​ព័ត៌មាន​បន្ថែម​​​នៃ​ការ​រកឃើញ​​ក្មេង​១២​នាក់ គ្រូបង្វឹក​ម្នាក់​​ ក្រោយ​បាត់​ខ្លួន​​ក្នុង​រូងភ្នំ​​១០​ថ្ងៃ​

03-07-2018 5:15 pm 2653
រូបភាព​​ក្មេងៗ​​ដែលក្រុម​ជួយសង្គ្រោះ​​រកឃើញ​ក្នុងរូងភ្នំ

​ហេតុការណ៍​បាត់​ក្មេងៗ​ជា​កីឡាករ​បាល់ទាត់​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់​នៅក្នុង​រូងភ្នំ​មួយ​នៅ​ប្រទេស​ថៃ បាន​បង្ក​ជា​ការភ្ញាក់ផ្អើល​ទូទាំងប្រទេស និង​បង្ក​ការភ្ញាក់ផ្អើល​ដល់​អន្ដរ​ជាតិ​ផងដែរ​។ ក្មេងៗ​ទាំង​១២​នាក់​អាយុ​ចន្លោះ​ពី​១១-១៦​ឆ្នាំ និង​គ្រូបង្វឹក​ម្នាក់​អាយុ​២៥​ឆ្នាំ​។ ពួកគេ​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​២៣​មិថុនា​មកម្ល៉េះ ក្រោយ​ចូលក្នុង​រូងភ្នំ​ឈ្មោះថា​ថាំ​ហ្លួង​ស្ថិតនៅក្នុង​ខេត្ដ​ឈៀង​រ៉ៃ​ហើយ​មិនបាន​ចេញ​មកវិញ​។ តែ​ទីបំផុត​ពួកគេ​ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​រកឃើញ​ហើយ កាលពី​យប់​ថ្ងៃទី​០២​កក្កដា​។​

ជា​បន្ដ​សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ទាក់ទង​នឹង​ហេតុការណ៍​នេះ ចាប់តាំងពី​ថ្ងៃ​ពួកគេ​បាត់​ខ្លួន​រហូតដល់​ថ្ងៃ​ក្រុម​ជួយសង្គ្រោះ​រកឃើញ​៖

​សំឡេង​៖

​ក្រោយ​ទទួលដំណឹង​បាត់​ខ្លួន​ភ្លាម ក៏មាន​ការចុះ​ស្វែងរក​នៅតាម​រូងភ្នំ​ប៉ុន្ដែ​រក​មិនឃើញ​ឡើយ​។ យុទ្ធនាការ​ស្វែងរក​ទ្រង់ទ្រាយ​ធំ​ក៏​ចាប់​ផ្ដើមឡើង ដោយមាន​ក្រុម​ជួយសង្គ្រោះ​ជាង​១​ពាន់​នាក់ មាន​ទាំង​ក្រុម​ជួយសង្គ្រោះ​ថៃ​និង​បរទេស​សហការគ្នា​។ ក្នុងនោះ​មានដូចជា​អ្នកជំនាញ​មកពី​អាមេរិក អង់គ្លេស អូស្ដ្រាលី ចិន​ជាដើម​។ ក្រុម​ជួយ​សង្គ្រោះបាន​ប្រើ​ឧបករណ៍​ទំនើបៗ​ក្នុង​ការស្វែងរក ក្នុងនោះ​មានដូចជា​ប្រើ​យន្ដហោះ​គ្មាន​មនុស្ស​បើក ប្រើ​មនុស្ស​យន្ដ​មុជទឹក ប្រើ​ម៉ាស៊ីន​ខួង​ថ្ម​បង្ហូរទឹក​និង​ធ្វើ​ផ្លូវ​ចូល​ច្រក​ដែល​ចង្អៀត​ក្នុង​រូងភ្នំ ប្រើ​ម៉ាស៊ីនស្កេន​រូងភ្នំ ប្រើ​សុនខ​ហិតក្លិន​ជាដើម​។ ចំណែក​ក្រុម​ស្វែងរក​មាន​អ្នកជំនាញ​មុជទឹក​មកពី​អង់គ្លេស អាមេរិក​ចូលរួម​ផងដែរ​។ 

