លោក​ហ៊ុន សែន​ថា ​អ្នក​បំភ្លៃ​ព័ត៌​មាន​អំពី​​“​ទឹកខ្មៅ​”​​ជា​អំពើ​ក្បត់​​ជាតិ​​

02-07-2018 12:44 pm 1058
  ស្តាប់
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស មិត្តភាព​កម្ពុជា​-​ចិន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​បញ្ជា​ដល់​សមត្ថកិច្ច និងអាជ្ញាធរ​ត្រូវ​ឃ្លាំមើល​សកម្មភាព​ ក្រុម​ដែល​កំពុង​ដើរ​ខ្សឹប ប្រាប់​ប្រជាពលរដ្ឋ​ថា ទឹកខ្មៅ​ជ្រលក់​ដៃ​ នៅក្នុង​ថ្ងៃ​បោះឆ្នោត អាច​បណ្តាលឱ្យ​ស្លាប់​២៤​ម៉ោង​ក្រោយ​ជ្រលក់​ដៃ​។​ បើតាម​នាយករដ្ឋមន្ត្រី អ្នក​បំភ្លៃ​ព័ត៌មាន​អំពី​“​ទឹកខ្មៅ​” ជា​អំពើ​ក្បត​់ជាតិ ហើយ​ត្រូវ​នាំខ្លួន​មក​ផ្តន្ទារ​ទោស​តាមច្បាប់​។

​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស មិត្តភាព​កម្ពុជា​-​ចិន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ចាត់វិធានការ​ចំពោះក្រុម ឬ​ ​អង្គការ​សង្គម​ស៊ីវិល ដែល​លោក​មិន​បញ្ចេញ​ឈ្មោះថា បាន​កំពុងមាន​គម្រោង​ដើរ​ខ្សឹប​ញុះញង់​ប្រាប់​ប្រជាពលរដ្ឋ​ថា ទឹកខ្មៅ​ជ្រលក់​ដៃ​សម្រាប់ ថ្ងៃ​បោះឆ្នោត អាណត្តិ​ទី​៦ អាច​បណ្តាលឱ្យ​ស្លាប់​២៤​ម៉ោង​ ក្រោយ​ជ្រលក់​ដៃ​រួច​។​

​បើតាម​លោក​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​ មាន​ការផ្សាយ​ព័ត៌មាន​ឆបោក តាម​បណ្តាញ​សង្គម​បាន​និយាយថា ​នៅក្នុងពេល​បោះឆ្នោតជាតិ​ខាងមុខនេះ គឺមាន​ទឹកខ្មៅ​ពីរ​ប្រភេទ ដែល​នឹង​យកមកប្រើ​គឺ​១)​ទឹកខ្មៅ​ជ្រលក់​ដៃ​ធម្មតា និង ២)​ទឹកខ្មៅ​ដែល​ជ្រលក់​ដៃ​ហើយ ​គឺ​នឹងធ្វើ​អោយស្លាប់​ភ្លាម​ក្នុង​២៤​ម៉ោង​។​

​សម្រាប់​លោក​ហ៊ុន សែន ​ព័ត៌មាន​ខាងលើនេះ មាន​ចេតនា​បង្ក​ចលាចល អសន្តិសុខ និង​សណ្តាប់ធ្នាប់​ដល់​ប្រទេសជាតិ​ និង​បំភ័យ​ប្រជាជន​កុំឱ្យ​ទៅ​បោះឆ្នោត​ នៅក្នុង​ថ្ងៃ​បោះឆ្នោតជាតិ​ខាងមុខនេះ​។​ លោក​ថា នេះ​គឺជា​សកម្មក​ភាព​ដែល​ចាត់ទុកជា​អំពើ​ឧក្រិដ្ឋ និង ជា​បទល្មើស​មិនអាច​អត់ឱន​បាន​ជាដាច់ខាត​។

