ការការពារ និងកម្ចាត់មមាចត្នោត

03-07-2018 8:53 am 738

វដ្តជីវិត៖
- ក្នុងប្រព័ន្ធបរិស្ថានគេសង្កេតឃើញមានមមាចត្នោតពេញវ័យស្លាបវែង និងមមាចត្នោតពេញវ័យស្លាបខ្លីទាំងញី និងឈ្មោល ។
- ជាទូទៅ វត្តមានមមាចត្នោតស្លាបវែងពេញវ័យជាលើកដំបូងនៅក្នុងស្រែ បន្ទាប់មកនៅជំនាន់ក្រោយៗមកទៀត ទើបមានមមាចត្នោតស្លាបខ្លី ។
- មមាចត្នោតស្លាបខ្លីមិនអាចហើរបានទេ ប៉ុន្តែវាអាចរស់នៅ និងបង្កើតកូនចៅបាននៅក្នុងស្រែ ។ រីឯមមាចត្នោតស្លាបវែងអាចមានលទ្ធភាពផ្លាស់ទីស្វែងរកចំណីបាន ។
- ទំរង់ស្លាបវែងរបស់មមាចត្នោត អាចលូតលាស់នៅក្នុងដំណាក់កាលស្រូវទុំ ឬនៅពេលចំនួនមមាចទាំងនេះមានច្រើន ដើម្បីធ្វើការផ្លាស់ទីទៅស្រែដែលមានចំណី ។
- មមាចត្នោតញីស្លាបវែងអាចពងបាន ១០០ពង និងមមាចត្នោតស្លាបខ្លីអាចពងបាន ៣០០ពងក្នុងរយៈពេល២សប្តាហ៍នៃជីវិតរបស់វា ។
- ពងរបស់វាមានពណ៌ស ដោយពងដាក់ក្នុងស្រទបសឹ្លក ឬទ្រនុងស្លឹកជាកញ្ចុំរាងដូចស្និតចេកពី ៨-១៦ពង ។
- កូនរបស់មមាចត្នោតមានពណ៌ស នៅដំណាក់កាលដំបូង ហើយក្លាយជាពណ៌ត្នោតនៅពេលវាធំ ។

ស្នាមបំផ្លាញ៖
- ទាំងកូន និងមេចំណាស់ជញ្ជក់រុក្ខរសពីដើមស្រូវនៅផ្នែកគល់ ។
- គល់ស្រូវដុះផ្សិតស ហើយប្រែជាពណ៌ខ្មៅ ។
- ការបំផ្លាញរបស់វា បណ្តាលឱ្យដើមស្រូវស្រពោន ខ្លោច ហើយងាប់ ។
- មមាចត្នោតជាភ្នាក់ងារចម្លងជំងឺវីរុស តឿរួញស្លឹក និងតឿស្មៅ ។

វិធានការការពារ ៖
- ភ្ជួរលុបស្មៅ និងស្រូវដុះសារបន្ទាប់ពីច្រូតកាត់រួច អាចបំបាត់ប្រភពជំងឺវីរុស ។
- មិនត្រូវដាំដុះស្រូវលើសពី២ដងក្នុងមួយឆ្នាំ និងត្រូវទុកដីដាំស្រូវឱ្យទំនេរពីការដាំស្រូវ ដើម្បីកាត់បន្ថយចំណី និងជម្រករបស់វា ។
- ប្រើប្រាស់ជីអ៊ុយរ៉េក្នុងកម្រិតមធ្យម ដោយបាចជា៣ដំណាក់កាល ( ១ថ្ងៃមុនស្ទូង, សំណាបបែកគុម្ព និងកំណរកំណើតកួរ ) ។
- ប្រើពូជធន់ IR កេសរ ទងឈូក ខា៩ ស្រូវក្រហម អាយ៉ាភ្នំ ផ្លាស្លា ។
- ដាំដុះឱ្យស្របពេលគ្នា ។
- ដាំដុះដំណាំឱ្យដុះលូតលាស់ល្អ ។
- ថែរក្សាសត្វមានប្រយោជន៍ ស្រឹងគោក ពីងពាង ដង្កូវអណ្តើកមាស ស្រឹងទឹកជើងវែង ។
- ស្ទូងរង្វើល ដូចជាការធ្វើ ប.វ.ស ។
- ថ្នាលគ្របដោយស្បៃនៅពេលល្ងាចរហូតដល់ព្រលឹម ដើម្បីការពារមមាចត្នោត ព្រោះវាធ្វើការផ្លាស់ទីនៅពេលល្ងាច ។

វិធានការកម្ចាត់ ៖
- ធ្វើមុនពេលដាំដុះប្រើប្រាស់យុទ្ធសាស្រ្តគេច ។ តាមដានប្រជាកររបស់វា ដោយប្រើអន្ទាក់ភ្លើង ។ ដាក់អន្ទាក់ភ្លើងពីម៉ោង ៥:៣០ ឬ៦:០០ល្ងាច រហូតដល់ម៉ោង ៨:៣០ ឬ៩:០០យប់ បន្ទាប់មកធ្វើការប្រមូលយកមមាចត្នោតដែលចូលក្នុងអន្ទាក់មករាប់ និងកត់ត្រាទិន្នន័យទុកជារៀងរាល់ថ្ងៃ ក្នុងករណីបរិមាណវាឡើងខ្ពស់សូមកុំទាន់សាប ដោយរងចាំរហូតដល់ប្រជាកររបស់វាថយចុះ ។ ប៉ុន្តែនៅពេលចំនួនមមាចត្នោតមានការថយចុះ យើងចាប់ផ្តើមធ្វើការត្រាំគ្រាប់សាប ។
- បង្ហូរទឹកចេញ ទុកស្រែឱ្យស្ងួត ២-៣ថ្ងៃ ទើបដាក់ទឹកចូលវិញ ។
- ពន្លិចទឹកឱ្យលិចចុងស្រូវ ឬបង្គាបស្រូវ ដោយធ្វើការអូសដោយស្បៃមុង ។
- បើខ្សាច់ប្រឡាក់ប្រេងម៉ាស៊ីនចាស់ៗ យកវាទៅបាចក្នុងទឹកស្រែកុំឱ្យប៉ះដើមស្រូវ វាស់លើដើមស្រូវ ដើម្បីឱ្យមមាចធ្លាក់ពីដើមស្រូវទៅក្នុងទឹក ហើយបង្ហូរទឹកនេះទៅស្រែដទៃ ក្នុងករណីមានការបំផ្លាញដោយធ្វើតាមរបៀបខាងលើ ។
- ប្រើ Butil ប្រឆាំងកាសក ប្រើសម្រាប់មមាចនៅដំណាក់កាលកូន ។
- ប្រើអន្ទាក់ភ្លើងឱ្យឆ្ងាយពីស្រែ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ) 

ព័ត៌មានផ្សេងទៀត