្រូវច្រូតឱ្យកៀកគល់

វិធានការកម្ចាត់ ៖
- កាត់ចុងស្រូវមុនពេលស្ទូង អាចកាត់បន្ថយការនាំយកពងរបស់ដង្កូវស៊ីរូងដើម ពីថ្នាលសំណាបទៅក្នុងស្រែសន្ទូងបាន
- ភ្ជួរពន្លិចទឹកស្រែបន្ទាប់ពីច្រូតកាត់ គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់វា ព្រោះវាស្ថិតនៅក្នុងគល់ជញ្រ្ជាំង
- ការដុតគល់ជញ្រ្ជាំងចោល អាចមានប្រសិទ្ធភាពតែក្នុងករណីខ្លះប៉ុណ្ណោះ ពីព្រោះដង្កូវអាចផ្លាស់ទីចូលទៅក្នុងដីបន្ទាប់ពីច្រូតកាត់ ហើយទង្វើបែបនេះ អាចប៉ះពាល់ដល់គុណភាពដី
- ថែរក្សាសត្វមានប្រយោជន៍ ចង្រិតកណ្តុរ ខ្មូតដី កណ្តូបមួយចំនួន ឱម៉ាល់
- ការថែរក្សាប៉ារ៉ាស៊ីត យកបំពង់ឫស្សី បន្ទាប់មកធ្វើការចោះប្រហោងនៅជិតថ្នាំងក្នុងទំហំល្មម ដោយចោះមិនឱ្យធ្លុះទៅម្ខាងទៀត ហើយយកខ្លាញ់គោ ទៅលាបមាត់បំពង់ឫស្សី ដែលបានចោះរួចទាំងក្នុងនិងក្រៅ ដើម្បីការពារដង្កូវមិនទទួលរកប៉ារ៉ាស៊ីតវារចេញ និងយកវាទៅដាក់ក្នុងស្រែ ។ ជាបន្ត ធ្វើការប្រមូលសំបុកពងរបស់ដង្កូវស៊ីរូងដើម យកទៅដាក់ចូលទៅក្នុងបំពង់ឫស្សីនោះ ដូចនេះ ដង្កូវដែលទទួលប៉ារ៉ាស៊ីត នឹងហើរចេញបន្ទាប់ពីវាជ្រក ស៊ីបំផ្លាញ និងវិវដ្តជីវិតលើដង្កូវស៊ីរូងដើម ។
- ត្រាំឫសសំណាប ដោយទឹកត្រាំសំបកស្តៅ
- ប្រើអន្ទាក់ភ្លើងឱ្យឆ្ងាយពីស្រែ
- ប្រើថ្នាំគីមីកសិកម្ម Barsudine ១៥-២០គីឡូក្រាម ក្នុងមួយហិកតា ប្រើទ្រាប់បាត មុនពេលស្ទូង
- ការប្រើប្រាស់ថ្នាំគីមីកសិកម្ម មានប្រសិទ្ធភាព គឺបាញ់នៅចន្លោះពេលដង្កូវញាស់ចេញពីពង និងពេលវាកំពុងរុលចូលទៅក្នុងដើមប៉ុណ្ណោះ

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ) 

ព័ត៌មានផ្សេងទៀត