​ការស្វែងរក​ត្រូវ​ជួប​ឧបសគ្គ​យ៉ាងខ្លាំង ដោយសារតែ​មាន​ភ្លៀង​ធ្លាក់​ធ្វើឲ្យ​ទឹកជន់​លិច​ក្នុ​ងរូង​ភ្នំ ហើយ​ទឹកបាន​បិទផ្លូវ​សំខាន់ៗ​មួយចំនួន តម្រូវឲ្យ​ក្រុម​ស្វែងរក​មុជ​ក្នុ​ងទឹក​ដើម្បី​ទៅរក​ក្មេងៗ​។ ការស្វែងរក​បាន​បន្ដ​អស់​រយៈ​ជាង​មួយ​សប្ដាហ៍​នៅតែ​គ្មាន​តម្រុយ​។ ក្រៅពី​ការប្រើប្រាស់​បច្ចេកទេស​ទំនើបៗ ក្រុមគ្រួសារ​ក្មេងៗ​និង​អ្នកស្រុក​អ្នកភូមិ​បាននាំគ្នា​បួងសួង​ដល់​អ្នកថែរក្សា​រូងភ្នំ សុំឲ្យ​បង្ហាញ​ផ្លូវ​ដល់​ពួកគេ​ត្រឡប់មកផ្ទះ​វិញ កុំ​ធ្វើបាប​ពួកគេ​ក្រែង​គេ​ធ្វើ​អ្វី​មិន​សមរម្យ​សូម​អធ្យាស្រ័យ​។ យ៉ាងណាមិញ​នេះ​ជា​ជំនឿ​ដែល​ប្រជាជន​ថៃ​ជឿ​។​

​ក្រុម​ជួយ​សង្គ្រោះបាន​ផ្លាស់ប្ដូរ​វេន​គ្នា​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ស្វែងរក​នៅ​កន្លែង​សំខាន់ៗ​ក្នុង​រូងភ្នំ លុះដល់​យប់​ថ្ងៃទី​០២​កក្កដា ទើប​អ្នក​មុជទឹក​ជនជាតិ​អង់គ្លេស​ពីររូប​បាន​រកឃើញ​មនុស្ស​ទាំង​១៣​នាក់​នៅ​មានជីវិត​ទាំងអស់ បង្ក​ការភ្ញាក់ផ្អើល​ជាថ្មី​ម្ដងទៀត​។ បង្ក​ការភ្ញាក់ផ្អើល​ដោយ​អ្នកខ្លះ​គិតថា​ក្មេងៗ​ទាំងនោះ​ស្លាប់​អស់​ទៅហើយ ព្រោះ​បាត់​ខ្លួន​១០​ថ្ងៃ​ហើយ​គ្មាន​អាហារ​បរិភោគ​ទៀត​។ តែ​ផ្ទុយទៅវិញ​ពួកគេ​នៅ​មានជីវិត ធ្វើឲ្យ​ប្រជាជន​ទូទាំងប្រទេស​ថៃ​និង​ពិភពលោក​សប្បាយចិត្ដ​យ៉ាងខ្លាំង ពិសេស​គឺ​ក្រុមគ្រួសារ​ជនរងគ្រោះ​។​

​អ្នកជំនាញ​មុជទឹក​អង់គ្លេស​ទាំង​ពីររូប​ដែល​រកឃើញ​ក្មេងៗ បាន​និយាយ​ឆ្លើយតប​ជាមួយ​ពួកគេ​ផងដែរ ដើម្បី​បញ្ជាក់ថា​ពួកគេ​នៅ​មានជីវិត​និង​មាន​សុវត្ថិភាព​ទាំងអស់គ្នា​។ 

​កិច្ចសន្ទនា​នោះ​គឺ​៖

​អ្នក​មុជទឹក​៖ លើកដៃ​អ្នក​ឡើងលើ​។​

​ក្មេងប្រុស​៖ អរគុណ​(​ជាមួយ​សំឡេង​យំ​)

​អ្នក​មុជទឹក​៖ តើ​ទាំងអស់គ្នា​មាន​ប៉ុន្មាន​នាក់​?

​ក្មេងប្រុស​៖ ១៣​នាក់​។​

​អ្នក​មុជទឹក​៖ ១៣​នាក់​?