​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិន​បានបញ្ជាក់​ឱ្យឈ្មោះ​ជា ក្រុម ឬ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​នោះទេ​។ ប៉ុន្តែ​លោក​ថា ក្រុម​ដែល​លោក​បានលើកឡើង​នៅថ្ងៃនេះ គឺ​លោក​បាន​ស្គាល់​ច្បាស់ ព្រោះ​កាលពី​ការបោះឆ្នោតជាតិ​កាលពី​ឆ្នាំ ២០១៣​កន្លងទៅ​ក្រុម​នេះ ក៏បាន​លើកឡើងថា ទឹក​ថ្នាំ​ពណ៌​ខ្មៅ​អាច​លុប​ជ្រះ​ផងដែរ​។​

​បើទោះបីជា ការ​ថ្លែង​មិន​ចំ​ថា​ជា​ក្រុម ឬ​អង្គការ​ណាមួយ តែ​គេ​កំពុង​សង្ស័យថា អាច​សំដៅលើ បន្ទប់​ស្ថានការណ៍​ឃ្លាំមើល​ការបោះឆ្នោត ដែល​ធ្លាប់​បង្កើត​កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧​។ បន្ទប់​ស្ថានការណ៍ គឺជា​បណ្តុំ​សង្គម​ស៊ីវិល​ចំនួន​ជាង​៤០ ដែល​បង្កើតឡើង ដើម្បី​ឃ្លាំមើល​ពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ ប៉ុន្តែ​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ ក្រុម​បន្ទប់​ស្ថានការណ៍ មិន​ចូលរួម​ទេ ដោយសារតែ​មិនមាន​ការចូលរួម ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​។​

​កន្លងទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ធ្លាប់បាន​បញ្ជា​ឱ្យ​ក្រសួងមហាផ្ទៃ បើក​ការស៊ើបអង្កេត លើ​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍​នេះ ម្តង​រួចទៅហើយ ដោយ​លោក​យល់ឃើញថា បន្ទប់​ស្ថានការណ៍​ឃ្លាំមើល​ការបោះឆ្នោត​គឺជា​ដៃជើង​របស់​គណបក្សប្រឆាំង ព្រោះ​បានចេញ​សេចក្តីថ្លែងការណ៍​ក្នុងន័យ​ស្រដៀង​គ្នា និង​ចាត់ទុក​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​កន្លងទៅ​ថា ​គ្មាន​សេរីភាព​ពេញលេញ និង​មិន​យុត្តិធម៌​។​

​ជា​ការឆ្លើយតប​នៅពេលនោះ ​បន្ទប់​ស្ថានការណ៍​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ​ដោយ​ពន្យល់​ពី​តួនាទី​ និង​គោលបំណង​របស់ខ្លួន​ថា​ គឺ​បង្កើតឡើង​ដើម្បី​ដាក់ពង្រាយ​អ្នកសង្កេតការណ៍ ​ក្នុងស្រុក​នៅ​ថ្ងៃ​បោះឆ្នោត​ដោយមាន​ការទទួលស្គាល់​ពី​គ​.​ជ​.​ប ចែករំលែក ​និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ទាក់ទង​ការបោះឆ្នោត និង​វាយតម្លៃ​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​ផ្អែកលើ​បទដ្ឋាន​ច្បាប់​ជាតិ​និង​អន្តរជាតិ​តែប៉ុណ្ណោះ​។​

​តែ​យ៉ាងណាក៏ដោយ នៅថ្ងៃនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ប្រសិនបើ ផែនការ ​២៣ ​កក្កដា​នេះ ​គ្រោង​ធ្វើ​ប្រាកដ​មែន លោក​ថា កុំ​ធ្វើ​ឱ្យសោះ ហើយ អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​សកម្មភាព​ទាំងអស់ ព្រោះ​រឿងនេះ ជា​អំពើ​បំផ្លាញ​ប្រជាជន​និង​ប្រទេសជាតិ​។ លោក​ថា ចំពោះ​អំពើ​នេះ​បើ​បរទេស​ណា​គាំទ្រ​មិនបាច់​ធ្វើជា​ប្រទេស​ប្រជាធិបតេយ្យ​នោះទេ​៕

 

ព័ត៌មានផ្សេងទៀត