​ក្មេងប្រុស​៖ បាទ បាទ​។​

​អ្នក​មុជទឹក​៖ ល្អ​ណាស់​។​

​ក្មេងប្រុស​៖ (​និយា​សំឡេង​លឺ​ខ្សោយ​ពិបា​កស្ដាប់​)

​អ្នក​មុជទឹក​៖ មិនមែន​ថ្ងៃនេះ​ទេ​។ យើង​មាន​គ្នា​តែ​ពីរ​នាក់​ប៉ុណ្ណោះ​។ យើង​ត្រូវ​មុជទឹក​ទៅវិញ​។ យើង​នឹង​មកវិញ​។ ទទួល​បានទេ មនុស្ស​ជាច្រើន​ទៀត​នឹង​មក​ទីនេះ យើង​គឺជា​អ្នក​មកដល់​ដំបូង​គេ ដូច្នេះ​នៅមាន​អ្នក​ផ្សេងទៀត​នឹង​មក​ទី​នេះដែរ​។​

​ក្មេងប្រុស​៖ ថ្ងៃ​ណា​?

​អ្នក​មុជទឹក​ទី​១៖ ថ្ងៃស្អែក​។​

​អ្នក​មុជទឹក​ទី​២៖ ទេ ទេ ថ្ងៃនេះ​ថ្ងៃ​អ្វី​?

​អ្នក​មុជទឹក​៖ ថ្ងៃ​ចន្ទ បាទ​ប៉ុន្ដែ​មួយ​សប្ដាហ៍​ហើយ​... អឺ ថ្ងៃ​ចន្ទ​។ អ្នក​ទាំងអស់គ្នា​បាន​នៅទីនេះ​១០​ថ្ងៃ​ហើយ​។ អ្នក​ទាំងអស់គ្នា​ពិតជា​រឹងមាំ​ណាស់​។​

​ក្មេងប្រុស​៖ (​និយាយ​ជា​ភាសា​ថៃ​) នរណា​ចេះ​ភាសា​អង់គ្លេស​សូមជួយ​បកប្រែ​ផង​។​

​ក្មេងប្រុស​ទី​២៖ (​និយាយ​ជា​ភាសា​ថៃ​) មិនអាច​ស្ដាប់​ពាក្យ​និយាយ​បានទេ​។​

អ្នក​មុជទឹក​៖ យើង​នឹង​មកវិញ​ម្ដងទៀត​។​

​ក្មេងប្រុស​៖ ពួកយើង​ឃ្លាន​។​

​អ្នក​មុជទឹក​៖ ខ្ញុំ​ដឹង​ហើយ ខ្ញុំ​ដឹង​ហើយ​។ ខ្ញុំ​យល់​ហើយ​។ យើង​នឹង​មកវិញ​។​

​ក្មេងប្រុស​ទី​១៖(​និយាយ​ជា​ភាសា​ថៃ​) ដំបូង​ពួកគេ​នឹង​ថត​រូបយើង​សិន​។​

​ក្មេងប្រុស​ទី​២៖ (​និយាយ​ជា​ភាសា​ថៃ​) ប្រាប់​ពួកគេ​ទៅ​ថា​យើង​ឃ្លាន​ណាស់​។​

​ក្មេងប្រុស​ទី​១៖ ខ្ញុំ​បាន​ប្រាប់​គាត់​ទាំងពីរ​នាក់​ហើយ ពួកគាត់​ដឹង​ហើយ​។​

​ក្មេងប្រុស​៖ តើ​ថ្ងៃ​ណា​អ្នក​មកជួយ​ខ្ញុំ​?

​អ្នក​មុជទឹក​៖ យើង​មក​ទីនេះ យើង​បាន​មុជទឹក​មក​ទីនេះ​សម្រាប់​... ថ្ងៃស្អែក​, យើង​នឹង​ជួយ​ទាំងអស់គ្នា​នៅ​ថ្ងៃស្អែក​។ ក្រុម​កងទ័ពជើងទឹក​នឹង​មក​នៅ​ថ្ងៃស្អែក​ដែរ ដោយ​យក​អាហារ និង​គ្រូពេទ្យ​មក​ជាមួយ​ផង ហើយ​...​។ ទាំងអស់គ្នា​មាន​ភ្លើង​ទេ​? យើង​នឹង​ឲ្យ​ភ្លើង​សម្រាប់​ពន្លឺ​ដល់​អ្នក​។ (​សំឡេង​មាន​នរណាម្នាក់​ចុះ​ក្នុង​ទឹក​)

​ក្មេងប្រុស​៖ ឆាប់​ឡើង​បងប្រុស លឿន​ឡើង​បង​។​

​អ្នក​មុជទឹក​៖ មើលទៅ​ពិតជា​ល្អ​ណាស់​។​

​ក្មេងប្រុស​៖ ខ្ញុំ​ពិតជា​សប្បាយ​ចិត្ដណាស់​។​

​អ្នក​មុជទឹក​៖ យើង​ក៏​សប្បាយចិត្ដ​ដែរ​។​

​ក្មេងប្រុស​៖ អរគុណ​អ្នក​ច្រើនណាស់​។​

​អ្នក​មុជទឹក​៖ បាទ​

​ក្មេងប្រុស​៖ តើ​អ្នក​មកពីណា​?

​អ្នក​មុជទឹក​៖ អង់គ្លេស ចក្រភព​អង់គ្លេស​។​

​ក្មេងៗ​ទាំងអស់​ត្រូវបាន​រក​ឃើញ​នៅលើ​ទីទួល​មួយ​ក្នុង​រូងភ្នំ​ថាំ​ហ្លួង ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ប៉ា​តា​យ៉ា និង​នៅ​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ​ពី​ច្រកចូល​រូងភ្នំ​ដែល​រូងភ្នំ​មាន​ប្រវែង​១០​គីឡូម៉ែត្រ​។​ក្រោយ​រកឃើញ​កងទ័ព​ថៃ​បាន​និយាយថា​មិនទាន់​អាច​យក​ពួកគេ​ចេញមកក្រៅ​ភ្លាមៗ​បានទេ ដោយសារតែ​ទឹក​លិច​ខ្លាំង​នៅក្នុង​រូងភ្នំ​។ ជំហាន​ដំបូង​ក្រុម​ជួយសង្គ្រោះ​ត្រូវ​នាំយក​ចំណីអាហារ និង​ថ្នាំពេទ្យ​ដើម្បី​ជួយ​ពួកគេ​សិន​ដោយ​គ្រូពេទ្យ​នឹង​ចូលទៅក្នុង​រូងភ្នំ​ដែរ​ដើម្បី​ពិនិត្យ​សុខភាព​ពួកគេ​។ យោធា​បញ្ជាក់​បន្ថែមថា ការផ្ដល់​អាហារ​ដល់​ពួកគេ​យ៉ាងហោចណាស់​ក៏មាន​រយៈពេល​បួន​ខែ​ដែរ​។ 

​រូងភ្នំ​ថាំ​ហ្លួង​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ជាធម្មតា​តែងតែ​លិច​ទឹក​នៅ​រដូវភ្លៀង​ធ្លាក់ ហើយ​រហូតដល់​ខែកញ្ញា​ឬ​ខែតុលា​ទើប​ទឹក​ស្រ​ក​។ ប្រសិនបើ​ចង់យក​ក្មេងៗ​ចេញ​មុនពេល​កំណត់ ពួកគេ​ត្រូវ​រៀន​ពី​ជំនាញ​មុជទឹក​ឲ្យបាន​ស្ទា​ត់សិន ដើម្បី​អាច​មុជ​ចេញពី​ច្រក​ដ៏​គ្រោះថ្នាក់​នៃ​រូងភ្នំ​ដែល​ទឹក​កំពុង​លិច​ខ្លាំង ។ តែ​ពេលនេះ​ពួកគេ​គ្មាន​កម្លាំង​គ្រប់គ្រាន់ ហើយក៏​មិន​ប្រាកដថា​ពួកគេ​អាច​មុជទឹក​បានដែរ​។ ការព្យាយាម​បូមទឹក​ចេញ​របស់​ក្រុម​ជួយសង្គ្រោះ​ក៏​មិន​ជោគជ័យ​ទៀត​។ ដូច្នេះ​ក្មេងៗ​ត្រូវ​ស្នាក់នៅ​ក្នុង​រូងភ្នំ​ជា​បណ្ដោះអាសន្ន រង់ចាំ​ការរក​មធ្យោបាយ​ពី​ក្រុម​ជួយសង្គ្រោះ​៕

ព័ត៌មានផ្សេងទៀត